website_news:2021180508

អាជ្ញាធរថៃបង្កើនរឹតបន្តឹងតំបន់ព្រំដែនជាប់កម្ពុជា ទប់ស្កាត់ការរាតត្បាតកូវីដ១៩

https://www.rfa.org/ ដោយ ម៉ៅ សុធានី 2021-05-13

អាជ្ញាធរថៃបង្កើនការរឹតបន្តឹងកាន់តែខ្លាំងនៅតាមព្រំដែនជាប់កម្ពុជា ហាមឃាត់មិនឱ្យពលករខ្មែរឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ មន្ត្រីសង្គមស៊ីវិល យល់ថា ពលករខ្មែរឆ្លងដែនទៅប្រទេសថៃអំឡុងពេលនេះប្រឈមនឹងគ្រោះច្រើនជាងពេលមុនៗ។ ក្រសួងមហាផ្ទៃរបស់ថៃបានបញ្ជាទៅអាជ្ញាធរខេត្តជាប់ព្រំដែនកម្ពុជា ឱ្យបង្កើនការរឹតបន្តឹងនៅតំបន់ព្រំដែនដោយហាមដាច់ខាតមិនឱ្យពលករខ្មែរឆ្លងដែលចូលទៅប្រទេសថៃដោយខុសច្បាប់អំឡុងពេលនេះ។ក្រសួងមហាផ្ទៃថៃបានជំរុញទៅអាជ្ញាធរមូលដ្ឋាននៅតំបន់ព្រំដែនទាំងអស់ឱ្យសហការជាមួយពលរដ្ឋថៃ ទប់ស្កាត់មិនឱ្យពលករបរទេសលួចឆ្លងដែនចូលទៅប្រទេសថៃជាដាច់ខាត។ បន្ថែមពីនេះសមត្ថកិច្ចថៃ ឲ្យស្នើឲ្យពលរដ្ឋថៃ ប្រសិនបើពួកគេ ប្រទះឃើញពលករបរទេសលួចឆ្លងដែនខុសច្បាប់ឱ្យរាយការណ៍ទៅអាជ្ញាធរថៃភ្លាមៗ។

គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ឧសភា អាជ្ញាធរថៃ ចាប់ពលករបរទេស រួមមាន ខ្មែរ ឡាវ (Lao) និង មីយ៉ាន់ម៉ា ឬភូមា (Myanmar) បាន ១.១២៦នាក់ ដែលបានលួចឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់ ក្នុងនោះពលករភូមា (Myanmar) និងកម្ពុជាច្រើនជាងគេ៖ «នៅទីប្រជុំគណៈកម្មការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ ថ្ងៃនេះ ក៏មានការពិភាក្សាគ្នា ដោយជំរុញឱ្យអាជ្ញាធរតាមដាន ការលបឆ្លងដែនចូលក្នុងប្រទេសតាមព្រំដែន ដោយសង្កត់ធ្ងន់លើការធ្វើការងាររបស់អាជ្ញាធររដ្ឋ យើងជ្រាបច្បាប់ថា ពួកគាត់ធ្វើការងារធ្ងន់រួចមកហើយ តែនៅពេលនេះសុំបង្កើនការពារតឹងតែងជាងមុន។ អ្វីដែលសំខាន់នោះសុំឱ្យការចូលរួមសហការពីពលរដ្ឋថៃ ដែលត្រូវការវិលត្រឡប់ប្រទេស សុំឱ្យចេញចូលប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋ ដែលមានស្តង់ដារ»។

នៅថ្ងៃទី១២ ឧសភា អាជ្ញាធរថៃចាប់ខ្លួនពលករខ្មែរចំនួន១៧នាក់ទៀត នៅតំបន់ព្រំដែនខេត្តស្រះកែវ (Sra Kaeo) ជាប់កម្ពុជា ដោយសារពួកគេលួចឆ្លងដែនដោយខុសច្បាប់។ ពលករខ្មែរទាំងនោះត្រូវបានអាជ្ញាធរថៃបញ្ជូនទៅត្រួតពិនិត្យជំងឺកូវីដ១៩ នៅខេត្តស្រះកែវ មុននឹងបញ្ជូនពួកគេត្រឡប់ទៅកម្ពុជាវិញ។ សារព័ត៌មានរបស់ថៃ (77kaoded) ចុះផ្សាយនៅថ្ងៃទី១៣ ឧសភាថា អាជ្ញាធរថៃនឹងចាត់វិធានការតាមច្បាប់ ចំពោះពលករបរទេសណាដែលឆ្លងដែនចូលទឹកដីថៃចម្ងាយលើសពី១០គីឡូម៉ែត្រពីព្រំដែន ហើយប្រសិនបើក្រោម ១០គីឡូម៉ែត្រនឹងបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ។

ទាក់ទងនឹងបញ្ហានេះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធ ឡោះ ប្រាប់អាស៊ីសេរីថា លោកមិនទាន់ទទួលព័ត៌មានអំពីពលករខ្មែរដែលថៃចាប់ខ្លួនទាំងនោះនៅឡើយទេ។ លោកថា អាជ្ញាធរកម្ពុជា ក៏រឹតបន្តឹងនៅតំបន់ព្រំដែនជាប់ប្រទេសថៃដែរ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩។ លោកបញ្ជាក់ថា កងកម្លាំងការពារព្រំដែនខេត្តបន្ទាយមានជ័យឃាត់ខ្លួនពលករខ្មែរចំនួន២៦នាក់ ដោយសារពួកគេលបឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់នៅថ្ងៃទី១២ ឧសភា៖ «យើងនៅតែបន្តការរឹតបន្តឹងមិនឱ្យឆ្លងដែនខុសច្បាប់ ហើយទី២យើងបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដទាំងចេញទាំងចូល ព្រោះស្ថានភាពបច្ចុប្បន្ននេះកម្ពុជាក៏ដូចជាពិភពលោកដែរ កំពុងតែប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩។ អីចឹងយើងនៅតែបន្តរឹតបន្តឹងទៀត» ។

ជុំវិញរឿងនេះមន្ត្រីអង្គការសង់ត្រាល់ (Central) ទទួលបន្ទុកផ្នែកពលករលោក ឌី ថេហូយ៉ា យល់ថា មូលហេតុ ដែលពលករខ្មែរនៅតែបន្តលួចឆ្លងដែនទៅប្រទេសអំឡុងពេលនេះ ដោយសារពួកគាត់ជីវភាពក្រីក្រ និងគ្មានការងារធ្វើនៅក្នុងស្រុក ហើយពលករមួយចំនួនចាញ់បោកក្រុមមេខ្យល់។ លោកបញ្ជាក់ថា ការឆ្លងដែនអំឡុងពេលនេះប្រឈមនឹងគ្រោះថ្នាក់ច្រើនជាពេលកន្លងទៅ មានដូចជា ប្រឈមនឹងអាជ្ញាធរថៃចាប់ខ្លួនដាក់ពន្ធនាគារ ទាហានថៃបាញ់ស្លាប់ និងប្រឈមការឆ្លងជំងឺកូវីដ១៩ ជាដើម៖ «ខ្ញុំគិតថា ទោះបីជាក្នុងកាលៈទេសៈការរឹត បន្តឹងការចេញយ៉ាងណាក៏ដោយ ក៏នៅតែមានមេខ្យល់នាំចេញនាំចូលដដែល។ ប្រសិនបើថៃក្រពុលមុខ ដោយថ្មីៗ នេះ មជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា ការរីករាលដាលមេរោគហ្នឹង ព្យាបាលទម្លាក់កំហុសដល់ពលករឆ្លងដែនចេញចូលខុសច្បាប់ហ្នឹងហើយ ដែលអ្នកនាំរោគ ហើយអាការឃោសនាបែបនេះធ្វើឱ្យមានការខឹងសម្បារមានការរើសអើង និងអាចឈានទៅដល់ប្រើប្រាស់ហិង្សា»។ លោក ឌី ថេហូយ៉ា បន្តថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលខ្មែរគួរតែផ្ដល់ស្បៀងអាហារជូនដល់ពលរដ្ឋ ដែលរងគ្រោះដោយសារការរាតត្បាតជំងឺកូវីដ១៩ ឱ្យបានដល់ដៃគ្រប់គ្នា។ បន្ថែមពីនេះលោកថា រដ្ឋាភិបាលក៏គួរទប់ស្កាត់កុំឱ្យបន្លែបរទេសហូរចូលមកកម្ពុជាតាមអំពើចិត្តដូចសព្វថ្ងៃទៀត ដើម្បីជួយដល់កសិករក្នុងស្រុកដែលគ្មានការងារធ្វើអាចដាំដុះបន្លែលក់រកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ។

ជាមួយគ្នានេះក្រសួងសុខាភិបាល ប្រកាសនៅថ្ងៃទី១៣ ឧសភាថា អ្នកជំងឺកូវីដ-១៩ ចំនួន ៦នាក់បន្ថែមទៀតបានស្លាប់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់ចំនួន ១៤២នាក់។ ចំណែកករណីឆ្លងថ្មីវិញ ក្រសួងបញ្ជាក់ថា មានចំនួន ៤៤១នាក់ ក្នុងនោះមាន ១៥នាក់ ជាករណីនាំចូល ហើយក្រៅពីនេះសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍។ នៅថ្ងៃដដែលនេះ អ្នកជំងឺ ៩៨០នាក់ផ្សេងទៀតបានជាសះស្បើយ៕

website_news/2021180508.txt · Last modified: 2021/05/19 12:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki