website_news:2021180303

កូរ៉េនៅបន្តទទួលយកពលករកម្ពុជាចំនួន ៣ ៤០៤ នាក់ សម្រាប់ឆមាសទី១ ឆ្នាំនេះ

https://www.postkhmer.com/ ឡុង គីមម៉ារីតា | Publication date 17 March 2021 | 15:00 ICT

ភ្នំពេញៈ បើទោះបីជាស្ថានភាពនៃការរាតត្បាតជំងឺកូវីដ ១៩ នៅមិនទាន់ថមថយក៏ដោយ ក៏រដ្ឋាភិបាលកូរ៉េនៅតែបន្តផ្តល់កូតាក្នុងការនាំពលករកម្ពុជា ទៅធ្វើការនៅប្រទេសនេះចំនួន ៥០ ភាគរយ សម្រាប់ឆមាសទី១ ឆ្នាំ ២០២១ ខណៈពលករដែលត្រូវបានអនុញ្ញាតឱ្យដាក់ឈ្មោះចូលក្នុងបញ្ជីសុំស្វែងរកការងារធ្វើក្នុងឆ្នាំនេះ មានចំនួនសរុប ២២ ៦៩៧ នាក់។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ១៥ មីនា ថា ក្រសួងការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េបានជូនដំណឹងពីការបែងចែកកូតាសម្រាប់ពលករកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េតាមរយៈប្រព័ន្ធអនុញ្ញាតមុខរបរ (EPS)។ បើទោះបីស្ថានភាពនៃការរាតត្បាតជំងឺកូវីដ ១៩ មិនទាន់មានការថមថយក៏ដោយ ក៏រដ្ឋាភិបាលកូរ៉េនៅតែបន្តផ្តល់កូតាចំនួន ៥០ ភាគរយ គឺមានវិស័យឧស្សាហកម្មចំនួន ៣ ៤០៤ នាក់។ សម្រាប់ឆមាសទី២ ឆ្នាំ ២០២១ កម្ពុជានឹងទទួលបានកូតាបន្ថែមទៀត បន្ទាប់ពីស្ថានភាពជំងឺកូវីដ ១៩ មានភាពធូរស្បើយ។ លោកបន្ថែមថា៖ «ដោយឡែក ចំនួនពលករដែលត្រូវបានអនុញ្ញាតដាក់ចូលក្នុងបញ្ជីសុំស្វែងរកការងារធ្វើក្នុងឆ្នាំ ២០២១ មានចំនួនសរុប ២២ ៦៩៧ នាក់ ក្នុងនោះវិស័យឧស្សាហកម្មចំនួន ១៦ ២៦១ នាក់ វិស័យកសិកម្ម និងចិញ្ចឹមសត្វចំនួន ៥ ៧៧៨ នាក់ និងវិស័យសំណង់ចំនួន ៦៥៨ នាក់»។ លោក សំហេង សង្ឃឹមថានឹងទទួលបានកូតាបន្ថែមទៀត បន្ទាប់ពីស្ថានភាពជំងឺកូវីដ ១៩ មានភាពល្អប្រសើរឡើង។ បើតាមក្រសួងការងារក្នុង១ឆ្នាំៗ ពលករកម្ពុជាដែលបានទៅធ្វើការនៅប្រទេសកូរ៉េមានប្រមាណ ៦ ០០០ នាក់។ កាលពីខែកុម្ភៈ កម្ពុជា និងសាធារណរដ្ឋកូរ៉េបន្តចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបញ្ជូនពលករទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) ជាលើកទី៦ ខណៈរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ ប្រព័ន្ធ EPS បានបញ្ជូនពលករកម្ពុជាជិត ៧ ម៉ឺននាក់ទៅបំពេញការងារនៅក្នុងប្រទេសនេះ។

លោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ធ្លាប់បានលើកឡើងថា ដំណើរការនៃការបញ្ជូនពលករទៅកាន់ប្រទេសកូរ៉េនេះ គឺជាដំណើរការល្អមួយដែលអាចផ្តល់ឱកាសដល់ពលរដ្ឋខ្មែរបានច្រើនបើប្រៀបធៀបនឹងការបញ្ជូនពលករចេញទៅប្រទេសដទៃ។ ក៏ប៉ុន្តែលោកថា បើទោះជាដំណើរការបញ្ជូនពលករទៅប្រទេសនេះមានភាពល្អប្រសើរហើយក្តី ក៏លោករំពឹងថា រដ្ឋាភិបាលនៃប្រទេសទាំង ២ គួរតែយកចិត្តទុកដាក់បន្ថែមទៀត។ លោកបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងប្រព័ន្ធនៃការការពារទៅលើសិទ្ធិពលករ និងលក្ខខណ្ឌការងារ និងប្រាក់ឈ្នួល ឬកន្លែងរស់នៅមានមួយចំនួនហាក់នៅខ្វះចន្លោះ ព្រោះយើងឃើញមានករណីស្លាប់ មានអី អ៊ីចឹងហើយ ប្រព័ន្ធលក្ខខណ្ឌកន្លែងរស់នៅនេះគឺត្រូវតែយកចិត្តទុកដាក់ត្រូវតែការពារពួកគាត់ឱ្យមានសុវត្ថិភាពនៅកន្លែងការងារ និងកន្លែងរស់នៅ»។ ក្រៅពីនេះលោក ឌី ថេហូយ៉ា ចង់ឱ្យរដ្ឋាភិបាលកម្ពុជាពិនិត្យមើលលទ្ធភាពនៃការចំណាយរបស់ពលករម្នាក់ៗ ដែលទម្រាំទទួលបានឱកាសការងារនៅប្រទេសកូរ៉េ គឺត្រូវចំណាយប្រាក់ជាច្រើន។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីម្សិលមិញថា ក្រៅពីទទួលបានកូតាពីរដ្ឋាភិបាលកូរ៉េនេះ កម្ពុជាក៏បានស្នើសុំទៅភាគីថៃ ដើម្បីសម្រួលថ្លៃសេវានានាដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសនោះផងដែរ។ លោកបន្តថា កន្លងទៅការស្នើសុំបន្តទិដ្ឋាការដើម្បីបន្តការរស់នៅ និងធ្វើការនៅប្រទេសនេះ គឺមានការលើកឡើងថា មានតម្លៃថ្លៃ ប៉ុន្តែសំណើរបស់កម្ពុជាគឺអាស្រ័យទៅលើការសម្រេចរបស់រដ្ឋាភិបាលថៃក្នុងការបញ្ចុះតម្លៃថ្លៃសេវានេះ។ លោកបញ្ជាក់ថា៖ «យើងបានស្នើសុំទៅភាគីថៃដើម្បីសម្រួលថ្លៃសេវានានា។ ប៉ុន្តែនោះគឺជាអធិបតេយ្យភាពរបស់សមភាគីយើង»។ ចាប់ពីថ្ងៃទី ១៥ ខែមករា ដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២១ ពលករបរទេសដែលបានចុះឈ្មោះជាមួយក្រសួងការងារថៃមានចំនួន ៦៥៤ ៨៦៤ នាក់ ក្នុងនោះមានពលករកម្ពុជាចំនួន ២០៣ ៦៧៩ នាក់។ ក្នុងចំណោមពលករខ្មែរទាំងនេះ គឺមានពលករមាននិយោជកចំនួន ១៨០ ៤៧៦ នាក់ និងមានពលករមិនមាននិយោជកចំនួន ២៣ ២០៣ នាក់ទទួលបានការបន្តទិដ្ឋាការដើម្បីបន្តការងារ និងរស់នៅក្នុងប្រទេសថៃស្របច្បាប់។

លោក លឹង សុផុន ក្រុមការងារនៃអង្គការសង់ត្រាល់ប្រចាំប្រទេសថៃបានលើកឡើងថា បើសិនជារដ្ឋាភិ បាលស្វែងរកការចរចា ដើម្បីឱ្យពលករនៅប្រទេសថៃទទួលបានលក្ខខណ្ឌល្អដូចពលករខ្មែរ ដែលទៅធ្វើការនៅប្រទេសកូរ៉េនោះគឺជារឿងមួយដែលប្រសើរ។ លោកបន្តថា ពលករខ្មែរនៅប្រទេសមួយចំនួនកំពុងប្រឈមនឹងការអត់ការងារធ្វើ ហើយមួយចំនួនទៀតទិដ្ឋាការរបស់ពួកគាត់ ក៏ត្រូវបានហួសសុពលភាពដែលមិនមានលទ្ធភាពបន្តបានព្រោះតម្លៃនៃការបន្តនេះត្រូវចំណាយច្រើន។ លោកបញ្ជាក់ថា៖ «ក្នុងអំឡុងពេលពាក់កណ្តាលឆ្នាំ ២០២០ មានពលករ គាត់បានដាច់ទិដ្ឋាការធ្វើឱ្យពួកគាត់ដំណើរការតទិដ្ឋាការនេះ មានភាពស្មុគស្មាញ និងចំណាយច្រើន មិនតិចជាង ១៤ ០០០ បាត ទៅ ១៥ ០០០ បាត ហើយពលករយើងខ្លះក៏បាត់បង់ប្រាក់ចំណូលមិនមានលុយទិដ្ឋាការនេះ ហើយក៏បានសម្រេចចិត្តវិលត្រឡប់មកកម្ពុជាវិញ»៕

website_news/2021180303.txt · Last modified: 2021/03/18 12:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki