website_news:2021180109

អាជ្ញាធរថៃឃាត់ខ្លួនពលករចំណាកស្រុក ១១នាក់ មកពីប្រទេសម៉ាឡេស៊ី

https://www.rfa.org/khmer/ ដោយ ម៉ៅ សុធានី 2021-01-16

ប៉ូលិសថៃ បានឃុំខ្លួនពលករចំណាកស្រុកខ្មែរ១១នាក់ នៅខេត្តណារ៉ាធីវ៉ាត (Narathiwat) នៅតំបន់ភាគខាងត្បូងប្រទេសថៃ ក្រោយពួកគេ កំពុងលាក់ខ្លួនក្នុងផ្ទះមួយ បន្ទាប់ពីមេខ្យល់បាននាំពួកគេ មកពីប្រទេសម៉ាឡេស៊ី (Malaysia)។ សារព័ត៌មានអនឡាញ ប៊ឺណាញូវ (BenarNews) ឱ្យដឹងថា ពលករចំណាកស្រុកទាំង ១១នាក់នោះ រួមមានបុរស៧នាក់ ស្ត្រី២នាក់ និងក្មេងស្រី២នាក់។ អាជ្ញាធរថៃ បានធ្វើតេស្តរកមេរោគកូវីដ១៩ និងបានដាក់ពួកគេឱ្យធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ មុននឹងបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ។ ពលករចំណាកស្រុកទាំងនេះ បានប្រាប់ប៉ូលិសថៃថា ពួកគេធ្វើដំណើរពីតំបន់យ៉ូហូ (Johor) ផ្នែកខាងត្បូងនៃប្រទេសម៉ាឡេស៊ី តាមរថយន្ត មកដល់ព្រំដែនថៃ ក៏បានជួបពលរដ្ឋថៃ ២នាក់ជាមេខ្យល់ ដែលបានដឹកពួកគេម្ដង ២នាក់តាមម៉ូតូ យកមកលាក់ទុកក្នុងផ្ទះមួយ នៅតាមព្រំដែន។ ពលករខ្មែរទាំងនោះ មានបំណងធ្វើដំណើរត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបាត់បង់ការងារ ក្រោយដែលរដ្ឋាភិបាលម៉ាឡេស៊ី ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ចាប់ពីថ្ងៃទី១៣ ខែមករា រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ខាងមុខ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩។

សមត្ថកិច្ចថៃប្រកាសផ្ដល់រង្វាន់ចំនួនទឹកប្រាក់ ១ម៉ឺនបាត ឬស្មើជាង៣៣០ដុល្លារ ចំពោះការផ្តល់ព័ត៌មានដល់ជនណាដែលរត់ពន្ធមនុស្សខុសច្បាប់ ចូលទឹកដីប្រទេសថៃ។ ពលករចំណាកស្រុកទាំងនោះប្រាប់ប៉ូលិសថា ពួកគេបានបង់ប្រាក់ក្នុងម្នាក់ៗ ចំនួន ៤០០ដុល្លារ សម្រាប់មេខ្យល់ ដើម្បីនាំពួកគេឆ្លងដែនចូលក្នុងទឹកដីថៃ៕

website_news/2021180109.txt · Last modified: 2021/01/19 10:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki