website_news:2021180203

នគរបាលឃាត់ខ្លួនមេខ្យល់ ៤ នាក់ ដឹកពលករខុសច្បាប់បញ្ជូនទៅតុលាការ

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 17 February 2021 | 13:32 ICT

បាត់ដំបងៈ កម្លាំងនគរបាលខេត្តបាត់ដំបង បានឆែករថយន្តដឹកផ្លែឈើចេញពីប្រទេសថៃចំនួន ២ គ្រឿង កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ចូលមកកាន់ប្រទេសកម្ពុជា តាមរយៈច្រកអន្តរជាតិដូង ព្រំប្រទល់កម្ពុជា-ថៃ ស្ថិតក្នុងស្រុកកំរៀង ក្នុងខេត្តបាត់ដំបង ក្នុងនោះឃាត់ខ្លួនមនុស្ស ៤ នាក់ ជាជនសង្ស័យនាំពលករចេញ-ចូលដោយខុសច្បាប់ និងរកឃើញពលករ ៥ នាក់ នៅក្នុងរថយន្តទាំង ២ គ្រឿងនោះ។ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង ថ្លែងប្រាប់ ភ្នំពេញប៉ុស្ដិ៍ កាលពីម្សិលមិញថា៖ «ឡានដឹកផ្លែឈើ ២ គ្រឿងលួចដឹកពលករ ៥ នាក់ ក្រោយការសួរនាំរួច ពលករយើងបញ្ជូនទៅធ្វើ ចត្ដាឡីស័កហើយអ្នកបើកឡាន និងព្រូឡាន ៤ នាក់ទៀត យើងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្ដតាមច្បាប់»។

លោក ស៊ុម អាត អនុប្រធានក្រុមការងារទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃ ច្រកអន្តរជាតិដូង បានឱ្យដឹងកាលពីម្សិលមិញដែរថា ក្រុមការងារនៅព្រំដែនបានសហការគ្នាជាមួយកងកម្លាំងគ្រប់ផ្នែក ដើម្បីរឹតបន្តឹងការចេញចូលតាមច្រកព្រំដែន ពិសេសពិនិត្យគ្រប់ឡានដឹកទំនិញទាំងអស់។ លោកថ្លែងថា៖ «កម្លាំងយើងបានរឹតបន្តឹងត្រួតពិនិត្យគ្រប់ឡានចេញចូលទាំងអស់ ចំណែកនៅច្រករបៀងកងកម្លាំងយើងគឺនៅប្រចាំការគ្រប់ច្រកទាំងអស់»។

លោក ប៊ុនរិទ្ធិ អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងថា កន្លងមកនគរបាលឃាត់ខ្លួនមេខ្យល់ដែលនាំពលករចេញ-ចូល ច្រកព្រំដែនខុសច្បាប់បាន ១១ នាក់ហើយ ក្នុងនោះបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៩ នាក់។ លោក សឿម ប៊ុនរិទ្ធិ បានឱ្យដឹងថា កាលពីម្សិលមិញនេះលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃអគ្គស្នងការនគរបាលជាតិបានដឹកនាំកិច្ចប្រជុំ ដើម្បីរឹតបន្តឹងបន្ថែម និងចាត់វិធានការថ្មីៗ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់របស់ពលករនៅក្នុងភូមិសាស្ត្រស្រុកកំរៀង ភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបងផងដែរ។ លោកថា ក្នុងកិច្ចប្រជុំម្សិលមិញនេះ ឯកឧត្ដមអភិបាលខេត្ដបានដាក់បទបញ្ជាឱ្យកងកម្លាំងបញ្ជាការឯកភាពខេត្ដទាំងអស់ ពង្រឹងការរឹតបន្តឹងការចេញចូលតាមច្រកនានាបន្ថែមទៀត និងត្រូវឈរជើងរួមគ្នាលើបញ្ហាមិនប្រក្រតី៕

website_news/2021180203.txt · Last modified: 2021/02/18 14:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki