website_news:2021180505

មេខ្យល់២នាក់ ត្រូវឃាត់ខ្លួន ខណៈកំពុងតែដឹកពលករឆ្លងដែនទៅប្រទេសថៃ

https://kohsantepheapdaily.com.kh/ Banteay Meanchey ១៥ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១៥:៤៩

ខេត្តបន្ទាយមានជ័យ ៖ មេខ្យល់ចំនួន០២នាក់ ដែលសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យឃាត់ខ្លួនបាន នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ ខណៈពេលដែលពួកគេកំពុងដឹកនាំពលករឆ្លងដែនទៅប្រទេសថៃចំនួន១០នាក់ ក្នុងនោះស្រីចំនួន០៥នាក់ ត្រង់ចំនុចភូមិសាស្ត្រ អូរព្រំដែន ភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ក្រោមបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានចាត់តាំង លោកវរសេនីយ៍ឯក រិទ្ធ រ៉ម មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំដោយអនុវត្តតាមបទបញ្ជា មេបញ្ជាការ លោកបានដឹកនាំកម្លាំងល្បាត២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោក និងកម្លាំងផ្នែកសឹករងម៉ាឡៃ ផ្នែកសឹករងប៉ោយប៉ែត និងកងរាជអាវុធហត្ថស្រុក ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍ ។ ជាក់ស្តែង វេលាម៉ោង១២:៣០នាទី យប់ ថៃ្ងទី១៤ ខែឧសភា ឆ្នាំ២០២១ ខណៈលោក វរសេនីយ៍ឯក រិទ្ធ រ៉ម មេបញ្ជាការរង កំពុងដឹកនាំកម្លាំងដើរល្បាតក៏ជួបមេខ្យល់ចំនួន០២នាក់ បម្រុងនាំពលករឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត បន្ទាយមានជ័យ ឃាត់ខ្លួនបានតែម្តង ។

សូមបញ្ជាក់ថា មេខ្យល់ដែលត្រូវឃាត់ខ្លួនទី១ ឈ្មោះ វណ្ណ: វណ្ណ ភេទ ប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ តាគ្រី ឃុំគ្រី ស្រុកកំរៀង ខេត្តបាត់ដំបង និងទី២ ឈ្មោះ អៀន ហ៊េន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិ ជ្រៃ ឃុំ បឹងបេង ស្រុកម៉ាឡៃ បច្ចុប្បន្នពួកគាត់ទាំងពីរនាក់កំពុងត្រូវបានឃុំខ្លួន ដើម្បីសួរចម្លើយនៅ ស្នាក់ការកងរាជអាវុធហត្ថស្រុកម៉ាឡៃ ។ ចំណែកឯពលករទាំង ១០នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កស្រុកម៉ាឡៃ ៕

website_news/2021180505.txt · Last modified: 2021/05/19 12:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki