website_news:2021170907

សង់ត្រាល់ស្នើរដ្ឋាភិបាលកែសម្រួលគោលនយោបាយ និងវិធានការ ដើម្បីឆ្លើយតបកង្វល់ពលករខ្មែរចំណាកស្រុក

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 16/09/2021 - 13:33

អង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) នៅថ្ងៃទី១៦ ខែកញ្ញានេះ បានចេញផ្សាយរបាយការណ៍មួយ ស្តីពីបញ្ហាប្រឈមរបស់ពលករកម្ពុជា ក្នុងអំឡុងពេលនៃការផ្ទុះរាលដាលជំងឺកូវីដ-១៩។ នៅក្នុងរបាយការណ៍កំរាស់៤០ទំព័រនេះ សង់ត្រាល់បានរំលេចពីក្តីកង្វល់ និងបញ្ហាប្រឈមជាក់ស្តែង ដែលពលករកម្ពុជាកំពុងជួបប្រទះនៅក្នុងប្រទេសថៃ។ អង្គការសង់ត្រាល់ ក៏បានស្នើឲ្យភាគីពាក់ព័ន្ធ កែសម្រួលគោលនយោបាយ ច្បាប់ និងវិធានការនានា ដើម្បីធានាបាននូវដំណោះស្រាយ ដែលមានប្រសិទ្ធភាព ឆ្លើយតបនឹងកង្វល់របស់ពលករ។ នៅអំឡុងពេលនៃការផ្ទុះកូវីដ១៩ ពលករនិងសាច់ញាតិរបស់ពលករ ជួបបញ្ហាប្រឈមជាច្រើន ដូចជា ការបញ្ចប់កិច្ចសន្យាការងារដោយអយុត្តិធម៌ពីថៅកែថៃ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការជួញដូរមនុស្ស ការប្រើប្រាស់អំពើហិង្សា កង្វះស្បៀងអាហារព្រោះគ្មានការងារធ្វើ និងផលប៉ះពាល់ពីការបិទខ្ទប់របស់រដ្ឋាភិបាលថៃជាដើម។ នេះបើតាមរបាយការណ៍របស់ អង្គការសង់ត្រាល់។ របាយការណ៍ដដែលក៏បានបង្ហាញផងដែរ អំពីភាពលំអៀងក្នុងកិច្ចគាំពារផ្សេងៗ រួមមាន ការមិនទទួលបានការគិតគូរពីរដ្ឋាភិបាលថៃលើការធ្វើតេស្តរកវីរុសកូវីដលើពលករជនជាតិខ្មែរ ដែលធ្វើឲ្យទំហំនៃការរីករាលដាលក្នុងតំបន់ពួកគេរស់នៅកាន់តែកើនឡើង។ ឯយុទ្ធនាការចាក់វ៉ាក់សាំងលើក្រុមពលករចំណាកស្រុក ក៏មិនទាន់មានគោលការណ៍ជាក់លាក់ណាមួយនៅឡើយ។ បើទោះបីជា ភាគីថៃបានចេញនូវវិធានការបិទខ្ទប់ជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលទ្រង់ទ្រាយធំ រីឯភាគីកម្ពុជាឯណេះវិញក៏បានប្រកាសផ្ដល់ជំនួយដល់ពលករដែលខ្វះខាត និងប្រកាសបើកព្រំដែនទទួលយកពលករឡើងវិញក៏ដោយ ក៏អង្គការសង់ត្រាលអះអាងថា ការឆ្លើយតបទាំងនេះ នៅតែមិនទាន់គ្រប់ជ្រុងជ្រោយ និងបានស្នើឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ បន្ថែមនូវគោលនយោបាយក្នុងការដោះស្រាយបញ្ហាទាំងនេះ។ សំណើនោះរួមមានជាអាទិ៍ បន្ថែមកិច្ចសហការតាមរយៈស្ថានទូត ការណែនាំដល់និយោជកដើម្បីចៀសវាងការរំលោភសិទ្ធមនុស្ស ការសម្រួលលើភាពស្មើគ្នានៃការទទួលបានការគាំពាសុខភាព ពង្រឹងនូវផាសុកភាពក្នុងមណ្ឌលចត្តាឡីស័ក និងមធ្យោបាយធ្វើដំណើរវិលត្រឡប់ចូលស្រុករបស់ពលករ។ល។

គួរបញ្ជាក់ថា សព្វថ្ងៃនេះ ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ទាំងមានឯកសារ និងមិនមានឯកសារ មានចំនួនចន្លោះពី ១,៨លាននាក់ ទៅ ២លាននាក់។ ពួកគេទាំងនោះ កំពុងបំរើការងារនៅក្នុងវិស័យផ្សេងៗនៅក្នុងប្រទេសថៃ មានជាអាទិ៍ វិស័យសំណង់ ឧស្សាហកម្មម្ហូបអាហារ គ្រឿងអេឡិចត្រូនិក ឧស្សាហកម្មនេសាទ កសិកម្ម សេវាកម្ម និងអ្នកធ្វើការតាមផ្ទះ៕

website_news/2021170907.txt · Last modified: 2021/09/17 15:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki