website_news:2021180804

ថ្ងៃនេះពលករមកពីថៃជាង ៦០០នាក់ ចូលមកកម្ពុជា តាមច្រកអូរស្មាច់, លោកអភិបាលខេត្ត ណែនាំពលករឱ្យគោរពវិធានការបង្ការជំងឺកូវីដ១៩

http://freshnewsasia.com/ 2021-08-15 09:07pm

(ឧត្តរមានជ័យ)៖ គិតត្រឹមម៉ោង ៥នាទីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ ពលករត្រឡប់មកពីប្រទេសថៃចំនួន ៦២១នាក់ បានចូលមកកម្ពុជាវិញតាមច្រកអន្តរជាតិអូរស្មាច់ ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ក្នុងចំណោមពលករទាំងអស់ត្រូវបានអនុវត្តន៍តាមវិធានការនានារបស់ក្រសួងសុខាភិបាល ពិសេសការធ្វើតេស្តរហ័ស ដើម្បីស្វែងរករកមេរោគកូវីដ១៩ និងបញ្ជូនទៅធ្វើចត្តាឡីស័ក។

លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពការវិលត្រឡប់របស់ពលករដែលធ្វើចំណាកស្រុកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។ នៅក្នុងឱកាសនោះ លោកអភិបាលខេត្តឧត្តរមានជ័យ បានណែនាំពលករទាំងអស់ ត្រូវចូលរួមអនុវត្តន៍ឱ្យបានគ្រប់ៗគ្នា នូវវិធានាការនានារបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

លោកអភិបាលខេត្ត បានលើកឡើងថា ស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យបានវិវត្តន៍ដល់ចំណុចមួយគួរឱ្យព្រួយបារម្ភខ្ពស់ តែស្ថិតក្នុងការគ្រប់គ្រងបាន ដោយវាបាននិងកំពុងឆ្លងរាលដាលចូលដល់សហគមន៍។ ក្នុងនោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បាននិងកំពុងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ លោក ប៉ែន កុសល្យ បានឱ្យដឹងដែរថា ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក្នុងខេត្ត ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចប្រមុខរាជរដ្ឋាភិបាលនោះ ខេត្តទទួលបាននូវរថយន្តសង្គ្រោះ រោងតង់ គ្រែពេទ្យ និងសម្ភារ វេជ្ជសាស្រ្ត រួមនឹងគ្រឿងឧបភោគបរិភោគ ឃីតដំណេកជាដើម។ ក្នុងនោះក្រោមការដឹកនាំ និងចុះអនុវត្តផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត, លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត និងនាយឧត្តមសេនីយ៍ ខេង សុមេធ ក្រុមការងារកំពុងដំណើរការរៀបចំពង្រីកមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលកំរិតធ្ងន់ក្នុងខេត្ត ដែលនឹងរួចរាល់នាពេលដ៏ឆាប់ខាងមុខដើម្បីបំពេញសេចក្តីត្រូវការបន្ថែមនៃសភាពការណ៍ចំពោះមុខ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យរកឃើញអ្នកជំងឺកូវីដ១៩ សរុប ៥,៥៧៣នាក់ (ករណីនាំចូលពីបរទេស ៤.៦៣១នាក់ និងករណីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ៩៤១នាក់)។ ក្នុងនោះ បានសម្រាកព្យាបាលនៅក្នុងខេត្តឧត្តរមានជ័យមានចំនួន ៣,៤៤០នាក់ ដោយព្យាបាលជាសះស្បើយ ២,២២៨នាក់, ស្លាប់ ០៩នាក់ និងកំពុងសម្រាកព្យាបាល ១,២០៣នាក់។ ក្នុងចំនួនអ្នកជំងឺទាំង ៣,៤៤០នាក់ ដែលបានសម្រាកព្យាបាលនៅក្នុងខេត្តមាន៖ * វីរុសបំប្លែងខ្លួនប្រភេទអាល់ហ្វា (Alpha) ចំនួន ៣,៣១៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ២,២១១នាក់ និងកំពុងព្យាបាល ១,០៩៥នាក់។ * វីរុសបំប្លែងខ្លួនប្រភេទដែលតា (Delta) ចំនួន ១២៥នាក់ (ស្រី ៥៧នាក់) ក្នុងនោះព្យាបាលជាសះស្បើយ ១៧នាក់ (ស្រី ១០នាក់) និងកំពុងព្យាបាល ១០៨នាក់ (ស្រី ៤៧នាក់)៕

website_news/2021180804.txt · Last modified: 2021/08/18 10:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki