website_news:2021171101

ទោះបានជាប់ទៅធ្វើការនៅជប៉ុន តែពលករខ្មែរ ត្រូវអនុវត្តតាមប៉ុន្មានចំណុចនេះសិន!

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ បានចេញសេចក្តីជូនដំណឹងស្តីពីនីតិវិធីសម្រាប់កម្មសិក្សាការី-ពលករជំនាញកម្ពុជា ទៅធ្វើការនៅប្រទេសជប៉ុន ស្របតាមវិធានការព្រំដែនថ្មីរបស់រដ្ឋាភិបាលជប៉ុន។ ក្នុងសេចក្តីជូនដំណឹង ក្រសួងការងារបានជម្រាបទៅដល់សាធារណជន ទីភ្នាក់ងារជ្រើសរើសឯកជន និងកម្មសិក្សាការី-ពលករជំនាញ ដែលត្រៀមចេញដំណើរទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ ឱ្យបានជ្រាបថា រដ្ឋាភិបាលនៃប្រទេសជប៉ុន បានសម្រេចអនុញ្ញាតឱ្យជនបរទេស រួមទាំងកម្មសិក្សាការី-ពលករជំនាញកម្ពុជា ចូលប្រទេសជប៉ុនឡើងវិញ ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ដោយត្រូវអនុវត្តទៅតាមនីតិវិធីដូចខាងក្រោម៖

សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនត្រូវ៖ ១. សហការជាមួយក្រុមហ៊ុនទទួល ឬសមាគមនៅប្រទេសជប៉ុន ដើម្បីស្នើសុំលិខិតអនុញ្ញាតសម្រាប់កម្មសិក្សាការី-ពលករជំនាញចូលប្រទេសជប៉ុន ដែលចេញដោយក្រសួង ឬភ្នាក់ងារមានសមត្ថកិច្ចនៃប្រទេសជប៉ុន និង២. ត្រូវភ្ជាប់បន្ថែមនូវលិខិតអនុញ្ញាតសម្រាប់កម្មសិក្សាការី-ពលករជំនាញចូលប្រទេសជប៉ុន នៅពេលស្នើសុំទិដ្ឋាការជូនកម្មសិក្សាការី-ពលករជំនាញ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ដោយឡែក កម្មសិក្សាការី-ពលករជំនាញត្រូវ៖ ១. មានវិញ្ញាបនបត្របញ្ជាក់លទ្ធផលតេស្ដកូវីដ១៩ អវិជ្ជមាន ក្នុងរយៈពេល ៧២ម៉ោង មុនពេលចាកចេញទៅប្រទេសជប៉ុន។ ២. បំពេញកិច្ចសន្យាអនុវត្តវិធានការចត្តាឡីស័ក ដែលតម្រូវដោយរដ្ឋាភិបាលនៃប្រទេសជប៉ុនមុនពេលចាកចេញទៅប្រទេសជប៉ុន។ ៣. ទាញយក និងចុះឈ្មោះក្នុងកម្មវិធី Covid-19 Contact-Confirming Application ក្នុងទូរស័ព្ទដៃមុនពេលចាកចេញទៅប្រទេសជប៉ុន។ ៤. ផ្តល់កិច្ចសន្យាអនុវត្តវិធានការចត្តាឡីស័ក ជូនការិយាល័យទទួលបន្ទុកអនុវត្តចត្តាឡីស័កនៅអាកាសយានដ្ឋានប្រទេសជប៉ុន និង៥. អនុវត្តការធ្វើចត្តាឡីស័ក ទៅតាមវិធានការរបស់រដ្ឋាភិបាល នៃប្រទេសជប៉ុន នៅពេលទៅដល់ប្រទេសជប៉ុន។ ក្រសួងការងារបានគូសបញ្ជាក់ថា ក្នុងករណីដែលកម្មសិក្សាការី-ពលករជំនាញ មិនអនុវត្តតាមគោលការណ៍ណែនាំនៅប្រទេសជប៉ុន អាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសជប៉ុន នឹងចាត់វិធានការតាមផ្លូវច្បាប់៕

website_news/2021171101.txt · Last modified: 2021/11/17 10:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki