website_news:2021180307

មេខ្យល់នាំពលករខ្មែរឆ្លងដែនខុសច្បាប់ជាង១៤០នាក់ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការកាត់ទោស

https://www.kampucheathmey.com/ on March 17, 2021By Kang Tola

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១៣ កុម្ភៈ រហូតមកដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានចាប់មេខ្យល់ដែលនាំពលករខ្មែរឆ្លងដែនខុសច្បាប់ចេញ-ចូលប្រទេសកម្ពុជាចំនួន១៤៤នាក់ ស្រី១១នាក់ ទៅតុលាការដើម្បីធ្វើការផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រសាសន៍នៅថ្ងៃទី១៧ មីនានេះថា ការចាប់មេខ្យល់ទាំងនោះភាគច្រើននាំពលករចេញចូលប្រទេសកម្ពុជានិងថៃ។ ចំណែកមេខ្យល់នាំពលករចេញចូលកម្ពុជា និងវៀតណាមវិញមានតិចតួចប៉ុណ្ណោះ។ មេខ្យល់ទាំងនោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ផងដែរ។ យ៉ាងណាក៏ដោយ លោក ឧត្តមសេនីយ៍ឯក ឆាយគឹមខឿនបានបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលចាត់វិធានការក្តៅទៅលើពួកមេខ្យល់រួចមកឃើញថា ការនាំពលករចូលមកកម្ពុជាតាមព្រំដែនកម្ពុជាថៃហាក់មានការថមថយច្រើនហើយអាចនឹងឈានទៅលប់បំបាត់បញ្ហានេះនាពេលខាងមុខទៀតផង។

លោក ឧត្តមសេនីយ៍ឯក ឆាយគឹមខឿន បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៣រហូតមកដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះដែរ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនពលករខ្មែរដែលគេចវេះពីការធ្វើចត្តាឡីស័កបានជាង៤០០០នាក់ និងបានបញ្ជូនទៅធ្វើចត្តាឡីស័កវិញនៅទូទាំងប្រទេស។ លោក ឧត្តមសេនីយ៍ឯកបានបន្តថា ក្នុងចំណោមពលករគេចវេះពីការធ្វើចត្តាឡីស័កជាង ៤០០០នាក់ ភាគច្រើនជាបុរសដោយមួយចំនួនត្រូវអាជ្ញាធរធ្វើការឃាត់ខ្លួននៅតាមព្រំដែនពេលពួកគេលួចឆ្លងដែនខុសច្បាប់ និងមួយចំនួនទៀតឃាត់ខ្លួននៅតាមភូមិកំណើតរបស់ពួកគេហើយបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅតាមមណ្ឌលធ្វើចត្តាឡីស័ករយៈ១៤វិញ។ លោក ឧត្តមសេនីយ៍ឯក ឆាយគឹមខឿនបានអំពាវនាវដល់ពលករទាំងអស់សូមបញ្ឈប់ការឆ្លងដែនខុសច្បាប់ និងកុំព្យាយាមគេចវេះពីការធ្វើចត្តាឡីស័កដើម្បីចៀសវាងការទទួលការផាកពិន័យនិងទោសទណ្ឌតាមផ្លូវច្បាប់៕ ដោយ ៖ សំអឿន

website_news/2021180307.txt · Last modified: 2021/03/18 12:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki