website_news:2021190106

គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពង់ចាម បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំ ឆ្នាំ២០២០

https://www.pdikampongcham.info/ ១៨ ខែមករា ២០២១ អត្ថបទ៖ ទឹម សំណាង

គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពង់ចាម កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និង លោក លោកស្រី ជាអភិបាលរងក្រុង ស្រុក ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាច្រើនរូបទៀត ផងដែរ ។

នាឱកាសនោះ លោកជំទាវ ប៉ាង ដានី បានលើកឡើងថា នាបច្ចុប្បន្នប្រព័ន្ធអប់រំផ្សព្វផ្សាយ បានផ្សព្វផ្សាយថា ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅក្នុងបរិបទសង្គម ដែលកំពុងតែមានវិបត្តិជម្ងឺកូវីដ ១៩ ក៏មានជនទុច្ចរិត ឆ្លៀតក្នុងឱកាស ធ្វើសកម្មភាពជួញដូរមនុស្ស ។ អញ្ចឹងទេ យើងជាគណៈកម្មាការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូវតែរួបរួមគ្នា ខិតខំធ្វើការងារនេះ ឲ្យបានជោគជ័យ ។ លោកជំទាវ បានរំលឹក ដល់អង្គប្រជុំផងដែរថា ប្រជាពលរដ្ឋ ដែលបានធ្វើចំណាកស្រុក ទៅកាន់ប្រទេសជិតខាមានចំនួនសរុបទាំងអស់ ១៣.៥៨២នាក់ ប៉ុន្តែ ចំនួនប្រជាពលរដ្ឋ ដែលស្របច្បាប់មានចំនួន ១០.៦៨០នាក់ ប៉ុណ្ណោះ និងបានធ្វើចំណូលស្រុកត្រឡប់មកវិញ គិតត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ មានចំនួនសរុប ៦.១១៣នាក់ ។

នេះជាចំនួនដ៏ច្រើន ដែលត្រូវត្រឡប់មកវិញក្នុងនោះ ប្រជាពលរដ្ឋចំណាកស្រុកច្រើនជាងគេ គឺនៅ ៖ ១.ស្រុកស្ទឹងត្រង់ ដែលមានប្រមាណជា ២.៥៩៣នាក់ ក្នុងនោះ មានស្ត្រី១.៣៣៣នាក់។ ទី២.ស្រុកព្រៃឈរ ២.០៥៣នាក់ ។ ទី៣.ស្រុកកងមាស និងតិចជាងគេ គឺនៅក្នុងក្រុងកំពង់ចាម មាន ៥៧៣នាក់ ។ ដោយឡែក ចំពោះ អ្នកចំណូលស្រុកវិញ គិតត្រឹមថ្ងៃ១៨ ខែមករា ឆ្នាំ២០២១ នេះ ស្រុកដែលច្រើនជាងគេ គឺ ៖ ១.ស្រុកចំការលើ មានចំនួន ១.២៣៣នាក់ ។ ទី២.ស្រុកព្រៃឈរ មានចំនួន ៨.២០១នាក់ ។ ៣.ស្រុកកំពង់សៀម មានចំនួន ៨០៩នាក់ និងស្រុកដែលតិចជាងគេគឺស្រុកស្រីសន្ធរ ។ ប៉ុន្តែ ចំណូលស្រុក របស់ក្រុងកំពង់ចាម មានចំនួន ៨៩៣នាក់ ខណៈដែលអ្នកចាកចេញស្របច្បាប់ មានចំនួន ៥៧៣នាក់ តែដល់ពេលចំណូលស្រុកវិញ មានចំនួន ៥៩៣នាក់ ។ ជាមួយគ្នានោះដែរ លោកជំទាវ ក៏បានថ្លែងនូវការកោតសរសើរ ចំពោះ ក្រុមការងារទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច កន្លងមក ។ ប៉ុន្តែ នៅឆ្នាំបន្ទាប់នេះ យើងទាំងអស់គ្នា ត្រូវតែមានផែនការ សកម្មភាព មានរបាយការណ៍ច្បាស់លាស់ ដើម្បី បញ្ជាក់ពីសកម្មភាបការងារ ដែលយើងទាំងអស់គ្នា បាន យកចិត្តទុកដាក់ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅគ្រប់បណ្ដាគោលដៅ ផងដែរ ៕

website_news/2021190106.txt · Last modified: 2021/01/19 11:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki