website_news:2021190108

កូវីដ១៩៖ អាជ្ញាធរថៃអំពាវនាវឲ្យពលករទាំងអស់ចុះឈ្មោះធ្វើប័ណ្ណស្នាក់នៅស្របច្បាប់ក្នុងប្រទេសថៃ

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 18/01/2021 - 08:06

អាជ្ញាធរថៃបានអំពាវនាវឲ្យពលករទាំងអស់ រួមទាំងពលករកម្ពុជាផង ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ទៅចុះឈ្មោះធ្វើប័ណ្ណស្នាក់នៅស្របច្បាប់នៅក្នុងប្រទេសថៃ ដើម្បីច្រៀសវាងការដាក់ទោសពីអាជ្ញាធរថៃ។ ការចេញមកអំពាវនាវជាថ្មីម្តងទៀតនេះ គឺធ្វើឡើងដើម្បីទប់ស្កាត់ការចម្លងបន្តនូវជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ និងដើម្បីឲ្យអាជ្ញាធរមានភាពងាយស្រួលក្នុងការតាមដានសុខភាពពលករទាំងនោះ។ នេះបើយោងតាមកាសែត បាងកកប៉ុស្តិ៍ ចុះផ្សាយនៅថ្ងៃចន្ទទី១៨មករានេះ។

លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលសម្រាប់ស្ថានភាពកូវីដ១៩ថៃ កាលពីម្សិល មិញបានចេញមកអំពាវនាវឲ្យពលករទាំងអស់ ដែលកំពុងស្ថិតនៅប្រទេសថៃ ទៅចុះឈ្មោះស្នើសុំប័ណ្ណស្របច្បាប់ពីក្រសួងការងារថៃ។ បើតាមអ្នកនាំពាក្យ ការធ្វើបែបនេះ គឺដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ជាបន្តដោយមិនដឹងប្រភព ព្រោះថាបើតាមការសន្និដ្ឋានមានពលករកំពុងធ្វើការនៅប្រទេសថៃ ប្រមាណជាង៥ម៉ឺននាក់ ជាពលករខុសច្បាប់ ដែលជាបញ្ហាបារម្ភរបស់អាជ្ញាធរថៃ ក្នុងការតាមដានពួកគេ។ ក្នុងចំណោមពលករខុសច្បាប់ទាំងអស់ រួមមានពលករមកពីប្រទេសកម្ពុជា ពលករមកពីប្រទេសភូមា និងប្រទេសឡាវ ត្រូវទៅធ្វើការចុះឈ្មោះសុំប័ណ្ណស្របច្បាប់ ចាប់ពីដើមខែមករាដល់ថ្ងៃទី១៣កុម្ភៈ ហើយអាជ្ញាធរនឹងមិនពិន័យ ឬដាក់ទោសទណ្ឌលើពួកគេនោះឡើយនៅក្នុងស្ថានការណ៍នៃជំងឺកូវីដ១៩។ បើតាមអ្នកនាំពាក្យដដែរ វិធានការបែបនេះ គឺដើម្បីគ្រប់គ្រងស្ថានការណ៍ឆ្លងនៃជំងឺកូវី១៩ឲ្យបានល្អប្រសើរ និងធ្វើឲ្យអាជ្ញាធរមានភាពងាយស្រួលនៅក្នុងការតាមដានសុខភាពពួកគេ។ ទន្ទឹមនេះដែរ ក្រោយពីការចុះឈ្មោះសុំភាពស្របច្បាប់រួច ពលករទាំងអស់នឹងអាចស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃដោយស្របច្បាប់ចំនួន២ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោក Taweesilp Visanuyothin។

គិតមកទល់ពេលនេះ ក្រសួងសុខាភិបាលថៃ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ មានរហូតដល់ ១២ ០៥៤នាក់ ស្លាប់៧០នាក់ និងកាលពីថ្ងៃទី១៧ ខែមករា ម្សិលមិញ អាជ្ញាធរថៃបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣៧៤នាក់។ រាប់ចាប់តាំងពីមានការផ្ទុះរាលដាលជំងឺកូវីដ១៩ជាសហគមន៍នៅខេត្តសាមុត សាខន កាលពីខែធ្នូកន្លងទៅ ពេលនេះខេត្តចំនួន៦១ទៀត ក៏ត្រូវបានរកឃើញថាមានអ្នកវិជ្ជមានជំងឺកូវី១៩ដែរ លើកលែងតែខេត្តចំនួន១៦ប៉ុណ្ណោះ មិនទាន់មានការរកឃើញ។ ជាមួយគ្នានេះ ពលករចំណាកស្រុកកម្ពុជា ក៏ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ផងដែរ ទាំងនៅក្នុងប្រទេសថៃ និងពលករដែលត្រលប់ចូលមកកម្ពុជាវិញ។ អាជ្ញាធរកម្ពុជា បានរកឃើញពលករខ្មែរចំនួន៦៩នាក់ បានឆ្លងជំងឺកូវីដ១៩ ក្រោយត្រលប់មកពីប្រទេសថៃ ចាប់តាំងពីមានការផ្ទុះកូវីដ១៩ជាសហគមន៍ នៅខេត្តសាមុត សាខន កន្លងមក៕

website_news/2021190108.txt · Last modified: 2021/01/19 11:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki