website_news:2021190103

ជិត ១ ខែ បានរកឃើញវិជ្ជមានកូវីដលើពលករខ្មែរមកពីថៃ ៦៩ នាក់

https://www.postkhmer.com/ មុំ គន្ធា | Publication date 18 January 2021 | 09:59 ICT

ភ្នំពេញៈ ត្រឹមរយៈពេលជិត ១ ខែប៉ុណ្ណោះចាប់ពីថ្ងៃទី ២០ ធ្នូ ដល់ថ្ងៃទី ១៧ មករា ពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃតាមច្រកនៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃចំនួន ៦៩ នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ ១៩ ដោយក្នុងនោះពលករដែលបានព្យាបាលជាសះស្បើយ ២១ នាក់។ ចំនួននៃអ្នកឆ្លងវីរុសកូវីដ ១៩ នៅតែបន្តកើតមានឡើង ដែលជាហេតុធ្វើឱ្យក្រសួងសុខាភិបាល និងក្រសួងការងារបន្តអំពាវនាវដល់ពលករ និងពលរដ្ឋទាំងអស់ត្រូវបន្តការប្រុងប្រយ័ត្ន និងអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលជាប់ជាប្រចាំ។

ដោយសង្កេតឃើញមានការឆ្លងកូវីដ ១៩ អំឡុងពេលពលករខ្មែរនៅប្រទេសថៃធ្វើដំណើរវិលត្រឡប់មកវិញដោយលួចលាក់ និងខុសពីបម្រាមអាជ្ញាធរថៃនោះលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងជាប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ អំពាវនាវជាថ្មីដល់ពលករកម្ពុជាកំពុងស្នាក់នៅ និងធ្វើការ នៅប្រទេសថៃ សុំបន្តស្នាក់នៅទីនោះបន្តទៀត និងចៀសវាងការចល័តពី ១ កន្លែងទៅ ១ កន្លែង។ លោកថ្លែងថា៖ «សូមបងប្អូនពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃមេត្តារក្សាភាពនឹងនរ និងបន្តស្នាក់នៅ ១ កន្លែងដោយពុំទាន់ចាំបាច់ឆ្លងដែនវិលត្រឡប់មកស្រុកកំណើតវិញនោះទេ។ សូមជឿទុកចិត្តលើសមត្ថភាព និងលទ្ធភាពទប់ស្កាត់ និងព្យាបាល ជំងឺកូវីដ ១៩ របស់អាជ្ញាធរថៃ»។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលឱ្យដឹងពីថ្ងៃទី ១៥ មករា តាមរយៈសារជាសំឡេងថា បច្ចុប្បន្នថ្វីដ្បិតប្រទេសកម្ពុជាបានបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ក៏ពិតមែន ប៉ុន្តែបញ្ហាការចម្លងក៏ដូចជាការរាតត្បាតនៃជំងឺកូវីដ ១៩ គឺនៅតែជាបញ្ហាសុខភាពសាធារណៈដែលទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នខ្ពស់។លោកស្រីថ្លែងដូចនេះ បន្ទាប់ពីកាលពីថ្ងៃទី ១៥ ខែមករា ក្រសួងសុខាភិបាលបានរកឃើញពលករខ្មែរចំនួន ១៥ នាក់បានឆ្លងវីរុសកូវីដ១៩ក្នុងរយៈពេលតែ ១ ថ្ងៃ។ លោកស្រីថា៖ «នេះជាចំនួនច្រើន ដែលយើងបានគិតទុកជាមុនរួចទៅហើយថានឹងអាចមានការកើនឡើងនូវចំនួនអ្នកឆ្លងវីរុសកូវីដ១៩ជាបន្តបន្ទាប់ទៀត។ ដូច្នេះសុំឱ្យបងប្អូនយើង កុំមានការធ្វេសប្រហែសឱ្យសោះ»។ អ្នកនាំពាក្យរូបនេះបន្តថា៖ «ខ្ញុំក៏ធ្លាប់បានជម្រាបជូន ក៏ដូចជាធ្វើការណែនាំសាធារណជនទាំងអស់ជារឿយៗរួចមកហើយថា យើងងាយស្រួលក្នុងការបំភ្លេចវីរុសកូវីដ១៩ដោយយើងគិតថា ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា បានបិទបញ្ចប់ហើយ។ ដូច្នេះហាក់ដូចជា មិនមានបញ្ហាអីដែលជាការព្រួយបារម្ភទៀតទេចំពោះបញ្ហាវីរុសកូវីដ ១៩។ កាលណាគិតបែបនេះ គឺជាការមើលងាយខ្លួនយើង។ យើងបានដាក់ខ្លួនយើងបើកចំហទូលំទូលាយណាស់សម្រាប់ឱ្យវីរុសកូវីដ១៩ វាយលុកចូលមកក្នុងសរីរាង្គកាយរបស់យើងងាយស្រួលបំផុត»។លោកស្រីថា ពលរដ្ឋទាំងអស់ត្រូវបន្តការរស់នៅតាមធម្មតាបែបគន្លងថ្មីដោយអនុវត្តុឱ្យបានខ្ជាប់ខ្ជួនវិធានការការពារ។

តាមរបាយការណ៍ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ១៧ មករា កម្ពុជាមានអ្នកជំងឺកូវីដ ១៩ ចំនួន ៤៣៩ នាក់ ក្នុងនោះពលករខ្មែរមកពីប្រទេសថៃ ៦៩ នាក់។ រីឯអ្នកព្យាបាលជាសះស្បើយ ៣៨៥ នាក់។ ឯអ្នកជំងឺកូវីដ ១៩ កំពុងសម្រាកព្យាបាលមានចំនួន ៥៤ នាក់៕

website_news/2021190103.txt · Last modified: 2021/01/19 11:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki