website_news:2021171206

អាជ្ញាធរខេត្តបាត់ដំបង បញ្ជូនពលករកម្ពុជា ទៅធ្វើការនៅខេត្តចាន់បូរី ប្រទេសថៃជាង ២០០ នាក់ បន្ទាប់ពីមានការស្នើសុំពីភាគីថៃ

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១

(បាត់ដំបង)៖ ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង លោក ឃឹម ទិព្វមន្នី បានឱ្យដឹងថា គិតត្រឹមថ្ងៃនេះ អាជ្ញាធរនៅតាមព្រំដែនខេត្តបាត់ដំបង បានបញ្ជូនពលករកម្ពុជា ទៅធ្វើការនៅខេត្តចាន់បូរី ប្រទេសថៃ បានជាង២០០នាក់ហើយ តាមរយៈក្រុមហ៊ុនស្របច្បាប់របស់ភាគីថៃ ដែលបានស្នើសុំ ។លោក ឃឹម ទិព្វមន្នី បានបញ្ជាក់ថា បើទោះបីជាប្រទេសទាំង២ កំពុងតែជួបនឹងបញ្ហានៃវិបត្តិជំងឺកូវីដ១៩ ដូចគ្នាក៏ពិតមែន តែសម្រាប់ការដឹកនាំបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសថៃ គឺត្រូវបំពេញលក្ខខណ្ឌមួយចំនួន ហើយស្ថិតក្រោមការត្រួតពិនិត្យ ពីមន្រ្តីច្រកទ្វារនិងមន្រ្តីមន្ទីរការងារជាដើម ក្នុងនោះត្រូវមានក្រុមហ៊ុន ឬម្ចាស់អាជីវកម្មរបស់ភាគីថៃ មកធានាច្បាស់លាស់ ។ អ្វីដែលសំខាន់នោះ គឺត្រូវមានឯកសារភ្ជាប់ខ្លួនមួយចំនួនដូចជា ប័ណ្ណព្រំដែន ប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩បានពេញលេញ យ៉ាងតិច២ដង ប័ណ្ណពិនិត្យសុខភាពក្រោយការធ្វើតេស្តរហ័សមិនលើសពី៧២ម៉ោង ហើយពេលទៅដល់ប្រទេសថៃត្រូវធ្វើតេស្តរហ័សម្ដងទៀត និងធ្វើចត្តាឡីស័កចំនួន៧ថ្ងៃបន្ថែម រួចធ្វើតេស្តរកវីរុសកូវីដ១៩ ដោយម៉ាស៊ីន PCR ម្ដងទៀត ទើបអនុញ្ញាតឱ្យចូលធ្វើការងារបាន ។

លោកបានបញ្ជាក់ថា ការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅក្នុងប្រទេសថៃនាពេលនេះ បានធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីភាគីថៃ កាលពីដើមខែធ្នូ ឆ្នាំ២០២១ថ្មីៗនេះ តាមរយៈនៃកិច្ចប្រជុំពិភាក្សាគ្នាមួយ ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្ដិការរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃ ក្រោមវត្តមានចូលរួមពីគណៈអភិបាលខេត្តបាត់ដំបង គណៈអភិបាលខេត្តប៉ៃលិន និងគណៈអភិបាលខេត្តចាន់បូរី ក្នុងគោលបំណងដើម្បីផ្តល់ឱកាសការងារដល់ពលករកម្ពុជាបានចូលទៅធ្វើការក្នុងប្រទេសថៃ ហើយស្របពេលដែលរដូវកាលផ្លែឈើនៅខេត្តចាន់បូរី កំពុងទុំផង ហើយបើសិនជាដំណើរការបញ្ជូនពលករទៅធ្វើការមិនមានបញ្ហាអ្វីនោះទេ ខាងភាគីថៃមានគម្រោងទទួលពលកររហូតដល់២ម៉ឺននាក់ទៅធ្វើការនៅខេត្តចាន់បូរីនេះ ។

លោក ឃឹម ទិព្វមន្នី បានបញ្ជាក់ថា តាមកិច្ចព្រមព្រៀងគ្នារវាងភាគីកម្ពុជានិងថៃ គឺថៃអនុញ្ញាតឱ្យនាំពលករកម្ពុជា ទៅធ្វើការនៅខេត្តចាន់បូរី ប្រទេសថៃ តាមច្រកអន្តរជាតិនេះក្នុងមួយសប្តាហ៍ ត្រូវបានបញ្ជូន២ថ្ងៃ គឺថ្ងៃអង្គារ៍ និងថ្ងៃពុធ ដែលរហូតមកដល់នឹងពេលនេះមានពលករជាង២០០នាក់ហើយ ដែលត្រូវបានបញ្ជូនទៅធ្វើការសាកល្បងនៅខេត្តចាន់បូរីនោះ ហើយបើមិនមានបញ្ហាអ្វីនោះទេ ភាគីថៃនឹងបន្ថែមថ្ងៃ ដើម្បីបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃបន្ថែមទៀត៕

website_news/2021171206.txt · Last modified: 2021/12/17 10:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki