website_news:2021171104

មន្ត្រីក្រសួងមហាផ្ទៃអំពាវនាវដល់ពលរដ្ឋកុំឆ្លងដែនទៅរកការងារនៅថៃទាំងប្រថុយប្រថាន

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 17/11/2021 - 07:17 ដោយ៖អេង គីមហុង

ខណៈពលរដ្ឋខ្មែរជាក្រុមៗ បាននាំគ្នាចេញទៅរកការងារធ្វើនៅប្រទេសថៃ រាប់ចាប់តាំងពីចុងខែតុលាមកដល់ឥលូវ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ វិច្ឆិកានេះ បានអំពាវនាវឲ្យពួកគេរងចាំបន្តិចសិន កុំឆ្លងដែនទាំងប្រថុយប្រថានក្នុងដំណាក់កាលមិនច្បាស់លាស់នៃវិបត្តិកូវីដ១៩។ បើតាមមន្ត្រី ដដែលក្រសួងពាក់ព័ន្ធកំពុងរកដំណោះស្រាយលៃលកធ្វើយ៉ាងណាឲ្យពលករទទួលបានភាពសមធម៌ រវាងប្រទេសបញ្ជូន និងប្រទេសទទួលក្នុងដំណាក់កាលថ្មី។ ពលករខ្មែរដែលនាំគ្នាចេញទៅរកការងារធ្វើនៅប្រទេសថៃតាមច្រកព្រំដែន មិនក្រោម២០នាក់ឡើយនៅរៀងរាល់ថ្ងៃ ត្រូវបានអាជ្ញាធរខ្មែរប្រចាំការនៅព្រំដែនចាប់បញ្ជូនត្រឡប់មកវិញ ដែលគិតជាសរុបប្រមាណជា១ពាន់នាក់ បានកត់ត្រាក្នុងបញ្ជីនៃការបញ្ជូនត្រឡប់មកវិញ រាប់ចាប់តាំងពីចុងខែតុលាមកដល់ឥលូវ។ តែក៏នៅមានអ្នកដែលរបូតទៅដល់ដីថៃបានសម្រេចដែរ ប៉ុន្តែមិនមានចំនួនច្រើនទេ។

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃពុធទី១៧ វិច្ឆិកានេះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានគូសបញ្ជាក់ថា ទោះជាពលករខ្មែរមួយចំនួនទៅដល់ដីថៃ ក៏គង់តែអាជ្ញាធរថៃចាប់បញ្ជូនត្រឡបមកវិញដដែលទេ។ លោកស្រីបន្ថែមថា ដំណាក់កាលនេះមិនមែនជាពេលវេលា ដែលពលរដ្ឋត្រូវសម្រុកចេញទៅធ្វើការនៅថៃដោយខុសច្បាប់ និងប្រថុយប្រថានអ៊ីចឹងទេ! ព្រោះត្រូវចំណាយលុយក្រៅផ្លូវការកាន់ច្រើនពេលទៅដល់ប្រទេសថៃ។ នៅពេលដែលពលករខំប្រឹងជម្នះទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ពួកគេនឹងជួបបទពិសោធន៍ចាស់ដដែលដោយបន្តធ្វើជាកម្មករថៃរហូតតដល់កូន ដើម្បីទូទាត់ថ្លៃបំណុលរបស់ឱពុក-ម្ដាយ ដែលបានជំពាក់តាមរយៈការចំណាយលុយក្រៅផ្លូវការជាថ្នូរនឹងការបានការងារនៅស្រុកគេ។ នេះជាកង្វល់របស់លោកស្រី ជូរ ប៊ុនអេង ។

ដូចគ្នាដែរ លោក លឹង សុផុន មន្ត្រីសិទ្ធិការងារទទួលបន្ទុកផ្នែកពលករចំណាកស្រុករបស់អង្គការសង់ត្រាល់ ប្រចាំប្រទេសថៃ បានថ្លែងថា ការបន្តវិលចូលប្រទេសថៃ នៅគ្រានេះ មិនមែនជារឿងងាយស្រួលឡើយ ពីព្រោះពលករខ្មែរត្រូវចំណាយលុយក្រៅផ្លូវការកាន់ច្រើន។ ម្យ៉ាងទៀតលោកថានៅប្រទេសថៃគ្រានេះ ការរស់នៅ និងធ្វើការមិនមានសេរីភាពដូចមុនឡើយ។

ដូច្នេះហើយទើបលោកស្រីស្នើឲ្យពលករខ្មែររងចាំបន្តិចសិន ដើម្បីទទួលបានសិទ្ធិជាពលករស្របច្បាប់ព្រោះបើតាមលោកស្រី ថៃនិងកម្ពុជាកំពុងធ្វើការរួមគ្នាលើបញ្ហានេះ ក្នុងដំណាក់កាលថ្មីលៃលកធ្វើយ៉ាងណាឲ្យពលករទទួលបានភាពសមធម៌ រវាងប្រទេសបញ្ជូននិងប្រទេសទទួល។ អំឡុងពេលរងចាំ រដ្ឋាភិបាលកម្ពុជាក៏មិនបានឱបដៃឈរមើលភាពខ្វះខាតរបស់ពលករខ្មែរដែរតាមរយៈជំនួយសង្គមក្រោយពួកគេទៅដល់ភូមិកំណើត។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះរាប់ចាប់តាំងពីដើមឆ្នាំ២០២០ មកដល់ជិតដំណាច់ឆ្នាំ២០២១ នេះមានពលករខ្មែរប្រមាណ២៦ម៉ឺននាក់បានបញ្ជូនមកដល់ដីកម្ពុជា។ ចាប់តាំងពីពេលនោះមកដល់ពេលបច្ចុប្បន្នក៏ព្រំដែនកម្ពុជាថៃនៅតាមបណ្ដាខេត្តមួយចំនួនបើកទ្វារអនុញ្ញាត្តឲ្យពលរដ្ឋចេញចូលរកការធ្វើដូចគ្រាមុនដែរ៕

website_news/2021171104.txt · Last modified: 2021/11/17 15:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki