website_news:2021181004

ឃាត់ខ្លួនមេខ្យល់ម្នាក់ ដែលកំពុងនាំពលករ ២ នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃ

https://www.kampucheathmey.com/ ថ្ងៃព្រហស្បតិ៍ ១៤ តុលា ២០២១ដោយ Kang Tola

បាត់ដំបង ៖ មុខសញ្ញានាំមនុស្សឆ្លងដែន ១ នាក់ក្នុងចំណោមបក្ខពួក ៣ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅក្បែព្រំដែនថៃ រួមជាមួយនឹងពលករចំនួន ២ នាក់ ផងដែរ ដែលពួកគេបម្រុងធ្វើសកម្មភាពឆ្លងដែនចូលទៅប្រទេសថៃ ដោយគ្មានច្បាប់អនុញ្ញាត។ ការឃាត់ខ្លួននេះបានធ្វើឡើង នាថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ៥ និង ១៥ នាទី ព្រឹក នៅចំណុចដីថៃ ជាប់មាត់អូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្ត្រ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយ កម្លាំង វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៧ កម្លាំងវរលេខ១ និង កម្លាំងវរសេនាតូចលេខ ៥៣៣ ប្រចាំការតាមមាត់អូរព្រំដែនត្រង់ចំណុចខាងលើ។

ក្រោយការសាកសួរ និងស្រាវជ្រាវ គឺករណីការនាំយកចេញដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែន (ចូលទៅក្នុងប្រទេសថៃ ) នេះ បង្កឡើងដោយជនសង្ស័យជាមេខ្យល់ចំនួន ៣ នាក់ ១.ឈ្មោះ អូន ចេវ ភេទប្រុស អាយុ ៤៥ ឆ្នាំ មានទីលំនៅ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន (ឃាត់ខ្លួនបាន) ២. ឈ្មោះ ញ៉ាញ់ ភេទប្រុស អាយុប្រហែល ៥៥ ឆ្នាំ មានទីលំនៅ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន (រត់គេចខ្លួន) និង ៣.ឈ្មោះ ពៅ ភេទស្រី អាយុប្រហែល ៣៥ ឆ្នាំ (ស្នាក់នៅធ្វើការក្នុងប្រទេសថៃ) បានធ្វើសកម្មភាព ទាក់ទងគ្នា លួចនាំពលករចំនួន ២ នាក់ រួមមាន ១.ឈ្មោះ សំ ចាន់រ៉ា ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិអន្លង់ចារ ឃុំព្រះស្ដេច ស្រុកពាមជរ ខេត្តព្រៃវែង និង ២.ឈ្មោះ ភឿក ពិសិដ្ឋ ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅ ភូមិជ្រួល ឃុំកន្សោមអក កំពង់ត្របែក ខេត្តព្រៃវែង ដោយយកប្រាក់ថ្លៃធ្វើដំណើរពីពលករ ក្នុងម្នាក់ ៦.០០០ បាត។

ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ចំនួនម្នាក់ ខាងលើ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំពោះពលករទាំង ២ នាក់ កម្លាំងសមត្ថកិច្ចបាន ធ្វើការអប់រំណែនាំ និង ចុះកិច្ចសន្យា ព្រមទាំងអោយវិលត្រឡប់ទៅមូលដ្ឋានវិញ៕ សោ និយមរ័ត្ន

website_news/2021181004.txt · Last modified: 2021/10/18 10:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki