website_news:2021190101

លោកជំទាវ ជូ ប៊ុនអេង ៖ កម្ពុជា-ថៃ សន្យាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការទប់ស្កាត់ការជួញដូរមនុស្ស

https://www.cen.com.kh/ January 18, 2021

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលនៃប្រទេសថៃ បានសន្យានឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតក្នុងកិច្ចការទប់ស្កាត់ការជួញដូរមនុស្ស ខណៈភាគីទាំងពីរ ក៏បានបញ្ចប់នូវសេក្តីព្រាងច្បាប់ចុងក្រោយរបស់ផងខ្លួន ស្តីពី សហប្រតិបត្តិការពង្រឹងការអនុវត្តច្បាប់ទាក់ទងនឹងបញ្ហាការជួញដូរមនុស្សដែរនោះ។

ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីកិច្ចប្រជុំ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ តាមរយៈវីដេអូខុនហ្វឺរ៉េន លើសេចក្តីព្រាងចុងក្រោយ នៃកិច្ចសហប្រតិបត្តិការពង្រឹងការអនុវត្តច្បាប់ រវាងកម្ពុជា និងថៃ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានលើកឡើងថា ការធ្វើសេចក្តីព្រាងច្បាប់នេះ គឺដើម្បីធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសភូមិផងរបងតែមួយនេះ មានប្រសិទ្ធភាពបន្ថែមទៀតក្នុងការបង្ក្រាបការជួញដូរមនុស្ស ឬក៏ឧក្រិដ្ឋកម្មឆ្លងដែនជាដើមនោះ។ លោកជំទាវរដ្ឋលេខាធិការក៏បានលើកឡើងផងដែរថា មិនមែនតែរាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ ដែលមានការព្រួយបាម្ភចំពោះពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ដោយខ្លាចក្រែងពួកគេរងការជួញដូរមនុស្សនេះ រដ្ឋាភិបាលថៃក៏បានគិតគួរដែរ ដោយរហូតមានការឯកភាពគ្នាធ្វើសេចក្តីព្រាងច្បាប់នេះឡើង ដើម្បីបង្ការពួកគាត់កុំឲ្យជួបបញ្ហាទាំងនេះ ខណៈពួកគេស្ថិតនៅមានហានិភ័យកាន់តែខ្លាំងពីពួកឱកាសនិយម ក្នុងការដែលប្រទេសទាំងពីរកំពុងជួបវិបត្តិនៃការរាតត្បាតនូវមេរោគកូវិដ១៩នោះ។ សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ នៃកិច្ចសហប្រតិបត្តិការពង្រឹងការអនុវត្តច្បាប់ រវាងកម្ពុជា និងថៃត្រូវបានមន្ត្រីអន្តរក្រសួងនៃប្រទេសទាំងពីរ សម្រេចព្រមព្រៀងគ្នារួចជាស្ថាពរហើយ ដោយរង់ចាំឆ្លងមតិ បន្ថែមនៃថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរតែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

website_news/2021190101.txt · Last modified: 2021/01/19 11:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki