website_news:2021180807

នគរបាលការពារព្រំដែនគោក លេខ៩១១ ស្ទាក់ចាប់បានក្រុមពលករខ្មែរ ខណៈមេខ្យល់ លួចនាំឆ្លងដែន ខុសច្បាប់

https://www.rasmeinews.com/ 15 August, 2021

ដោយៈ ប.ជ័យ / ព្រំដែនកម្ពុជា ថៃៈ កម្លាំងនគរបាលការពារព្រំដែនគោក លេខ៩១១ និងយោធា កងពលតូច ថ្មើរជើងលេខ៥១ កាលពី វេលាម៉ោង ៣ កន្លះ យប់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១ បានស្ទាក់ចាប់បាន ពលករខ្មែរ ចំនួន ១៧ នាក់ ដែលចាញ់បោកមេខ្យល់ លួចនាំឆ្លងដែនខុសច្បាប់ ហើយបានដើរជិតដល់ ព្រំដែនកម្ពុជា ថៃ ទាំងយប់ងងឹតឈឹងនោះ ។

លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍ការពារព្រំដែន បឹងសាគូ នៃនគរបាលការពារព្រំដែនគោក ៩១១ បានអោយដឹង នៅថ្ងៃទី១៥ ខែសីហានេះថាៈ ពលករទាំងនោះ បានខំរត់ដើរទាំងប្រថុយប្រថាន ក្នុងចម្ងាយផ្លូវថ្មើរជើងប្រមាណ ៤១០ គីឡូម៉ែត្រ ហើយមកដល់ភូមិសាស្ត្រ ឈរជើងនៃនគរបាល ការពារព្រំដែន វរៈ ៩១១ របស់លោក ក៏ត្រូវបានកម្លាំងចម្រុះ នគរបាល និងយោធា ឃាត់ខ្លួន។ លោកបានបន្តថាៈ ក្នុងជំហានមុនគេ គឺត្រូវយកសំណាក រកមេរោគកូវីដ១៩ ពីក្នុងចំណោមពលករ ចំនួន ១៧ នាក់នោះ លទ្ធផលតេស្តរហ័ស ( Rapid Test) រកឃើញ ៥ នាក់ វិជ្ជមាន ជំងឺកូវីដ ១៩ ។ អ្នកវិជ្ជមាន ត្រូវបានគ្រូពេទ្យយករថយន្តពេទ្យដឹកទៅមណ្ឌលព្យាបាល ។ ឯអ្នកអវិជ្ជមាន ត្រូវបញ្ជូនទៅ មណ្ឌលចត្តាឡីស័ក ។

លោកវរសេនីយ៍ រស់ ពិសិដ្ឋ បានបន្តថាៈ ពលករអវិជ្ជមាន ត្រូវរង់ចាំសួរនាំ និងធ្វើកំណត់ហេតុ នៅប៉ុស្តិ៍នគរបាល ការពារព្រំដែនគោក បឹងសាគូ សិន ។ ឆ្លៀតឱកាសនោះ អនុវត្តតាមបទបញ្ជា មេបញ្ជាការវរៈ លោកសូមបងប្អូនពលរដ្ឋ កុំជឿតាមមេខ្យល់ ដែលថានាំឆ្លងដែន ទៅរកការងារធ្វើ នៅប្រទេសថៃ ឬនាំពីថៃ ឆ្លងដែនមកកម្ពុជាវិញ ព្រោះពួកវានោះ រង់ចាំតែបោកប្រាស់ យកតែលុយ បងប្អូនប៉ុណ្ណោះ ៕/V

website_news/2021180807.txt · Last modified: 2021/08/18 10:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki