website_news:2021181003

សមត្ថកិច្ចទប់ស្កាត់ពលរដ្ឋខ្មែរជិត២០០នាក់ បម្រុងលួចឆ្លងដែនទៅប្រទេសថៃ ខណៈមេខ្យល់ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់

https://news.btv.com.kh/ 10/14/2021 03:10 PM

បាត់ដំបង ៖ កម្លាំងសមត្ថកិច្ចការពារព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបង បានធ្វើការទប់ស្កាត់ពលរដ្ឋខ្មែរជិត២០០នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ ទៅរកការងារធ្វើនៅប្រទេសថៃ ខណៈមេខ្យល់ត្រូវបានកំណត់មុខសញ្ញា ឃាត់ខ្លួនបានជាបន្តបន្ទាប់ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ផងដែរ។ លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានថ្លែងឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃ កងកម្លាំងវរៈនគរបាលការពារព្រំដែនគោកលេខ៨១៩ បានធ្វើការឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន១៨៨នាក់ ដែលត្រូវបានមេខ្យល់រៀបចំនាំចេញឆ្លងដែនទៅប្រទេសថៃដោយច្បាប់។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ កម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ ៨១៩ សហការជាមួយកងកម្លាំងកងពលពលតូចថ្មើជើងលេខ៥៣ និងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានស្ទាក់និងឃាត់ខ្លួនពលរដ្ឋខ្មែរជិត២០០នាក់ មានទាំងមនុស្សចាស់ ប្រុស ស្រី និងក្មេង តូចៗដែលត្រូវបានមេខ្យល់បម្រុងលួចនាំឆ្លងដែនទៅប្រទេសថៃ ហើយពួកគេភាគច្រើនជាប្រជាពលរដ្ឋដែលមកពី បណ្តាខេត្តតាកែវ និងខេត្តព្រៃវែង ក្នុងគោលបំណងលួចឆ្លងដែន ដើម្បីស្វែងរកការងារធ្វើទាំងមិនបានគិតពីស្ថានភាពប្រទេសជិតខាងកំពុងមានវិបត្តិកូវីដ១៩។ លោក បានបន្ថែមថា បន្ទាប់ពីទប់ស្កាត់ការលួចឆ្លងដែនរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា កម្លាំងសមត្ថកិច្ចក៏បានបន្តស៊ើបអង្កេត ស្វែងរក និងឃាត់ខ្លួនមេខ្យល់ ម្ចាស់សំណាក់ និងអ្នកផ្ដល់ទីតាំងឲ្យពលរដ្ឋស្នាក់នៅមុនលួចឆ្លងដែន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់។

ចំពោះប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកម្លាំងសមត្ថកិច្ចការពារព្រំដែនបានឃាត់ខ្លួននោះ បន្ទាប់ពីសួរនាំ អប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការលួចឆ្លងដែនខុសច្បាប់ ពួកគេត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញរៀងៗខ្លួនអស់ហើយ។ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ ជាពិសេសប្រភេទដែលតា(Delta)នៅកម្ពុជា កងកម្លាំងចម្រុះការពារព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបង បានធ្វើការទំនាក់ទំនង និងសហការយ៉ាងជិតស្និទជាមួយភាគីថៃ ដើម្បីទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋខ្មែរលបលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃដោយមិនស្របច្បាប់៕

website_news/2021181003.txt · Last modified: 2021/10/18 10:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki