website_news:2021181006

ពលករខ្មែរ២២នាក់ ចាញ់បោកមេខ្យល់យកទៅប្លុងចោលនៅភូមិតេជោភ្នំឆ័ត្រ ៣១៧

https://www.kampucheathmey.com/ ថ្ងៃព្រហស្បតិ៍ ១៤ តុលា ២០២១ដោយ Kang Tola

បន្ទាយមានជ័យ ៖ រកឃើញពលករខ្មែរចំនួន ២២ នាក់ ត្រូវបានមេខ្យល់យកមកប្លុងចោលនៅផ្ទះមួយកន្លែងស្ថិតក្នុងភូមិតេជោ ភ្នំឆ័ត្រ៣១៧ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងនៅថ្ងៃទី១៤ ខែតុលា២០២១នេះថា កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេកនិងលោកមេភូមិ តេជោភ្នំឆ័ត្រ ៣១៧ និងអ្នកភូមិបានរកឃើញពលករទាំងនោះនៅចំណុចផ្ទះរបស់ឈ្មោះ សួន ម៉ាង ភេទប្រុសអាយុ ៣៩ឆ្នាំ នៅភូមិឃុំ ខាងលើ(ក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ )។ ពលករទាំង ២២ នាក់ ក្នុងនោះមានមកពីខេត្តឧត្តរមានជ័យចំនួន៦ នាក់ (ស្រី៣នាក់) មកពីខេត្តបាត់ដំបង១នាក់ (ប្រុស) មកពីខេត្តព្រះវិហារ ៦នាក់(ស្រី៣នាក់)មកពី ខេត្តបន្ទាយមានជ័យ ៩ នាក់(ស្រី២នាក់)។ ពលករបានប្រាប់សមត្ថកិច្ចថា ពួកគេមានបំណងទៅរកការងារធ្វើនៅប្រទេសថៃ ហើយមេខ្យល់នាំផ្លូវ និងដឹកជញ្ជូនតម្លៃ ៦.៥០០ បាតក្នុង១នាក់ៗ (ពេលទៅដល់ប្រទេសថៃ)។ ចំណែកអ្នករស់នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យចំនួន៧នាក់បាននិយាយថា ពួកគាត់ជិះឡានមកដល់ភូមិតេជោភ្នំឆ័ត្រដោយថ្លៃឡាន១នាក់ៗ ចំនួន២០ម៉ឺនរៀល។

មុខសញ្ញាមេខ្យល់និងម្ចាស់រថយន្តបានរត់គេចខ្លួនតែបន្សល់ទុកតែរថយន្តម៉ាកនីសាន់ មួយបាំងកន្លះពណ៌ស ស៊េរីឆ្នាំ ១៩៩៥ ពាក់ស្លាកលេខសៀមរាប 2A 3605 ចង្កូតស្ដាំ ចំនួន១ គ្រឿង។ នគរបាលបានយកមករក្សាទុកនៅកន្លែងអធិការដ្ឋានគរបាលស្រុកស្វាយចេកហើយ។ ចំណែកពលករទាំង ២២ នាក់ ក្រោយធ្វើការសួរនាំរួចនគរបាលបានបញ្ជូនឱ្យទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យស្វាយចេកជាមុនសិន នៅមុនពេលអនុញ្ញាតឱ្យវិលទៅភូមិកំណើតវិញ៕ ដោយ ៖ ណារី

website_news/2021181006.txt · Last modified: 2021/10/18 10:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki