website_news:2021180205

អាជ្ញាធរខេត្តបាត់ដំបងបន្តប្រមាញ់មេខ្យល់ខណៈ១៤នាក់ ហើយត្រូវបានឃាត់ខ្លួន

http://btv.com.kh/ 17/02/2021

បាត់ដំបង ៖ អាជ្ញាធរខេត្តបាត់ដំបង កំពុងបន្តប្រមាញ់ចាប់ខ្លួនមេខ្យល់ ដែលនាំពលករខ្មែរឆ្លងដែនខុសច្បាប់ អំឡុងប្រតិបត្តិការទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ–១៩ ខណៈមេខ្យល់១៤នាក់ហើយ ត្រូវបានឃាត់ ខ្លួនមកទល់ពេលនេះ។ អាជ្ញាធរខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ អាជ្ញាធរថៃ បានឃាត់ខ្លួន និងបញ្ជូនមេខ្យល់ជាតិខ្មែរ ចំនួនពីរនាក់ ដែលតែងនាំពលករឆ្លងដែនខុសច្បាប់ មកកាន់ភាគីកម្ពុជា តាមច្រកទ្វារអន្តរជាតិដូង (ឡែម) ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

លោក សុខ គឹមខុន អភិបាលស្រុកកំរៀង ប្រាប់BTV នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះថា បច្ចុប្បន្នមេខ្យល់ទាំង២នាក់ កំពុងធ្វើការឃាត់ខ្លួននៅក្នុងអធិការស្រុកកំរៀង ដើម្បីចាត់ការតាមនីតិវិធី។ បើតាមសមត្ថកិច្ចការពារព្រំដែន បានឱ្យដឹងថា ចាប់ពីការរឹតបន្តឹងការចេញចូលនៃមនុស្សឆ្លងកាត់ព្រំដែន ក្រោយការផ្ទុះរីករាលដាលកូវីដ–១៩ នៅក្នុងសហគមន៍ប្រទេសថៃនោះ សមត្ថកិច្ចការពារព្រំដែន បានឃាត់ខ្លួនមេខ្យល់ សរុបចំនួន១៤នាក់ បញ្ជូនទៅតុលាការ ខណៈប្រតិបត្តិការឃាត់ខ្លួននេះ ក៏មានការចូលរួមពីអាជ្ញាធរថៃផងដែរ។ សមត្ថកិច្ច បានឱ្យដឹងទៀតថា ក្រុមមេខ្យល់ ដែលតែងតែលួចនាំពលករឆ្លងដែននោះ មានមួយ ចំនួន បានបំភ័យបំផុស បំផុលពលករថា ពេលឆ្លងដែនមកខ្មែរ បើជួបសមត្ថកិច្ចនឹងត្រូវឃាត់ខ្លួន ហើយនាំទៅធ្វើចត្តាឡីស័ក និងអស់លុយទៀត និងពួកមេខ្យល់ខ្លះ មិននាំពលករឆ្លងដែនមកផ្ទាល់នោះទេ ពួកគេនៅខាងទឹកដីថៃ ហើយបង្ហាញផ្លូវឲ្យពលករឆ្លងដែនមកកម្ពុជា រួមទាំងញុះញង់ពលករឲ្យស្អប់សមត្ថកិច្ច និងចោទប្រកាន់យ៉ាងនេះមួយ យ៉ាងនោះមួយ និងបច្ចុប្បន្ន សមត្ថកិច្ចការពារព្រំដែន កំពុងស្វែងរកចាប់ខ្លួនមេខ្យល់មួយចំនួនទៀត។ ក្នុងពេលចុះពិនិត្យសភាពការណ៍នៅព្រំដែន លោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ ដំបង បានជំរុញឱ្យសមត្ថកិច្ចការពារព្រំដែន បន្តស្វែងរក និងឃាត់ខ្លួនក្រុមមេខ្យល់ទាំងអស់ យកមកអនុ វត្តច្បាប់ ហើយមួយវិញទៀត បើសង្ស័យអ្នកណាម្នាក់ ថាធ្លាប់ធ្វើជាមេខ្យល់ ក៏ត្រូវនាំគេមកអប់រំ ដើម្បីកុំឲ្យ ធ្វើអំពើបែបនោះបន្តទៀត ។

ពាក់ព័ន្ធនឹងការនាំពលករឆ្លងដែន និងគេចវេសធ្វើចត្តាឡីស័កនេះ អាជ្ញាធរខេត្តបាត់ដំបង បាន រឹបអូសរថយន្តបីគ្រឿង នៅស្រុកសំពៅលូន និងស្រុកកំរៀង ព្រមទាំងនាំពលករ អ្នកបើកបររថយន្ត និង ព្រូឡាន ជាង១០នាក់ ទៅធ្វើចត្តាឡីស័ក ខណៈដែលអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនពលករនោះ បន្ទាប់ពីធ្វើចត្តាឡីស័កចប់ សមត្ថកិច្ចនឹងបន្តនីតិវិធីបន្ថែមទៀត៕ អត្ថបទ៖ បាន សុខរិទ្ធ

website_news/2021180205.txt · Last modified: 2021/02/18 14:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki