website_news:2021180106

អភិបាលខេត្តប៉ៃលិនជូនដំណើរពលករជាង១០នាក់ជាសះស្បើយពីកូវីដឱ្យត្រឡប់ទៅផ្ទះវិញ

https://kohsantepheapdaily.com.kh/ ១៦ ខែ មករា ឆ្នាំ ២០២១ ម៉ោង ២០:២១

ខេត្តប៉ៃលិន ៖ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិននិងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិនបានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរពលករឡើងរថយន្តធ្វើដំណើរទៅលំនៅឋានរៀងៗខ្លួនវិញ ក្រោយពីឆ្លងវីរុសកូវីដ-១៩ ហើយទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញក្នុងការព្យាបាលរហូតទទួលបានការជាសះស្បើយពីជម្ងឺទាំងស្រុង ។

លោកជំទាវអភិបាលខេត្ត ក៏បាននាំមកនូវការអបអរសាទររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនបងប្អូននាពេលនេះផងដែរ ។ ក្នុងនាម លោកជំទាវផ្ទាល់ ក៏សូមសំដែងនូវទឹកចិត្តត្រេកអរជាមួយប្អូនៗ និងបានផ្តាំផ្ញើទៅប្អូនៗថា ទោះបីពេលនេះប្អូនៗទទួលបានជាសះស្បើយក្តី តែពេលត្រឡប់ទៅផ្ទះវិញក៏ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀត ដើម្បីជាការបង្ការបន្ថែម ហើយបើមានអាការៈប្រែប្រួលណាមួយ សូមប្រញាប់ទំនាក់ទំនងមកក្រុមគ្រូពេទ្យ និងកុំភ្លេចញ៉ាំថ្នាំអោយបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យផងដែរ ។លោកជំទាវក៏បានបញ្ជាក់បន្ថែមជូនប្អូនៗទាំង១២នាក់ថា ក្នុងដំណាក់កាលព្យាបាល និងការស្នាក់នៅហូបចុក គឺជាការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ដោយមិនទុកអោយបងប្អូនពលករខ្មែរយើងណាម្នាក់ ជួបទុក្ខលំបាកដោយសារវីរុសកូវីដ-១៩ ដោយលោកមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ ។

លោកក៏បានចាត់ឱ្យក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យជំនាញ ដើម្បីធ្វើការងារនេះជាសមរភូមិមុខ បន្ទាប់មកកងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ការរីករាលដាលនៃវីរុសកំណាចនេះចូលក្នុងមូលដ្ឋាន ។ លោកជំទាវក៏បានស្នើអោយប្អូនៗទាំងអស់ បើមានសាច់ញាតិដែលត្រូវត្រឡប់មកស្រុកកំណើតវិញ សូមមកតាមសម្រួល និងត្រូវផ្តល់ព័ត៌មានពិត ជូនកងកម្លាំងការពារ និងក្រុមគ្រូពេទ្យជំនាញ រួចស្ម័គ្រចិត្តចូលខ្លួនធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ៕

website_news/2021180106.txt · Last modified: 2021/01/19 09:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki