website_news:2021190102

កម្ពុជា-ថៃ ប្តេជ្ញារួមគ្នា ទប់ស្កាត់ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនឲ្យកាន់តែមានប្រសិទ្ធភាព

https://kampucheathmey.com/ on January 18, 2021 By Sorn Phanith

ខណៈពេលដែលសេក្តីព្រាងច្បាប់ ស្តីពីសហប្រតិបត្តិការពង្រឹងការអនុវត្តច្បាប់ទាក់ទងនឹងបញ្ហាការជួញដូរមនុស្សជិតបញ្ចប់នោះរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសថៃ បានសន្យានឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការទប់ស្កាត់ការជួញដូរមនុស្សនិងឧក្រិដ្ឋកម្មឆ្លងឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ថ្លែងប្រាប់អ្នកយកព័ត៌មាន ក្រោយពីកិច្ចប្រជុំតាមរយៈវីដេអូខុនហ្វឺរ៉េនលើសេចក្តីព្រាងចុងក្រោយនៃកិច្ចសហប្រតិបត្តិការពង្រឹងការអនុវត្តច្បាប់ រវាងកម្ពុជា និងថៃនាព្រឹកថ្ងៃទី១៨ មករា នេះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បានមានប្រសាសន៍ថា ការធ្វើសេចក្តីព្រាងច្បាប់នេះ គឺដើម្បីធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសកម្ពុជានិងថៃ បង្ក្រាបការជួញដូរមនុស្ស ឬក៏ឧក្រិដ្ឋកម្មឆ្លងដែនឲ្យមានប្រសិទ្ធភាពបន្ថែមទៀត។ លោកស្រីបានបន្តថា សេចក្តីព្រាងច្បាប់ នៃកិច្ចសហប្រតិបត្តិការពង្រឹងការអនុវត្តច្បាប់ រវាងកម្ពុជា និងថៃ ត្រូវបានមន្ត្រីអន្តរក្រសួងនៃប្រទេសទាំងពីរ សម្រេចព្រមព្រៀងគ្នារួចជាស្ថាពរហើយ ដោយរង់ចាំឆ្លងមតិ បន្ថែមពីថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរតែប៉ុណ្ណោះ។ លោកស្រីបន្តទៀតថា« មិនមែនតែរាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ ដែលមានការព្រួយបារម្ភចំពោះពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ដោយខ្លាចក្រែងពួកគេរងការជួញដូរមនុស្សនេះ រដ្ឋាភិបាលថៃក៏បានគិតគូរដែរ ដោយរហូតមានការឯកភាពគ្នាធ្វើសេចក្តីព្រាងច្បាប់នេះឡើង ដើម្បីបង្ការពួកគាត់កុំឲ្យជួបបញ្ហាទាំងនេះ ខណៈពួកគេស្ថិតនៅមានហានិភ័យកាន់តែខ្លាំងពីពួកឱកាសនិយម ក្នុងការដែលប្រទេសទាំងពីរកំពុងជួបវិបត្តិនៃការរាតត្បាតនូវមេរោគកូវីដ១៩នោះ»៕ អត្ថបទ៖ សំអឿន

website_news/2021190102.txt · Last modified: 2021/01/19 11:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki