website_news:2021171202

ពលករខ្មែរ ដែលត្រឡប់ពីថៃ និងថៃចាប់បញ្ជូន ១ថ្ងៃជាង ២០០នាក់

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ ១៥ ខែ ធ្នូ ឆ្នាំ ២០២១ ម៉ោង ២០:០៥

បន្ទាយមានជ័យ៖ ពលករខ្មែរ ដែលត្រឡប់ពីថៃ និងដែលថៃចាប់បញ្ជូនមកវិញ ក្នុង ១ថ្ងៃ មានចំនួន ២១៥នាក់។ ក្នុងនោះ អ្នកចាក់វ៉ាក់សាំងដូសទី២ រួចរាល់ មានចំនួន ១៦៨នាក់។ ពលករទាំងនោះ ត្រូវបានចូលមកវិញ តាមច្រកព្រំដែន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។

លោកវរៈសេនីយ៍ទោ ម៉ាន់ ធី អធិការរងនគរបាលស្រុកអូរជ្រៅ និងជាក្រុមការងារទទួលពលករខ្មែរ ច្រកអូរបីជាន់ បានប្រាប់ថា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ គិតត្រឹមម៉ោង ៥ល្ងាច មានពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ និងអាជ្ញាធរថៃចាប់បញ្ជូន មានចំនួន ២១៥នាក់ (កុមារតាមម្តាយ ៤១នាក់) ហើយមានចំនួន ១៦៨នាក់ (ស្រី ៨៩នាក់ ) ដែលបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី២ រួចរាល់។ លោកបានបញ្ជាក់ថា ពលករខ្មែរត្រឡប់ពីប្រទេសថៃ និងថៃចាប់បញ្ជូន ចំនួន ២១៥នាក់ មានចូលតាមច្រកបឹងត្រកួន ចំនួន ១០នាក់ (ស្រី ៥នាក់) និងច្រកអូរបីជាន់ចំនួន ២០៥នាក់ (ស្រី១០២នាក់) ក្នុងនោះ មានចំនួន ២២នាក់ ដែលមិនបានចាក់វ៉ាក់សាំងការពារកូវីដ.១៩ ត្រូវបានបញ្ជូនទៅមណ្ឌលកម្រិត២ កូបធំ ក្នុងក្រុងប៉ោយប៉ែត ចំនួន ១៥នាក់ (ស្រី ៤នាក់) បញ្ជូនទៅមណ្ឌលកងវ៉ា ក្រុងសិរីសោភ័ណ ចំនួន ២២នាក់ (ស្រី ៩នាក់)។

លោកវរៈសេនីយ៍ទោ ម៉ាន់ ធី បានបញ្ជាក់ថា ពលករ ដែលត្រឡប់ពីថៃ តាមច្រកអូរបីជាន់ មានប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ចំនួន ១០០នាក់ (ស្រី ៥០នាក់) និងប្រជាពលរដ្ឋខេត្ត.រាជធានីផ្សេងៗ ចំនួន ១០៥នាក់ (ស្រី ៥២នាក់) ពលករ ដែលបានចាក់វ៉ាក់សាំងការពារកូវីដ.១៩ បាន ២ដូស ត្រូវបានបញ្ជូនទៅអោយត្រឡប់ទៅស្រុកកំណើតវិញ។ រីឯអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ក៕ ប៊ុន ធឿន

website_news/2021171202.txt · Last modified: 2021/12/17 10:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki