website_news:2021171201

ឃាត់ខ្លួនមេខ្យល់ និងអ្នកនាំផ្លូវ ២នាក់ ដែលនាំពលករខ្មែរ បម្រុងលួចឆ្លងដែន ទៅប្រទេសថៃ ដោយខុសច្បាប់

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ ១៥ ខែ ធ្នូ ឆ្នាំ ២០២១ ម៉ោង ១៩:៤២

បន្ទាយមានជ័យ៖ ប៉ូលិស បានឃាត់ខ្លួនមេខ្យល់ និងអ្នកនាំផ្លូវ ២នាក់ ដែលនាំពលករខ្មែរ បម្រុងលួចឆ្លងដែន ទៅប្រទេសថៃ ដោយខុសច្បាប់ កាលពីវេលាម៉ោង ១១ និង ២០នាទីយប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ តាមបន្ទាត់ព្រំដែនភូមិសាស្ត្រភូមិប្រាសាទស្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។ លោកអនុសេនីយ៍ទោ ប៊ុន គឹមហេង នាយរងប៉ុស្តិ៍នគរបាល ឃុំបន្ទាយឆ្មារ បានប្រាប់ថា កម្លាំងនគរបាលប៉ុស្តិ៍ បានសហការជាមួយកម្លាំងយោធា បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលជាមេខ្យល់ និងអ្នកនាំផ្លូវ ដែលបម្រុងនាំពលករខ្មែរចំនួន ៦នាក់ ( ស្រី ២នាក់ និងកុមារ ២នាក់ ) បម្រុងនាំឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់។ លោកបានបញ្ជាក់ថា ក្រោយឃាត់ខ្លួន ជនសង្ស័យ និងពលករ ត្រូវបាននាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាលឃុំបន្ទាយឆ្មារ។ តាមចម្លើយរបស់ជនសង្ស័យ ២នាក់ គឺពួកគេជាអ្នកនាំផ្លូវពលករបម្រុងឆ្លងដែនទៅប្រទេសថៃ នៅពេលឆ្លងដែន ដល់ដីថៃ ប្រគល់អោយមេខ្យល់ថៃ ចាំទទួល បញ្ជូនទៅដល់កន្លែងធ្វើការក្រុងបាងកក។ ពលករម្នាក់ ត្រូវបង់ថ្លៃ ៨.០០០បាត ដោយជូនដល់កន្លែងធ្វើការ។ តែពេលដែលជូនឆ្លងដែន ក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន។ លោកអនុសេនីយ៍ទោ ប៊ុន គឹមហេង បានបញ្ជាក់ថា ចំពោះមេខ្យល់ និងអ្នកនាំផ្លូវ ក្រោយសាកសួរ ហើយត្រូវបានបញ្ជូនទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចាត់ការបន្ត។ ដោយឡែក ពលករប្រគល់ជូនក្រុមការងារ នៅច្រកអូរបីជាន់៕ ប៊ុន ធឿន

website_news/2021171201.txt · Last modified: 2021/12/17 10:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki