website_news:2021170805

ពលករខ្មែររាប់រយនាក់ចាប់ផ្តើមវិលចូលស្រុក ខណៈដែលអាជ្ញាធរតាមព្រំដែនកំណត់វិធានការតឹងរឹង

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 14/08/2021 - 09:05

តាមគម្រោងនៃការបើកច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ នៅថ្ងៃទី១៣សីហាម្សិលមិញ ខេត្តនៅតាមបណ្តាខ្សែបន្ទាត់ព្រំដែនបានចាប់ផ្តើមទទួលពលករខ្មែរជាបន្តបន្ទាប់មកក្នុងប្រទេសវិញ។ នៅចំពោះមុខនៃការវិលចូលវិញរបស់ពលករ អាជ្ញាធរនៅតាមព្រំដែនបានកណត់នូវវិធានការសុខាភិបាលយ៉ាងតឹងរឹងដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩។ តាមអាជ្ញាធរខេត្ត ពលករទាំងអស់ត្រូវឆ្លងកាត់ការធ្វើតេស្តសំណាករហ័សរួចបញ្ជូនទៅកាន់ទីតាំងធ្វើចត្តាឡីស័ក ហើយជាបន្ទាប់រាល់សំណាកទាំងអស់នឹងបញ្ជូនមករាជធានីភ្នំពេញដើម្បីធ្វើតេស្តបន្ត រកវីរុសកូវីដ-១៩ប្រភេទ«ដែលតា»។

ពីខេត្តបាត់ដំបង លោកអភិបាលងួន រតនៈ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃសៅរ៍ទី១៤សីហានេះថា ខេត្តបានទទួលពលករចំនួន៣៩៨នាក់ តាមច្រកព្រំដែនអន្តរជាតិអូរអន្លក់ក្នុងស្រុកកំរៀង និងតំបន់ច្រករបៀងក្នុងស្រុកសំពៅលូន ក្រោយការបើកច្រកព្រំដែនជាមួយនឹងប្រទេសថៃឡើងវិញកាលពីថ្ងៃទី១៣សីហាម្សិលមិញ។ ពលករខ្មែរទាំង៣៩៨នាក់នោះត្រូវបានធ្វើតេស្តរហ័សភ្លាមៗ ហើយជាលទ្ធផលមានពលករខ្មែរចំនួន២១នាក់មានវិជ្ជមានកូវីដ-១៩ ក៏ប៉ុន្តែលោកងួន រតនៈ មិនអាចបញ្ជាក់បានទេថាអ្នកវិជ្ជមានកូវីដ-១៩ទាំង២១នាក់នោះ មានប្រភេទ«ដែលតា»ឬយ៉ាងណា ព្រោះត្រូវបញ្ជូនសំណាកមកពិនិត្យបន្តនៅរាជធានីភ្នំពេញ។ ដោយឡែកសម្រាប់ពលករដែលចូលមកថ្ងៃនេះវិញ លោកថាមិនទាន់មានតួលេខបូកសរុបនៅឡើយនោះទេ។ នៅចំពោះមុខនៃការទទួលពលករខ្មែរចូលមកវិញជាគំហុកនេះ អភិបាលខេត្តបាត់ដំបងបានអះអាងពីវិធានការរដ្ឋបាលនិងវិធានការសុខាភិបាលយ៉ាងតឹងរឹងនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ដោយតម្រូវឲ្យមានការធ្វើតេស្តសំណាក និងយាមល្បាតតាមច្រកព្រំដែនជាពិសេសនៅតាមច្រករបៀងនៃខេត្តបាត់ដំបង។ បើតាមលោក ងួន រតនៈ អាជ្ញាធរខេត្តនឹងទទួលពលករទាំងអស់ដែលចូលមកតាមច្រកនៃខេត្តបាត់ដំបង ទៅដាក់នៅទីតាំងចត្តាឡីស័កតាមបណ្តាស្រុក ដែលបានត្រៀមស្រាប់ក្នុងការទុកដាក់ពលករបានប្រមាណ៨ពាន់នាក់ ហើយជាការអំពាវនាវលោកស្នើឲ្យពលករទាំងអស់សហការជាមួយអាជ្ញាធរ ដើម្បីឲ្យវិធានការទាំងអស់មានប្រសិទ្ធិភាព។

ដោយឡែកពីខេត្តឧត្តរមានជ័យឯណោះវិញ លោកឌី រ៉ាដូ អភិបាលរងខេត្តបានបញ្ជាក់ប្រាប់ដែរថា នៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ កាលពីម្សិលមិញមានពលករខ្មែរតែ៧១នាក់ប៉ុណ្ណោះ ដែលបានរង់ចាំនិងចូលមកកម្ពុជា វិញ។ ក្នុងនោះដែរ តាមរយៈការយកសំណាកភ្លាមៗ មានពលករម្នាក់មានវិជ្ជមានកូវីដ-១៩។

ទាំងខេត្តបាត់ដំបង ទាំងខេត្តឧត្តរមានជ័យ សុទ្ធតែបានអះអាងថា ខេត្តនឹងទទួលពលករឲ្យចូលមកកម្ពុជា ដោយមិនមានកំណត់ចំនួនថានឹងទទួលត្រឹមចំនួនប៉ុន្មានជាប្រចាំថ្ងៃនោះទេ។ ពោលគឺច្រកព្រំដែននឹងទទួលពលករខ្មែរទាំងអស់ ទាំងស្របច្បាប់និងមិនស្របច្បាប់ រហូតដល់ច្រកព្រំដែនត្រូវបិទនៅម៉ោង៦ល្ងាច។

គួរបញ្ជាក់ថា ខេត្តចំនួន៨រួមមាន បាត់ដំបង ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ពោធិ៍សាត់ កោះកុង និងសៀមរាប ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជាសម្រេចឲ្យរៀបចំបើកទទួលពលករខ្មែរមកក្នុងស្រុកវិញនៅថ្ងៃទី១៣សីហាម្សិលមិញ បន្ទាប់ពីមានការបិទខ្ទប់រយៈពេល១៤ថ្ងៃកន្លងទៅ។ ជាវិធានការចំពោះមុខនេះ ខេត្តទាំងនោះបានរៀបចំទីតាំងចត្តាឡីស័ក ទីតាំងសម្រាកព្យាបាល និងការចាក់វ៉ាក់សាំងដូសទី៣ដល់បណ្តាក្រុមជួរមុខ ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩ ជាពិសេសប្រភេទ«ដែលតា»៕

website_news/2021170805.txt · Last modified: 2021/08/17 10:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki