website_news:2021180801

ប្រទះឃើញប្រុសស្រី និងកុមារ សរុប១៥នាក់ កំពុងពួនក្នុងព្រៃ លុះសួរនាំទើបដឹង

https://kohsantepheapdaily.com.kh/ Banteay Meanchey១៥ ខែ សីហា ឆ្នាំ ២០២១ ម៉ោង ១០:៤៥

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋប្រុសស្រី មានទាំងកុមារផងសរុបចំនួន១៥នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍បឹងសាគូ នៃនគរបាលការពារព្រំដែនគោកលេខ៩១១ សហការជាមួយកម្លាំងចម្រុះជួរមុខធ្វើកាឃាត់សួរនាំខណៈឃើញវិលត្រឡប់ពីថៃ និងចាញ់បោកមេខ្យល់អស់ប្រាក់ម្នាក់ៗ៦០០០បាត។ ករណីខាងលើកើតឡើងកាលពីវេលាទៀបភ្លឺថ្ងៃទី១៤ សីហា ២០២១ នៅបន្ទាត់ព្រំដែនក្នុងភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ប្រជាពលរដ្ឋទាំង១៥នាក់ខាងលើនេះ (ស្រី៥នាក់និងកុមារ២នាក់) ដោយពួកគាត់៩នាក់ រស់នៅខេត្តបន្ទាយមានជ័យ, ៤នាក់រស់នៅខេត្តកណ្តាល, ១នាក់រស់នៅខេត្តកំពង់ស្ពឺ និង១នាក់រស់នៅខេត្តបាត់ដំបង។ យោងការសាកសួរ ប្រជាពលរដ្ឋទាំងនេះមាន១១នាក់ ជាអាជីវករលក់ដូរនៅផ្សាររុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ និង៤នាក់ជាកម្មករធ្វើការនៅជិតព្រំដែន ។

លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិបឹងសាគូ នៃនគរបាលការពារព្រំដែនគោកលេខ៩១១ ប្រាប់តាម បណ្តាញសង្គមវ៉ាស់អាប់ថា ប្រជាពលរដ្ឋទាំងនេះចាញ់បោកមេខ្យល់ម្នាក់ៗអស់ប្រាក់៦០០០បាត។ យោងការសាកសួរពួកគាត់ប្រាប់សមត្ថកិច្ចថា ដំបូងគេដឹកទៅស្រុកអារញ្ញតាមរថយន្ត ហើយឲ្យដើរមកព្រំដែនវិញអស់ជាច្រើនម៉ោងទើបដល់។ លោកនាយប៉ុស្តិ៍បន្តថា មេខ្យល់គ្រោងនាំពលរដ្ឋទាំង១៥នាក់នេះចូលមកកម្ពុជា ដើម្បីបញ្ចៀសកាធ្វើចត្តាឡីស័ក និងគេចពីសមត្ថកិច្ចតែដោយកម្លាំងចម្រុះធ្វើកាល្បាត ដើម្បីពង្រឹងសន្តិសុខ និងទប់ស្កាត់រាល់បទល្មើសពិសេសទប់ស្កាត់កូវីដកុំឲ្យឆ្លងចូលសហគមន៍តាមបទបញ្ជារបស់ថ្នាក់លើ ពិសេសប្រមុខរាជរដ្ឋាភិ បាលពេលប្រទះឃើញប្រជាពលរដ្ឋទាំងនេះកំពុងពួនក្នុងព្រៃ៤ទៅ៥កន្លែង ទើបសមត្ថកិច្ចហៅសួរនាំទាំងអស់តែម្តង។ ជនសង្ស័យជាមេខ្យល់បានគេចខ្លួនបាត់ស្រមោលសង្ស័យរត់ចូលទៅទឹកដីថៃវិញ ។ ទោះយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋទាំង១៥នាក់ ក្រោយឃាត់សួរនាំសមត្ថកិច្ចបានធ្វើការបញ្ជូនទៅទីតាំងធ្វើតេស្តរហ័សនៅស្ថានីយរថភ្លើងក្នុងក្រុងប៉ោយប៉ែត។ តាមប្រភពថា ក្នុងចំណោមពលរដ្ឋ១៥នាក់ខាងលើ រកឃើញវិជ្ជមានកូវីដ១៩ចំនួន៣នាក់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័កមួយកន្លែងនៅឯក្រុងសិរីសោភ័ណ ចំណែក១២នាក់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅសាលាព្រហ្មនិមិត្តក្នុងក្រុងប៉ោយប៉ែតតាមវិធានការរបស់ក្រសួងសុខាភិបាល ៕

website_news/2021180801.txt · Last modified: 2021/08/18 10:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki