website_news:2021180207

ប្រធានអង្គការ IOM ប្រចាំកម្ពុជា ស្នើឱ្យដាក់ពលករចំណាកស្រុកជាក្រុមអាទិភាពទទួលបានវ៉ាក់សាំងកូវីដ

https://www.postkhmer.com/ នៀម ឆេង | Publication date 18 February 2021 | 09:24 ICT

ភ្នំពេញៈ ប្រធានបេសកកម្មនៃអង្គការទេសន្តរប្រវេសន៍ អន្តរជាតិ (IOM) ប្រចាំកម្ពុជា លោកស្រី គ្រីស្ទីន ប៉ាកូ(Kristin Parco) បានស្នើឱ្យដាក់ពលករចំណាកស្រុកក្នុងក្រុមមនុស្សអាទិភាព ដែលទទួលបានវ៉ាក់សាំងកូវីដ ១៩។ ក្រសួងសុខាភិបាលផ្ដល់អាទិភាពចាក់វ៉ាក់សាំងដល់ខេត្តនៅជាប់ព្រំដែនថៃ និងវៀតណាម ប៉ុន្តែប្រុងប្រយ័ត្នក្នុងការកំណត់ក្រុមមនុស្សដែលនឹងទទួលបានវ៉ាក់សាំង។ IOM ប្រចាំកម្ពុជាបានបង្ហោះសារនៅលើបណ្ដាញសង្គមរបស់ខ្លួនដោយស្រង់សម្ដីលោកស្រី ប៉ាកូ ថា៖ «ពលករគឺជាវីរជនប្រចាំថ្ងៃ ដែលបានបន្តចូលរួមចំណែកដល់សេដ្ឋកិច្ច សូម្បីតែក្នុងពេលដែលមានជំងឺរាតត្បាតក៏ដោយ។ ពួកគេគួរតែត្រូវបានបញ្ចូលពេញលេញទៅក្នុងផែនការជាតិនៃការចាក់វ៉ាក់សាំងកូវីដ ១៩»។ លោកស្រី ប៉ាកូ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ តាមអ៊ីមែលបន្ថែមថា ពលករចំណាកស្រុក គួរតែទទួលបានការពិចារណាសម្រាប់ការចាក់វ៉ាក់សាំងនេះ ហើយពួកគេមិនគួរត្រូវបានមិនរាប់បញ្ចូលដោយសារតែពួកគេជាពលករចំណាកស្រុកឡើយ។ ប្រសិនបើអាទិភាពថ្នាក់ជាតិសំដៅលើបុគ្គលិកពេទ្យនោះ ការងារពាក់ព័ន្ធនឹងសុខភាពពលករ ក៏គួរតែត្រូវបានផ្ដល់អាទិភាពដូចគ្នាដែរ។ ប្រសិនបើមនុស្សចាស់ត្រូវបានចាត់ទុកថា ជាអាទិភាព ពលករចំណាកស្រុកវ័យចំណាស់ក៏គួរតែមានអាទិភាពដូចគ្នាដែរ។

ពលករចំណាកស្រុកមួយចំនួនស្ថិតក្នុងស្ថានភាពមិនប្រក្រតី រួមមានប្រឈមនឹងហានិភ័យផ្សេងៗដូចជាស្ថានភាពការងារ និងស្ថានភាពរស់នៅមិនល្អ ការភ័យខ្លាច និងការរើសអើង ឬខ្វះការទទួលបានសេវាសុខភាព។ នៅក្នុងប្រទេសជាច្រើន ពលករចំណាកស្រុកគឺជាក្រុមដែលមិនត្រូវបានគេយកចិត្តទុកដាក់ នៅពេលប្រទេសទាំងនោះ រៀបចំផែនការចែកចាយ និងចាក់វ៉ាក់សាំង។ ប៉ុន្តែ ផែនការចាក់វ៉ាក់សាំង គួរតែពិចារណាសម្រាប់ក្រុមពលករចំណាកស្រុកជាក់លាក់ដែលអាចមានហានិភ័យខ្ពស់។ នេះជាការលើកឡើងរបស់លោកស្រី ប៉ាកូ។ លោកស្រីថ្លែងថា៖ «ជំងឺរាតត្បាតបង្ហាញយើងថា ពេលនិយាយពីសុខភាពសាធារណៈ គ្មានអ្នកណាម្នាក់ត្រូវបានការពារទេ ដរាបណាមនុស្សគ្រប់គ្នាមិនត្រូវបានការពារនោះ។ ដូច្នេះវាមានភាពចាំបាច់ណាស់ ដែលរដ្ឋាភិបាលនានាត្រូវទទួលស្គាល់ពីសារៈសំខាន់នៃសុខភាពសាធារណៈសម្រាប់ពលករចំណាកស្រុកគ្រប់ប្រភេទ ដោយមិនគិតពីឋានៈផ្លូវច្បាប់ និងបញ្ចូលពួកគេក្នុងផែនការចាក់វ៉ាក់សាំងថ្នាក់ជាតិ»។ លោកស្រី ប៉ាកូ មើលឃើញថា រាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងក្នុងកិច្ចការធ្វើផែនការចែកចាយ និងចាក់វ៉ាក់សាំង និងធានាការចាក់វ៉ាក់សាំងដោយរលូន។ IOM ត្រៀមខ្លួនរួចរាល់ដើម្បីជួយដល់រដ្ឋាភិបាលនានា រួមទាំងកម្ពុជាផង និងដៃគូក្នុងកិច្ចការផ្ដល់វ៉ាក់សាំងកូវីដ ១៩ ដើម្បីពង្រីកយុទ្ធនាការចាក់វ៉ាក់សាំងដល់ពលរដ្ឋជាជនចំណាកស្រុក និងអ្នកដែលតែងធ្វើដំណើរឯទៀតៗ។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងពីម្សិលមិញថា វ៉ាក់សាំងស៊ីណូហ្វ៉ាមដែលជាជំនួយរបស់ចិនចំនួន ៣០ ម៉ឺនដូសនឹងត្រូវចាក់លើមនុស្សចំនួន ១៤ ម៉ឺន ៩ ពាន់ ៥០០ នាក់។ ក្រសួងសុខាភិបាលកំពុងត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងផ្ដល់វ៉ាក់សាំងដល់បណ្ដារាជធានីខេត្ត ដើម្បីចូលរួមការចាក់វ៉ាក់សាំងបង្ការជំងឺដល់ក្រុមមនុស្សអាទិភាពដែលនឹងប្រកាសជាបន្តបន្ទាប់ ដោយសារតែចំនួនវ៉ាក់សាំងមានកម្រិត។

លោកស្រីថ្លែងថា៖ «តាមពិតទៅ យើងចង់ធ្វើឱ្យបានទូលំទូលាយ ប៉ុន្តែដោយសារវ៉ាក់សាំងយើងមានកម្រិត ដូច្នេះការផ្ដល់វ៉ាក់សាំងរបស់យើងក៏ត្រូវកំណត់ទៅតាមក្រុមមនុស្សដែលត្រូវមកទទួលតាមវគ្គៗរបស់យើង ធ្វើយ៉ាងណាធានាឱ្យមានវ៉ាក់សាំងឱ្យបានគ្រប់គ្រាន់សម្រាប់បុគ្គលដែលស្ម័គ្រចិត្តទទួលវ៉ាក់សាំងកូវីដ ១៩ នេះ ឱ្យបានគ្រប់ ២ ដូស។ ដូច្នេះហើយបានជាយើងមានការប្រុងប្រយ័ត្នក្នុងការអនុញ្ញាតឱ្យក្រុមមនុស្សដែលនឹងមកទទួលវ៉ាក់សាំងដោយគិតទៅតាមអាទិភាពសំខាន់ៗនៃក្រុមមនុស្សដែលនឹងទទួលជាបន្តបន្ទាប់»។

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េដែលជាប្រទេសមានពលករចំណាកស្រុកពីកម្ពុជាច្រើនដែរនោះ ថ្លែងថា សាធារណរដ្ឋកូរ៉េនឹងចាប់ផ្ដើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ ចាប់ពីថ្ងៃទី ២៦ ខែកុម្ភៈ ដល់ខែវិច្ឆិកា ឆ្នាំ ២០២១ សម្រាប់ពលរដ្ឋទាំងអស់នៅក្នុងប្រទេសកូរ៉េ។ សម្រាប់រូបលោកដែលជាមន្ត្រីការទូតគឺចូលក្នុងក្រុមមនុស្សអាទិភាពហើយនឹងទទួលបានការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃដូចពលរដ្ឋកូរ៉េដែរ។ លោកបន្តថា៖ «បរទេសដទៃទៀតដែលរស់នៅ ធ្វើការ រៀនសូត្រនៅកូរ៉េ ដូចជាពលករខ្មែរជាដើមនេះក៏នឹងទទួលបានការចាក់វ៉ាក់សាំងដូចប្រជាជនកូរ៉េដទៃទៀតដែរ ដោយមិនមានការរើសអើង ប៉ុន្តែគ្រាន់តែថា កម្មវិធីសម្រាប់បរទេសដទៃទៀតត្រូវធ្វើនៅពេលណា ខ្ញុំមិនទាន់ទទួលបានការណែនាំផ្លូវការនៅឡើយ»។

ពលករចំណាកស្រុកពីកម្ពុជាដែលធ្វើការនៅប្រទេសថៃប្រមាណ ១ លាននាក់។ មន្ត្រីស្ថានទូតថៃប្រចាំកម្ពុជាឱ្យដឹងពីម្សិលមិញថា ប្រទេសថៃ បានបែងចែកផែនការចាក់វ៉ាក់សាំងជាដំណាក់កាល ដោយដំណាក់កាលទី១ ចាប់ពីខែកុម្ភៈ ដល់ខែឧសភា និងទី២ ពីខែមិថុនា ដល់ដំណាច់ឆ្នាំ ២០២១។ មនុស្សអាទិភាពទី១ គឺក្រុមបុគ្គលិកសុខាភិបាល ហើយក្រុមបន្ទាប់ដែលមានហានិភ័យខ្ពស់នឹងត្រូវកំណត់ និងពង្រីកទៅក្របខ័ណ្ឌទូទាំងប្រទេស។ មន្ត្រីស្ថានទូតថ្លែងថា៖ «សេចក្ដីព្រាងយុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់ប្រទេសថៃធ្វើឡើងដោយការចាក់វ៉ាក់សាំងបង្ការផ្អែកលើហានិភ័យ ដោយមិនគិតពីសញ្ជាតិ និងដោយគោលការណ៍ស្ម័គ្រចិត្ត»។ មន្ត្រីរូបនេះបន្តថា ប្រទេសថៃ ចាត់ទុកសុខភាព និងការព្យាបាល គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្សដោយរាប់ទាំងពលករចំណាកស្រុកផងដែរ។ «សម្រាប់ការទទួលបានវ៉ាក់សាំង យុទ្ធសាស្ត្រចាក់ថ្នាំបង្ការរបស់យើងធ្វើឡើងផ្អែកលើហានិភ័យ មិនផ្អែកលើឋានៈ ឬសញ្ជាតិទេ។ ប្រសិនបើពលករចំណាកស្រុកស្ថិតក្នុងផ្នែកដែលមានហានិភ័យនេះ ពួកគេក៏នឹងត្រូវចូលទៅក្នុងផែនការថ្នាក់ជាតិផងដែរ»៕

website_news/2021180207.txt · Last modified: 2021/02/18 14:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki