website_news:2021180208

ពលករខ្មែរម្នាក់ ប្ដឹងស្ថានទូតខ្មែរឱ្យជួយអន្តរាគមន៍រឿងថៅកែថៃវាយក្បាលនឹងកាំភ្លើងខ្លីរបួសធ្ងន់

https://www.rfa.org/khmer/ ដោយ ហេង រស្មី 2021-02-16

ពលករខ្មែរជនរងគ្រោះម្នាក់ ដាក់បណ្ដឹងទៅស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកកឱ្យជួយអន្តរាគមន៍ពាក់ព័ន្ធនឹងរឿងថៅកែថៃយកកាំភ្លើងខ្លីវាយក្បាលបណ្ដាលឱ្យរបួសធ្ងន់ ក្នុងពេលធ្វើការនៅប្រទេសថៃ កាលពីថ្ងៃទី១៣ កុម្ភៈ។ មន្ត្រីសង្គមស៊ីវិលយល់ថា មន្ត្រីស្ថានទូតខ្មែរគួរតែជំរុញទៅអាជ្ញាធរថៃឱ្យចាប់ជនល្មើសផ្ដន្ទាទោសឱ្យបានធ្ងន់ធ្ងរតាមច្បាប់។ ជនរងគ្រោះកំពុងព្រួយបារម្ភអំពីសុវត្ថិភាពខ្លួន និងស្នើសុំឱ្យមន្ត្រីស្ថានទូតខ្មែរជម្លៀសគាត់ចេញទៅធ្វើការនៅកន្លែងផ្សេង។

ពលករមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យលោក ណាន់ សុខ ប្រាប់អាស៊ីសេរីថា លោកមិនហ៊ាននៅបន្តធ្វើការងារជាមួយថៅកែថៃ ដែលបានយកកាំភ្លើងខ្លីវាយក្បាលរបស់លោកបណ្ដាលឱ្យហូរឈាមរបួសធ្ងន់នោះទេ។ ពលករវ័យ ៤១ឆ្នាំរូបនេះថ្លែងថា ម្ចាស់ហាងលក់គុយទាវនៅខេត្តឆាក់ឈើងសៅ (Chak Cheurng Sao) ជាជនជាតិថៃ បានខឹងលោកនិយាយតមាត់មិនព្រមធ្វើតាមបញ្ជា។ លោកថា នៅពេលនោះលោកជាប់រវល់ ហើយបានប្រាប់ថៅកែថៃរូបនោះឱ្យជួយហាន់សាច់ជ្រូកដាក់ចានជំនួសគាត់ ក៏ខឹងលោករួចស្ទុះទៅយកកាំភ្លើងខ្លីមកវាយក្បាលរបស់លោកបណ្ដាលឱ្យបែកក្បាលហូរឈាម៖ «រឿងគេសុំរបស់ឱ្យហាន់សាច់ជ្រូក ខ្ញុំប្រាប់ថា ខ្ញុំហាន់អត់ទាន់ទេ បងឯងហាន់ខ្លួនឯងខ្លះទៅ។ រឿងតូចប៉ុណ្ណោះឯង គាត់ស្ទុះមកវាយខ្ញុំបណ្ដោយ មួយដងកាំភ្លើង។ តាមសំណើរបស់ខ្ញុំ ចង់ឱ្យគេយកខ្ញុំទៅដាក់កន្លែងផ្សេង»។ ភ្លាមៗ ក្រោយពេលកើតហេតុពលកររូបនេះ បានទូរស័ព្ទប្ដឹងទៅស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកក ដើម្បីឱ្យជួយអន្តរាគមន៍ដល់គាត់ដែរ ប៉ុន្តែមន្ត្រីស្ថានទូតមិនបានចុះអន្តរាគមន៍តាមការស្នើសុំនោះទេ។ ក្រោយមកសាច់ញាតិរបស់ពលករបានបង្ហោះសារអំពាវនាវឱ្យអាជ្ញាធរខ្មែរជួយអន្តរាគមន៍ដល់ពួកគាត់ ទើបមន្ត្រីស្ថានទូតខ្មែរបានចុះជួបជនរងគ្រោះ នៅព្រឹកថ្ងៃទី១៥ កុម្ភៈ។

អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៥ កុម្ភៈ ដោយសារទូរស័ព្ទចូលជាច្រើនដង ពុំមានអ្នកទទួល។ ប៉ុន្តែហ្វេសប៊ុកស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកកបានចុះផ្សាយថា មន្ត្រីទូតខ្មែរបានសហការជាមួយអាជ្ញាធរថៃចុះដោះស្រាយលើរឿងនេះហើយ។ ស្ថានទូតបន្តថា ជនរងគ្រោះកំពុងស្ថិតនៅកន្លែងមានសុវត្ថិភាព ដោយមានការការពារពីស្ថានទូត និងអាជ្ញាធរថៃ។ ទោះជាយ៉ាងណាក្ដី ស្ថានទូតមិនបានបញ្ជាក់អំពីវិធានការលើជនល្មើសថា យ៉ាងណានៅឡើយទេ។ ទាក់ទិននឹងការប្រើហិង្សាលើពលករខ្មែរនេះ មន្ត្រីអង្គការសង់ត្រាល់ទទួលបន្ទុកផ្នែកពលករ លោក ឌី ថេហូយ៉ា យល់ថា មន្ត្រីស្ថានទូតខ្មែរ និងអាជ្ញាធរថៃគួរតែផ្ដន្ទាទោសជនល្មើសឱ្យបានធ្ងន់ធ្ងរតាមច្បាប់របស់ប្រទេសថៃ ដើម្បីកុំឱ្យថៅកែថៃចេះតែធ្វើបាបពលករខ្មែរតាមអំពើចិត្តបន្តទៀត៖ «ខ្ញុំមើលឃើញចំណុចនេះ វាជាចំណុចមួយដែលមិនគួរកើតមាន ទាល់តែមហាជនដឹងឮបានយកចិត្តទុកដាក់អីជាដើម អ៊ីចឹងខ្ញុំគិតថា អត់ឆ្លុះបញ្ចាំង ក្នុងនាមជាអាណាព្យាបាលទទួលខុសត្រូវ ក៏ដូចជាអ្នកបម្រើប្រជាពលរដ្ឋទេ។ នេះហើយគឺជាអ្វីដែលយើងបានសង្កេតកន្លងមក មិនថាករណីកើតឡើងនៅចិន នៅម៉ាឡេស៊ី ឬនៅប្រទេសណាក៏ដោយ ទាល់តែករណីហ្នឹងល្បីមហាជនដឹងឮ ឈឺចាប់គ្រប់គ្នាអ៊ីចឹងទៅ មានការយកចិត្តទុកអើពើដោះស្រាយ»។ មន្ត្រីសង្គមស៊ីវិលរូបនេះ ឱ្យដឹងទៀតថា កន្លងមកមានពលករខ្មែរធ្វើការនៅប្រទេសថៃជាច្រើននាក់ ត្រូវបានថៅកែគំរាមបាញ់សម្លាប់ និងប្រើហិង្សាជាបន្តបន្ទាប់ ហើយពួកគេភាគច្រើនមិនទទួលបានយុត្តិធម៌នោះឡើយ។

កាលពីចុងខែមិថុនា ឆ្នាំ២០២០ មានករណីមេការសំណង់ជនជាតិថៃម្នាក់ បានប្រើកាំភ្លើងបាញ់ពលករខ្មែរ ៣នាក់បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ២នាក់ ហើយមេការថៃរូបនោះ ក៏ត្រូវបានប្រជាពលរដ្ឋ ព្រួតវាយបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុដែរ។ ករណីដោយឡែកមួយទៀត កាលពីឆ្នាំចុងឆ្នាំ២០២០ មានពលករខ្មែរមួយគ្រួសារត្រូវបានថៅកែថៃយកកាំភ្លើងខ្លីគំរាមសម្លាប់ ដោយសារតែខឹងពួកគាត់សុំត្រឡប់ទៅកម្ពុជា បន្ទាប់ពីធ្វើការជិត ២ខែមិនទទួលបានប្រាក់ឈ្នួល។ ពេលនោះថៅកែថៃ និយាយថា ពលករខ្មែរជំពាក់ប្រាក់ថ្លៃធ្វើលិខិតឆ្លងដែនមិនទាន់សងអស់នៅឡើយ។ អាជ្ញាធរថៃបានសម្របសម្រួលបញ្ចប់សំណុំរឿងនេះ ដោយមិនមានការផ្ដន្ទាទោសលើថៅកែនោះតាមច្បាប់ឡើយ។ មន្ត្រីសិទ្ធការងារលោក ឌី ថេហូ យ៉ា ជឿថា ការធ្វើបែបនេះនឹងធ្វើឱ្យថៅកែថៃមិនខ្លាចច្បាប់ ហើយនឹងអាចមានករណីប្រើហិង្សាលើពលករខ្មែរជាបន្តបន្ទាប់ទៀត៕

website_news/2021180208.txt · Last modified: 2021/02/18 14:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki