website_news:2021181001

ដេញចាប់ជនជាតិថៃ ៨នាក់ ប្រុងឆ្លងដែនទៅធ្វើការនៅកម្ពុជា ធ្វើឲ្យទាហានម្នាក់រងរបួសបាក់ដៃ

https://www.kampucheathmey.com/ ថ្ងៃព្រហស្បតិ៍ ១៤ តុលា ២០២១ដោយ Sorn Phanith

ជនជាតិថៃ ៨នាក់ ដែលខំធ្វើដំណើរមកពីបណ្តាខេត្តមួយចំនួន ត្រូវបានកម្លាំងយោធាថៃ ក្នុងកងរយលេខ ១២ សហការជាមួយតម្រួតព្រំដែនលេខ ៤ ធ្វើការប្រដេញតាមរថយន្ត ដើម្បីឃាត់ខ្លួន រហូតប៉ះទង្គិចជាមួយរថយន្ត បណ្តាលឲ្យរងរបួសបាក់ដៃឆ្វេងម្ខាង ខណៈដែលពួកគេកំពុងធ្វើដំណើតាមរថយន្ត ដើម្បីត្រៀមឆ្លងដែនចូលទៅធ្វើការនៅក្នុងប្រទេសកម្ពុជា។ ការឃាត់ខ្លួនជនជាតិថៃទាំង ៨ នាក់ នេះ គឺបានធ្វើឡើង នៅវេលារំលងអធ្រាត្រ ឈានចូលយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅពេលដែលកម្លាំងសមត្ថកិច្ចថៃ កំពុងធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន ក៏បានប្រទះឃើញរថយន្តមួយគ្រឿងម៉ាកអ៊ីស៊ុយស៊ុយ ឌុយមេក ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្រះកែវ ដែលកំពុងធ្វើដំណើរត្រង់ចំណុចណងយ៉ាកែវ ក្នុងឃុំគោកខ្យូង ស្រុកគោកខ្យូង ខេត្តស្រះកែវ នៅពេលមានការសង្ស័យទើបកម្លាំងចាប់ផ្តើមដេញរហូត ដោយរថយន្តបើកគេចទាល់តែធ្លាក់ផ្លូវ និងធ្វើឲ្យប៉ះទង្គិចដល់មន្ត្រីយោធាម្នាក់ឲ្យរងរបួសធ្ងន់ផងដែរ (ដោយអ្នកបើកបររត់គេចខ្លួន)។

ក្រោយពីកម្លាំងចូលទៅពិនិត្យ គឺឃើញមានជនជាតិថៃចំនួន ៨ នាក់ ស្រី៤នាក់ ក្រោយពីកម្លាំងបានសាកសួររួចមក ជនជាតិថៃទាំងអស់ បានសារភាពថា ពួកគេទាំងអស់ គឺមកពីខេត្តស្រះកែវចំនួន ២ នាក់ ទីក្រុងបាងកក ចំនួន ១ នាក់ ខេត្តភិតប៊ូន ចំនួន ១ នាក់ ខេត្តកាំផែងភិត ចំនួន ២ នាក់ ខេត្តឡឺយ ចំនួន ១ នាក់ និងខេត្ត ឈៀងរ៉ា ចំនួន ១ នាក់ ដោយមានបំណងឆ្លងដែនទៅធ្វើការក្នុងកាស៊ីណូអនឡាញ នាក្រុងប៉ោយប៉ែត ដោយនៅទីនោះឮថាបានប្រាក់ខែខ្ពស់ តែនៅពេលពួកគេមកដល់ក្បែរព្រំដែន តែក៏ត្រូវចាប់ខ្លួនតែម្តង ។ បច្ចុប្បន្នក្រោយពេលឃាត់ខ្លួន និងក្រោយពេលដែលក្រុមគ្រូពេទ្យបានពិនិត្យសុខភាពរួចមក ពួកគេទាំងអស់ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានតម្រួត ស្រុកគោកខ្យូង ដើម្បីអនុវត្តតាមវិធានការច្បាប់៕ អត្ថបទ៖ សោ និយមរ័ត្ន

website_news/2021181001.txt · Last modified: 2021/10/18 10:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki