website_news:2021181007

៤ ថ្ងៃ អាជ្ញាធរទប់ស្កាត់ការលបលួចឆ្លងដែនទៅប្រទេសថៃ បានជិត ២០០ នាក់

https://www.postkhmer.com/ នៅ ស៊ីវុត្ថា | Publication date 14 October 2021 | 17:58 ICT

បាត់ដំបងៈ គិតចាប់តាំងពីថ្ងៃទី ១០ ខែតុលា រហូតមដល់ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២១ នេះអាជ្ញាធរស្រុកកំរៀងខេត្តបាត់ដំបងបានឃាត់ខ្លួន និងទប់ស្កាត់ប្រជាពលរដ្ឋដែលលបលួចឆ្លងដែនចូលទៅក្នុងប្រទេសថៃ ដោយខុសច្បាប់មានចំនួនជិត ២០០ នាក់ ខណៈដែលមេខ្លោងចំនួន១១នាក់ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់។

លោកអភិបាលស្រុកកំរៀង លោក សុក គឹមខុន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២១ ថា ប្រជាពលរដ្ឋខ្មែរដែលមានបំណងឆ្លងចូលទៅប្រទេសថៃ ដោយខុសច្បាប់នេះ ព្រោះពួកគេបានឮតាមគ្នាថា ប្រទេសថៃ បើកច្រកវិញ ក៏បាននាំគ្នាសម្រុកមក ហើយមានចំនួនច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។ លោកបានបន្តថា ពលរដ្ឋខ្មែរទាំងនេះ ក៏ធ្លាប់បម្រើការងារជាពលករនៅក្នុងប្រទេសថៃ កាលពីអំឡុងពេលដែលប្រទេសថៃរីករាលនៃជំងឺកូវីដ ១៩ ហើយពួកគេក៏ត្រឡប់មកកាន់កម្ពុជាវិញ។មកទល់ពេលនេះ ពួកគាត់មើលឃើញពីភាពស្ងប់ស្ងាត់ទាំងប្រទេសថៃ និងកម្ពុជា ពួកគាត់ក៏មានបំណងត្រឡប់ទៅវិញ ខណៈពេលដែលព្រំដែនមិនទាន់ត្រូវបានបើកច្រកជាផ្លូវការនៅឡើយ។ លោកបន្តទៀតថា មួយទៀត គឺបងប្អូនរបស់ពួកគាត់ដែលកំពុងរស់នៅក្នុងប្រទេសថៃ បានទូរស័ព្ទហៅឱ្យត្រឡប់ទៅវិញ ដើម្បីបានទៅបេះ ផ្លែមៀននៅក្នុងប្រទេសថៃ ព្រោះរដូវមៀនបានមកដល់ ហើយខ្វះកម្លាំងពលកម្ម។ ដូច្នេះពួកគាត់ចេះតែកៀរគរឱ្យត្រឡប់ទៅវិញ។ ជាមួយគ្នានេះ សមត្ថកិច្ចស្រុកក៏បានឃាត់ខ្លួន និងញ្ជូនមេខ្លោងជាច្រើនទៅតុលាការផងដែរ។

លោក សុក គឹមខុន បានបញ្ជាក់ថា៖ «យើងបានធ្វើការស្រាវជ្រាវ ពួកគាត់ដែលកំពុងស្នាក់នៅផ្ទះសំណាក់ រួចក៏ឃាត់ខ្លួនសួរនាំ ថ្ងៃខ្លះក៏មានចំនួនច្រើន ថ្ងៃខ្លះក៏មានចំនួនតិច ហើយបានអប់រំ និងបញ្ជូនគាត់ឱ្យត្រឡប់ទៅលំនៅឋានស្រុកកំណើតគាត់វិញអស់ហើយ ព្រោះគាត់មិនទាន់បានឆ្លងទៅថៃទេ»។ បើតាម លោក សុក គឹមខុន ប្រជាពលរដ្ឋដែលមានបំណងឆ្លងចូលទៅប្រទេសថៃ ដោយខុសច្បាប់នេះ បានស្នាក់នៅក្នុងមូលដ្ឋានស្រុកកំរៀងក្នុងរយៈពេល ១ ឬ ២ ថ្ងៃ ហើយបន្តលួចទៅឆ្លងទៅតាមច្រករបៀង ឬច្រកផ្សេងៗ ប៉ុន្តែអាជ្ញាធរស្រុកពិនិត្យឃើញប្លែកមុខ ក៏បានសួរនាំ រួចក៏ដឹងពីមូលហេតុទើបបញ្ជូនឱ្យទៅកាន់ស្រុកកំណើតរៀងៗខ្លួន វិញ ។

លោក សួស សុភក្ត្រ ប្រធានមន្ទីរព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៤ ខែតុលាថា ពាក់ព័ន្ធនឹងបញ្ហានេះ គណៈបញ្ជាឯកភាពខេត្តបានបើកកិច្ចប្រជុំនៅថ្ងៃទី ១៤ នេះ ដើម្បីរិះរកវិធីដើម្បីទប់ស្កាត់ពលរដ្ឋខ្មែរដែលមានបំណងលបលួចឆ្លងចូលទៅកាន់ប្រទេសថៃ ដោយខុសច្បាប់។ ទាក់ទងនឹងបញ្ហានេះដែរ កាលពីថ្ងៃទី ១២ ខែតុលា កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀងបានបង្ក្រាបទប់ស្កាត់បានទាន់ពេលវេលាប្រជាពលរដ្ឋដែលប៉ុនប៉ងលបលួចឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសថៃ ដោយខុសច្បាប់បានចំនួន ១៣០ នាក់ ដែលជាចំនួនច្រើនជាងគេ ក្នុងនោះមានស្រី្តចំនួន ៥២ នាក់ និងកុមារចំនួន ១៣ នាក់ផង ស្ថិតនៅចំណុចភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង៕

website_news/2021181007.txt · Last modified: 2021/10/18 10:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki