website_news:2021180308

គណៈមេធាវី ចុះ MoU ជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីស្តីពី «កិច្ចសហប្រតិបត្តិការផ្តល់សេវាការពារក្តីដល់ស្ត្រី និងក្មេងស្រីក្រីក្រ ដែលរងគ្រោះដោយអំពើហិង្សា និងការអប់រំច្បាប់»

http://freshnewsasia.com/ 2021-03-18 10:03am

(ភ្នំពេញ)៖ គណៈមេធាវីកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ស្តីពី «កិច្ចសហប្រតិបត្តិការផ្តល់សេវាការពារក្តីដល់ស្ត្រី និងក្មេងស្រីក្រីក្រ ដែលរងគ្រោះដោយអំពើហិង្សា និងការអប់រំច្បាប់»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែមីនានេះ។

ពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ ក្រោមវត្តមាន លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នៃស្ថាប័នទាំងពីរ មានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអនុវត្តគម្រោងផ្តល់សេវាការពារក្តីតាមផ្លូវច្បាប់សម្រាប់ស្ត្រី និងក្មេងស្រីក្រីក្រ ដែលរងគ្រោះដោយអំពើហិង្សា និងបណ្តុះបណ្តាលចំណេះដឹងលើវិស័យច្បាប់ដល់មន្ត្រីអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងមន្ត្រី/ភ្នាក់ងារនគរបាលយុត្តិធម៌ នៃក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីរាជធានី-ខេត្ត។ អនុស្សរណៈនៃការយោគយល់នេះ មានរយៈពេល ៣(បី)ឆ្នាំ គិតចាប់ពីខែមករា ឆ្នាំ២០២១ ដល់ខែធ្នូ ឆ្នាំ២០២៣។

យោងតាមខ្លឹមសារនៃអនុស្សរណៈនេះ គណៈមេធាវីកម្ពុជា មានកាតព្វកិច្ចផ្តល់សេវាការពារក្តីដល់ស្ត្រី និងក្មេងស្រីក្រីក្រដែលរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ រងគ្រោះក្នុងករណីរំលោភបំពានផ្លូវភេទ រងគ្រោះក្នុងករណីធ្វើអាជីវកម្មផ្លូវភេទ និងរងគ្រោះក្នុងករណីពិសេសពាក់ព័ន្ធការបំពានសិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីឬផ្តល់ មេធាវីតំណាងដោយអាណត្តិដល់ស្ត្រីដែលលែងបណ្តាលមកពីអំពើហិង្សា។

លើសពីនេះ គណៈមេធាវីអាចចូលរួម បណ្តុះបណ្តាលចំណេះដឹងលើវិស័យច្បាប់ដល់មន្ត្រីអនុវត្តច្បាប់ របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី របស់ក្រសួងកិច្ចការនារី និងរបស់មន្ទីរកិច្ចការនារីរាជធានី-ខេត្ត។ ដោយឡែកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីមានកាតព្វកិច្ចផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុចំនួន ១,២០០,០០០រៀល ក្នុងមួយសំណុំរឿងដល់មេធាវី ដែលបានការពារក្តី ឬតំណាងដោយអាណត្តិឱ្យជនរងគ្រោះ៕

website_news/2021180308.txt · Last modified: 2021/03/18 12:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki