website_news:2021171203

ថៃគ្រោងស្នើសុំពលករខ្មែររាប់រយនាក់ទៅធ្វើការ ដោយស្របច្បាប់

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ១៦ ខែ ធ្នូ ឆ្នាំ ២០២១ ម៉ោង ១០:៣៦

ខេត្តបាត់ដំបង ៖ អាជ្ញាធរខេត្តច័ន្ទបុរី នៃប្រទេសថៃ ដែលជាប់ព្រំដែន ខេត្តបាត់ដំបង និងខេត្តប៉ៃលិនប្រទេសកម្ពុជា នឹងស្នើសុំពលករខ្មែរតាមរយៈក្រុមហ៊ុនស្របច្បាប់ចំនួន២ម៉ឺននាក់ ឲ្យចូលធ្វើការងារក្នុងខេត្តរបស់ខ្លួន ប្រសិនបើការស្នើសុំសាកល្បងចំនួន២០០នាក់ លើកដំបូងដំណើរការដោយរលូនគ្មានការរំខានដោយវិបត្តិកូវីដ-១៩ ។ នេះបើតាមឆ្មាំច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង បាននិយាយប្រាប់វិទ្យុជាតិចំការចេកបាត់ដំបង ដើមសប្ដាហ៍នេះ ។

លោក ឃឹម ទិព្វមុនី ប្រធានគ្រប់គ្រងច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ត្រូវបានស្រង់សម្តីថា អាជ្ញាធរខេត្តច័ន្ទបុរី នៃប្រទេសថៃ បានស្នើសុំតាមរយៈក្រុមហ៊ុនដោយស្របច្បាប់ នូវកម្លាំងពលករខ្មែររាប់រយនាក់ ដើម្បីយកទៅធ្វើការងារសាកល្បងជាលើកដំបូងក្នុងទឹកដីខ្លួន ហើយប្រសិនបើដំណើការទៅដោយរលូនគ្មានបញ្ហាអ្វីកើតឡើងទេ ភាគីថៃនឹងស្នើសុំពលករបន្ថែមរហូតដល់ទៅចំនួន២ម៉ឺននាក់ ។ លោកបានបញ្ជាក់ថា ភាគីកម្ពុជា និងភាគីថៃបានព្រមព្រៀងគ្នា និងបានបញ្ជូនពលករខ្មែរចំនួន២០០នាក់នោះទៅកាន់ទឹកដីខេត្តច័ន្ទបុរី ប្រទេសថៃរួចរាល់ហើយ កាលពីសប្ដាហ៍មុន ដើម្បីសាកល្បងបំពេញការងារស្របច្បាប់ ។

មន្ត្រីរដ្ឋបាលស្រុកកំរៀង ក៏បាននិយាយគាំទ្រនឹងគោលការណ៍នេះផងដែរថា ការសម្រេចបញ្ជូនពលករខ្មែរទៅធ្វើការនៅខេត្តច័ន្ទបុរី ប្រទេសថៃនេះ ក្រោយពីមានការប្រជុំពិភាក្សារវាងភាគីទាំងពីរ កាលពីដើមខែធ្នូ នេះ ក្នុងគោលបំណងពង្រឹងសម្ព័ន្ធមេត្រីភាពសហប្រតិបត្តិការ នៃប្រទេសក្បែរខាងគ្នាទាំងពីរ ។ មន្ត្រីដដែលបានបន្តថា ជាមួយនឹងកិច្ចពិភាក្សានូវគោលការណ៍ជាច្រើនដែលត្រូវធ្វើរួមសហការគ្នា ភាគីថៃបានស្នើសុំកម្លាំងពលករខ្មែរចំនួន២ម៉ឺនាក់ឲ្យចូលធ្វើការក្នុងទឹកដីខ្លួន នៅក្នុងខេត្តច័ន្ទបុរី តាមរយៈក្រុមហ៊ុននាំពលករដោយស្របច្បាប់ ។ប៉ុន្តែមន្ត្រីបានបញ្ជាក់ថា ការស្នើសុំលើកដំបូងត្រឹមចំនួន២០០នាក់ជាការសាកល្បង តែបើការងារប្រព្រឹត្តទៅដោយរលូនគ្មានបញ្ហាអ្វីកើតឡើងទេ ភាគីថៃនឹងទទូលយកពលករខ្មែរឲ្យគ្រប់ចំនួន២ម៉ឺននាក់ ដើម្បីបំពេញការងារនៅក្នុងទឹកដីខេត្តច័ន្ទបុរី ដោយស្របច្បាប់ ជាពិសេសបញ្ហាកូវីដ-១៩ ។

យ៉ាងណាក៏ដោយ ការព្រមព្រៀងរវាងភាគីទាំងពីរក្នុងការបញ្ជូនពលករខ្មែរទៅធ្វើការឆ្លងដែននៅក្នុងទឹកដី នៃប្រទេសថៃ ខាងលើនេះ ត្រូវធ្វើតាមលក្ខខណ្ឌយ៉ាងតឹងរឹងបំផុតពាក់ព័ន្ធនឹងវិធានការទប់ស្កាត់នូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ នេះបើតាមលោក ឃឹម ទិព្វមុនី ប្រធានច្រកទ្វារអន្តរជាតិដូង ។ លោក ឃឹម ទិព្វមុនី បាននិយាយប្រាប់វិទ្យុជាតិចំការចេកបាត់ដំបងថា ពលករខ្មែរដែលត្រូវចេញទៅធ្វើការនៅខេត្តច័ន្ទបុរី ខាងលើត្រូវបំពេញលក្ខខណ្ឌមួយចំនួន ដែលត្រូវត្រូតពិនិត្យយ៉ាងជាក់លាក់ដោយមន្ត្រីច្រកទ្វារព្រំដែន មន្ត្រីស្ថាប័នពាក់ព័ន្ធ និង មានការធានាដោយក្រុមហ៊ុននាំពលករស្របច្បាប់ ។ មិនតែប៉ុណ្ណោះ ពួកគេត្រូវមានប័ណ្ឌឆ្លងដែន កាតចាក់វ៉ាក់សាំងកូវីដ-១៩ យ៉ាងតិចចាក់បាន២ដង ប័ណ្ណត្រួតពិនិត្យសុខភាពដែលបង្ហាញពីការធ្វើតេស្ដរហ័ស៧២ម៉ោងនៅភាគីកម្ពុជា ហើយនឹងត្រូវធ្វើតេស្ដបន្ថែមទៀតពេលទៅដល់ភាគីថៃ ដើម្បីចៀសវាងនូវការឆ្លងរាលដាលមេរោគកូវីដ-១៩ ៕

website_news/2021171203.txt · Last modified: 2021/12/17 10:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki