website_news:2021170906

ពលរដ្ឋខ្មែរប្រយ័ត្នចាញ់បោក! អូស្ត្រាលីមិនទាន់ឱ្យគម្រោងទិដ្ឋាការ “កសិកម្ម” ថ្មី ទៅប្រទេសណាទេ

https://www.kampucheathmey.com/ ថ្ងៃព្រហស្បតិ៍ ១៦ កញ្ញា ២០២១ដោយ KC Virak

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសអូស្ត្រាលីបានអះអាងថា ថ្មីៗនេះមានសារព័ត៌មាន បណ្តាញសង្គម ក្រុមហ៊ុនឯកជន និងបុគ្គលមួយចំនួន បានដើរបំផុសបំផុលផ្តល់ពត៌មានពុំច្បាស់លាស់ និងបំភ្លៃការពិត ក្នុងចេតនាបោកប្រាស់ ក្នុងការជ្រើសរើសពលករខ្មែរមកធ្វើការនៅប្រទេសអូស្ត្រាលី (Australia) ក្រោមគម្រោងទិដ្ឋាការ “កសិកម្ម” ថ្មី (Australian Agriculture Visa) របស់ប្រទេសអូស្ត្រាលី។ ដើម្បីជៀសវាងការចាញ់បោកជនខិលខូចឆ្លៀតឱកាស ស្ថានទូតបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលអូស្ត្រាលី តាមរយៈក្រសួងការបរទេស ក្រសួងមហាផ្ទៃ និងក្រសួងកសិកម្មអូស្ត្រាលី កំពុងពិភាក្សានៅឡើយ លើការរៀបចំគម្រោងទិដ្ឋាការ “កសិកម្ម” ថ្មី ជាមួយនឹងការកំណត់លក្ខខ័ណ្ឌផ្សេងៗក្នុងការទទួលបានទិដ្ឋាការនេះ។ គម្រោងទិដ្ឋាការកសិកម្មថ្មីនេះ នឹងផ្ដល់ឱកាសដល់ពលរដ្ឋប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាចមកធ្វើការនៅប្រទេសអូស្ត្រាលី លើវិស័យមួយចំនួនរួមទាំង វិស័យឧស្សាកម្មកែច្នៃសាច់ (Agroature sector including meat processing) ជាមួយនឹងការផ្ដល់ឱកាសអាចស្នើសុំសិទ្ធរស់នៅអចិន្ត្រៃយ៍ ក្នុងករណីពលករនោះ បំពេញបានតាមលក្ខខ័ណ្ឌ និងមានតម្រូវការជាក់ស្តែងពីរដ្ឋាភិបាលអូស្ត្រាលី។ តាមគម្រោងទិដ្ឋាការថ្មីនេះ នឹងពិភាក្សាចប់សព្វគ្រប់នៅចុងខែកញ្ញា ឆ្នាំ២០២១ ខាងមុខ។ ជាមួយគ្នានេះ រដ្ឋាភិបាលអូស្ត្រាលី នឹងធ្វើការពិភាក្សាចរចាទ្វេភាគី ជាមួយប្រទេសដៃគូរមួយចំនួននៅក្នុងតំបន់លើគម្រោងទិដ្ឋាការថ្មីនេះ។

ស្ថានទូតបានបញ្ជាក់ផងដែរថា ក្រោមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកទីផ្សារការងារជូនពលករខ្មែរកន្លងមក ស្ថានទូតបានខិតខំស្វះស្វែងរកទីផ្សារការងារជូនបងប្អូនខ្មែរទាំងនៅប្រទេសអូស្ត្រាលី ក៏ដូចជាប្រទេសនូវែលហ្សេឡង់ តាមរយៈការជួបពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់រដ្ឋាភិបាល ប្រទេសនិមួយៗជាបន្តបន្ទាប់។ ចំពោះតម្រោងទិដ្ឋាការកសិកម្មថ្មីនេះ ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងកិច្ចសហការគាំទ្រពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ស្ថានទូតបានត្រៀមខ្លួនជាស្រេចក្នុងការបន្តជួបចរចារកទីផ្សារការងារជូនពលរដ្ឋខ្មែរជាមួយរដ្ឋាភិបាលអូស្ត្រាលី។ ស្ថានទូតបញ្ជាក់ជាថ្មីថា មកទល់ពេលនេះគម្រោងទិដ្ឋាការកសិកម្មនេះ កំពុងស្ថិតក្នុងដំណាក់កាលរៀបចំនៅឡើយ ហើយរដ្ឋាភិបាលអូស្ត្រាលីនៅពុំទាន់សម្រេចថា នឹងផ្តល់ទិដ្ឋាការប្រភេទនេះជូនកម្ពុជា ឬប្រទេសណាមួយនៅឡើយទេ។ ហេតុនេះ ស្ថានទូតស្នើបងប្អូនប្រុងប្រយ័ត្នខ្ពស់ចំពោះរាល់ការផ្សព្វផ្សាយព័ត៌មានពីការជ្រើសរើស និងការបញ្ជូនពលករខ្មែរមកធ្វើការនៅប្រទេសអូស្ត្រាលី ដោយទីភ្នាក់ងារជ្រើសរើស បុគ្គល ឬអង្គភាពណាមួយ។ ជាមួយគ្នានោះ ស្ថានទូតបានប្រាប់ឱ្យប្រជាពលរដ្ឋ តាមដានព័ត៌មានផ្លូវការជុំវិញវឌ្ឍនភាពគម្រោងទិដ្ឋាការកសិកម្មថ្មីនេះ នៅលើគេហទំព័រផ្លូវការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ស្ថានទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី (https: www.embassyofcambodi.ogr) ឬក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា៕ កោះកែវ

website_news/2021170906.txt · Last modified: 2021/09/17 15:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki