website_news:2021180501

អភិបាលរងខេត្តបាត់ដំបង៖ បើសិនជាស្រាវជ្រាវរកឃើញមន្ត្រីណាម្នាក់មានការឃុបឃិតគ្នាជាមួយមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ នឹងអនុវត្ដតាមច្បាប់ដោយគ្មានការលើកលែង

http://www.akp.gov.kh/kh/ AKP បាត់ដំបង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១

លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការស្រាវជ្រាវបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងបានគូសបញ្ជាក់ថា បើសិនបើស្រាវជ្រាវរកឃើញមន្ត្រីណាម្នាក់ដែលឈរជើងនៅទីនេះមានការឃុបឃិតគ្នាជាមួយមេខ្យល់ នាំពលករឆ្លងដែនខុសច្បាប់លោកនឹងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីសុំការដកមន្ត្រីនោះ នឹងអនុវត្តន៍ទៅតាមច្បាប់ដោយគ្មានការលើកលែងឡើយ។

ការគូសបញ្ជាក់របស់អភិបាលរងខេត្ដនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពង្រឹងក្រុមការងារដែលឈរជើងត្រួតពិនិត្យការចេញ-ចូលរបស់ប្រជាពលរដ្ឋនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតនៅក្នុង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។ លោក ណុប ដារ៉ា បានសង្កត់ធ្ងន់ទៅលើបញ្ហាតួនាទី ភារកិច្ចរបស់កម្លាំងដែលកំពុងឈរជើងត្រួតពិនិត្យការចេញ-ចូលរបស់ប្រជាពលរដ្ឋដើម្បីចូលរួមទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ក៏ដូចជាការចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ពីប្រទេសជិតខាងមកប្រទេសកម្ពុជា ។ បន្ទាប់មក លោក ណុប ដារ៉ា ក៏បានអញ្ជើញចុះត្រួតពិនិត្យតាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកកំរៀងខេត្តបាត់ដំបង បន្តទៀត ដែលចំណុចច្រករៀងនេះគឺជាកន្លងតែងតែមានការលួចឆ្នងដែនខុសច្បាប់ ៕

website_news/2021180501.txt · Last modified: 2021/05/19 11:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki