website_news:2021180108

អាជ្ញាធរឧត្តរមានជ័យ ត្រៀមបង្កើនទីតាំងចត្តាឡីស័ក ខណៈពលករខ្មែរកាន់តែច្រើន វិលមកពីថៃវិញ

http://btv.com.kh/ 15/01/2021

ឧត្តរមានជ័យ ៖ អាជ្ញាធរខេត្តឧត្ដរមានជ័យ ត្រៀមបង្កើនទីតាំងចត្តាឡីស័ក បន្ទាប់ពីមើលឃើញថា ពលករខ្មែរកាន់ តែច្រើន បានសម្រុកចេញមកពីប្រទេសថៃ ចូលស្រុកកំណើតវិញ តាមច្រកព្រំដែនខេត្តនេះ ដោយសារ បញ្ហាកូវីដ–១៩ ដែលកំពុងតែរាតត្បាតនៅក្នុងសហគមន៍ប្រទេសថៃនោះ។ អាជ្ញាធរខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ មានពលករខ្មែរ ចំនួនចាប់ពី១០០នាក់ ឡើងទៅ បានវិលត្រឡប់មកពីប្រទេសថៃ ចូលប្រទេសកំណើតខ្លួន តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងច្រកជាំសាងាំ ដោយសារការអត់ការងារធ្វើ ដែលបង្កឡើងដោយវិបត្តិកូវីដ–១៩។ អាជ្ញាធរខេត្តនេះ បានបញ្ជាក់ថា ប្រទេសថៃកំពុងតែរងការរាតត្បាតនៃមេរោគកូវីដ–១៩ ក្នុងសហគមន៍ ដែលស្ថានភាពបែបនេះ បានធ្វើឱ្យពលករខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសនេះ មានការភ័យ ខ្លាចចំពោះការឆ្លងមេរោគនេះ ទើបនាំគ្នាចាកចេញពីប្រទេសថៃ ចូលមកប្រទេសកំណើតវិញ។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ពលករដែលបានវិលមកពីថៃ ត្រូវបាន មន្ត្រីសុខាភិបាល ពិនិត្យសុខាភាពដោយយកចិត្តទុកដាក់ និងតម្រូវឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃសិន ហើយក្រោយពេលលទ្ធផលធ្វើតេស្តបង្ហាញថា ពួកគេ អវិជ្ជមានមេរោគកូវី–១៩ ទើបអនុញ្ញាតឱ្យទៅផ្ទះ។ នៅក្នុងខេត្តឧត្ដរមានជ័យ បច្ចុប្បន្ន អាជ្ញាធរ បានប្រើប្រាស់សាលារៀនចំនួន១៣កន្លែង ធ្វើជា មណ្ឌលចត្តាឡីស័ក ហើយគ្រោងនឹងបើកពីរទីតាំងបន្ថែមទៀត ប្រសិនបើពលករខ្មែរ នៅតែបន្តចូលមក៕

អត្ថបទ៖ ឃិន សារិទ្ធ

website_news/2021180108.txt · Last modified: 2021/01/19 10:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki