website_news:2021180503

ខេត្តឧត្ដរមានជ័យរកឃើញពលករ ៦នាក់ មានវិជ្ជមានកូវីដ-១៩

https://news.btv.com.kh/ 05/14/2021 07:05 PM

ឧត្ដរមានជ័យ ៖ វេជ្ជបណ្ឌិត ឃ្លោក ហួត ទីប្រឹក្សាក្រសួងសុខាភិបាលនឹងជាប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យលើកឡើងថា បច្ចុប្បន្ននេះអាត្រានៃការឆ្លងជំងឺកូវីដ-១៩លើពលករខ្មែរ ដែលធ្វើដំណើរឆ្លងដែនមកពីប្រទេសថៃចូលតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ មន្រ្តីជំនាញចត្តាឡីស័កបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦នាក់ដោយការធ្វើតេស្តរហ័ស Rapid test ។ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានបន្តឲ្យដឹងថា គិតមកដល់ពេលនេះសំរាប់ខែឧសភា ពលករដែលឆ្លងដែនមកពីប្រទេសថៃក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យគឺមានចំនួន៦នាក់ហើយដែលរកឃើញវិជ្ជមានកូវីដ-១៩។ ក្នុងនោះដែរមន្រ្តីជំនាញសុខាភិបាលជួរមុខបានធ្វើការពិនិត្យរឹតបន្តឹងដោយម៉ត់ចត់ចំពោះពលករគ្រប់ៗគ្នា ដោយការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយសារតែស្ថានភាពនៅឯប្រទេសថៃបានផ្ទុះឡើងសារជាថ្មីនូវជំងឺកូវីដ-១៩ នៅតាមបណ្តាខេត្តមួយចំនួន ពិសេសខេត្តដែលជាប់ព្រំប្រទល់ព្រំដែនខេត្តឧត្តរមានជ័យតែម្តង។

លោកវេជ្ជបណ្ឌិតបន្ថែមថា ចំពោះករណីរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ ដែលជាពលករខ្មែរមកពីប្រទេសថៃនោះ មន្រ្តីសុខាភិបាលបានយកពួកគាត់មកសម្រាកព្យាបាលយកសំណាក ដើម្បីធ្វើតេស្តពិនិត្យបន្តនៅមន្ទីរពទ្យបង្អែកខេត្ត នឹងមួយទីតាំង១ទៀតនៅផ្ទះសំណាក់ឧត្តមរដ្ឋា ដើម្បីពិនិត្យព្យាបាលសុខភាពជូនពួកគាត់ផងដែរ។ដោយឡែកចំពោះពលករដែលមានផ្ទុកវិរុសកូវីដ-១៩ ទាំង៦នាក់នេះដែលបច្ចុប្បន្នសុខភាពរបស់ពួកគាត់មិនមានសភាពធ្ងន់ធ្ងរអ្វីនោះឡើយ គឺរងចាំតែការធ្វើសំណាកគ្រប់៣ដងបើពិនិត្យទៅពុំមានបញ្ហាធ្ងន់ធ្ងរអ្វីនោះទេក្រុមគ្រូពេទ្យនឹងបញ្ជូនឲ្យពួកគាត់ឲ្យបន្តទៅធ្វើចត្តាឡីស័ក នៅឯផ្ទះបន្តទៀតដោយការពិនិត្យតាមដានពីមន្រ្តីសុខាភិបាលនៅនឹងមូលដ្ឋានពួកគាត់ផងដែរ។ លោកវេជ្ជបណ្ឌិតក៏បានក្រើនរំលឹកដល់ពលករគ្រប់រូបទាំងអស់ដែលឆ្លងមកពីប្រទេសថៃធ្វើយ៉ាងណាសូមកុំមានការកេចវេសឲ្យសោះត្រូវចូលរួមសហការណ៏ឲ្យបានល្អជាមួយក្រុមគ្រូពេទ្យជួរមុខដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា។ យើងអាចនឹងភ្លេចកូវីដប៉ុន្តែកូវីដមិនអាចភ្លេចយើងបានឡើយដូច្នេះត្រូវចូលរួមសំអាតអនាម័យឲ្យល្អជាប់ជាប្រចាំទើបយើងអាចជៀសផុតពីការឆ្លងកូវីដបាន៕ អត្ថបទ ៖ សារិទ្ធ

website_news/2021180503.txt · Last modified: 2021/05/19 12:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki