website_news:2021170903

នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ពីបទប្រទូស្តកេរ្តិ៍ខ្មាស ទៅលើក្មេងស្រីអាយុ១១ឆ្នាំ

http://cambodiapolice.com/policekh/ 5:34 pm 15 កញ្ញា 2021

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ស្រវឹងស្រាថ្នាំបានប្រព្រឹត្តអំពើល្មើស(ប្រទូស្តកេរ្តិ៍ខ្មាស) ទៅលើក្មេងស្រីម្នាក់អាយុ១១ឆ្នាំ ត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធី នៅថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២១នេះហើយ ។ លោកវរសេនីយ៍ឯកឡាយ គឹមលួន នាយការិយាល័យ នរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអមនីតិជន បានឲ្យដឹងថា៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនរបាលខេត្តបន្ទាយមានជ័យ និងដោយមានការសម្របសម្រួលពីឯកឧត្តម កើត សុណ្ណារ៉េត ព្រះរាជអាជ្ញាធរ អមសាលាដំបូងខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកអូរជ្រៅឃាត់ខ្លួន ឈ្មោះ សុខ វង្ស ភេទប្រុសអាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅភូមិស្វាយលួង ឃុំស្វាយលួង ស្រុកកន្តៀង ខេត្តពោធិសាត់ ជាពលករមកពីប្រទេសថៃ ស្នាក់នៅធ្វើចត្តាឡីស័កមណ្ឌលនៅវិទ្យាល័យកូប ស្ថិតក្នុងភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។នៅថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៤ទាបភ្លឺ ជននេះពាក់ព័ន្ធករណីប្រទូស្តកេរ្តិ៍ខ្មាសទៅលើក្មេងស្រីងអាយុ១១ឆ្នាំ នៅមណ្ឌលចត្តាឡីស័កបន្ទប់ដេកជាមួយគ្នា ត្រូវឃាត់ខ្លួន តាមបណ្តឹងបងស្រីក្មេងស្រីរងគ្រោះ ដែលបានភ្ញាក់ទាន់ឃើញពីសកម្មភាពរបស់ជនសង្ស័យបានប្រព្រឹត្តទៅលើប្អូនស្រីរបស់ខ្លួន ។

លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនប្រឆាំងការជួញដូរនិងការពារអនីតិជន បានឲ្យដឹងថា៖ជនសង្ស័យ មកពីប្រទេសថៃតាមច្រកអូរបីជាន់ មកធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យកូប នៅថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០២១ ស្នាក់អគាបន្ទប់លេខ០៦ ដែលមានមនុស្សប្រុស ស្រីចំនួន២៥នាក់ រូបគេ រួមទាំងក្មេងស្រីរងគ្រោះនិងបងស្រីរបស់គេដេកទលក្បាលគ្នា ។ នៅមុនពេលកើតហេតុល្ងាចថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០២១ រូបគេនិងអ្នកស្នាក់នៅអគារជាមួយគ្នាចំនួន០៨នាក់ (មិនស្គាល់ឈ្មោះ) បានផឹកស្រាថ្នាំដែលឲ្យគេទិញមកឲ្យទម្លាក់ទុកនៅរបងសាលា ដោយផឹកផងរាំលេងផង អស់ស្រាចំនួន០៦ដបទឹកសុទ្ធ រហូតដល់ម៉ោង១០យប់ទើបបែកទៅដេករៀងៗខ្លួន ។នៅវេលាម៉ោង០៣ទាបភ្លឺក៏បានយកដៃលូករាវលើខ្លួនប្រាណក្មេងស្រីនោះរយៈពេលប្រហែល០១ម៉ោងខណៈដែលក្មេងស្រីនោះដេកលក់ដោយពុំដឹងខ្លួន តែជាអុសលក៏ត្រូវបងស្រីនាងភ្ញាក់ទាន់ស្រែកឡូឡានិងប្តឹងគ្រូពេទ្យ និងសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។ លោកស្រី ឧត្តមសេនីយ៍ស្នងការរង បានបញ្ជាកិ់ថា៖ផ្អែកតាមបណ្តឹងរបស់បងស្រីក្មេងស្រីរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ ។នគរបាលជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានកសាងសំណុំរឿងបញ្ជូនជនទៅសាលាដំបូងចាត់ការតាមនិតិវិធីហើយដែរ ៕

website_news/2021170903.txt · Last modified: 2021/09/17 15:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki