website_news:2021180806

មន្ត្រីទូតកម្ពុជានិងប៉ូលិសម៉ាឡេស៊ីជួយអន្តរាគមន៍បញ្ជូនពលករខ្មែរម្នាក់ ឱ្យវិលមកកម្ពុជាវិញ

https://www.postkhmer.com/ ឃុត សុភចរិយា | Publication date 15 August 2021 | 17:55 ICT

ភ្នំពេញៈ មន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី និងប៉ូលិសអន្តោប្រវេសន៍ នៃប្រទេសនេះកាលថ្ងៃទី ១៥ ខែសីហា បានបញ្ជូនពលករនេសាទខ្មែរម្នាក់ឱ្យមកកាន់កម្ពុជាវិញ បន្ទាប់ពីជួយសង្គ្រោះគាត់ពីការលោតចូលក្នុង សមុទ្រ ដើម្បីគេចពីការប៉ុនប៉ងប្រព្រឹត្តមិនល្អពីក្រុមពលករបរទេស ដែលធ្វើការលើទូកនេសាទជាមួយគ្នា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។

បើតាមសេចក្ដីជូនដំណឹងចុះថ្ងៃទី១៥ សីហា ពលករខ្មែររូបនេះ ឈ្មោះ ប៉ិ ពឿន អាយុ៤១ឆ្នាំ មានលំនៅក្នុងភូមិត្រឡាចស ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង ។ គាត់បានទៅធ្វើការនៅលើទូកនេសាទដោយខុសច្បាប់នៅតំបន់ Panchor នៃរដ្ឋ Perak របស់ម៉ាឡេស៊ី តាមរយៈ មេខ្យល់ កាលពីដើមឆ្នាំ២០២០។ នៅក្នុងសេចក្ដីជូនដំណឹងនេះ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថា៖«ដោយមានអារម្មណ៍ថាពលករបរទេសផ្សេងទៀតដែលធ្វើការលើទូកនេសាទជាមួយគ្នាមានបំណងធ្វើបាប គាត់ក៏បានសម្រេចចិត្តលោតពីលើទូកដោយបណ្តែតខ្លួនជាមួយពោងរយៈពេល៤ថ្ងៃ នៅលើផ្ទៃសមុទ្រ ទើបត្រូវប៉ូលិសជើងទឹកប្រចាំតំបន់Lumut រដ្ឋPerak ជួយសង្គ្រោះ នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២១»។ បើតាមលោក កុយ គួង បន្ទាប់ពីទទួលបានព័ត៌មាននោះ ក្រុមការងារស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ក៏បានសហការជាមួយមន្ត្រីប៉ូលិសជើងទឹកប្រចាំតំបន់ ដោយបានណែនាំឱ្យក្រុមភ្នាក់ងារស្ម័គ្រចិត្តនៅរដ្ឋ Perak ទៅទទួលពលកររងគ្រោះពីការិយាល័យប៉ូលិសជើងទឹកនិងផ្តល់ការហូបចុក កន្លែងស្នាក់នៅជាបណ្តោះអាសន្ននៅរដ្ឋ Penang ជាប់ព្រំប្រទល់រដ្ឋ Perak។ ទោះយ៉ាងណា ពលកររងគ្រោះនោះមិនមានព័ត៌មានអ្វីទាំងអស់ពាក់ព័ន្ធនឹងថៅកែទូក ហើយស្នើសុំស្ថានទូត ជួយអន្តរាគមន៍ឱ្យបានត្រឡប់ទៅកម្ពុជាវិញ។

លោក គួង បានបន្ថែមថា តាមរយៈកម្មវិធី Repatriation Recalibration Plan លោក ប៉ិ ពឿនត្រូវបានស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ីចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន និងសម្របសម្រួលជាមួយមន្ត្រីអន្តោប្រវេសន៍ម៉ាឡេស៊ី ជួយចាត់មន្ត្រីជូនដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ KLIA ដើម្បីឱ្យគាត់វិលត្រឡប់មកកម្ពុជាវិញតាមជើងយន្តហោះ អាកាសចរណ៍សិង្ហបុរីលេខ SQ158 ដែលត្រូវមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅម៉ោង ៥:៣០ នាទីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២១៕

website_news/2021180806.txt · Last modified: 2021/08/18 10:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki