website_news:2021190204

តុលាការចោទប្រកាន់ និងឃុំខ្លួនអតីតអធិការស្រុកកំរៀង ពាក់ព័ន្ធករណីដោះលែងមេខ្យល់នាំពលករទៅថៃ

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 18 February 2021 | 10:27 ICT

បាត់ដំបងៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្ដបាត់ដំបងបានសម្រេចចោទប្រកាន់ លោក គឹម ពន្លក អតីតអធិការនគរបាលស្រុកកំរៀង ដាក់ពន្ធនាគារនៅថ្ងៃទី ១៦ ខែកុម្ភៈ តាមច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ។ នេះបើតាមលោក ផាន រតនា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្ដបាត់ដំបង។ លោក ផាន រតនា បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួន លោក គឹម ពន្លកហើយតាមបទចោទការនាំចេញដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែនតាមច្បាប់ ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទតាមមាត្រា ៨ និងមាត្រា ១១»។

លោក គឹម ពន្លក ត្រូវបានលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ចេញអនុក្រឹត្យឱ្យអនុវត្ដពិន័យមន្ដ្រីនគរបាលជាតិ សម្រេចដកហូត និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជាកាលពីថ្ងៃទី ១៥ ខែកុម្ភៈពាក់ព័ន្ធករណី ការដោះលែងមេខ្យល់នាំពលករចេញ-ចូលតាមច្រកព្រំដែនកម្ពុជា-ថៃខុសច្បាប់ និងគេចវេះពីវិធានការសុខាភិបាល។ លោកនាយករដ្ឋមន្ដ្រីបានថ្លែងប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកថា ករណីលោក គឹម ពន្លក នេះក្រៅពីដកឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ លោកបានបញ្ជាឱ្យអភិបាលខេត្ត និងអគ្គស្នងការនគរបាលជាតិត្រូវបន្តចាត់ការអនុវត្តតាមផ្លូវច្បាប់បន្ថែមទៀតដើម្បីផ្តន្ទាទោសមន្ដ្រីពុករលួយរូបនេះដាក់ពន្ធនាគារទុកជាការព្រមានដល់ជនទាំងឡាយផ្សេងទៀតកុំឱ្យប្រព្រឹត្តទង្វើបែបនេះ។

លោក យិន ម៉េងលី មន្ដ្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបាត់ដំបងបានទទូចឱ្យសមត្ថកិច្ចអនុវត្ដច្បាប់ឱ្យបានតឹងរ៉ឹងចំពោះសមត្ថកិច្ចដែលឃុបឃិតជាមួយមេខ្យល់ នាំពលករចេញ-ចូលតាមច្រកព្រំដែន ដែលមិនគោរពតាមវិធានសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាលបែបនេះ។ លោកថ្លែងថា៖ «ការឃុបឃិតដោះលែងមេខ្យល់នាំពលករឆ្លងដែនបើមើលទៅហាក់បីដូចជារឿងតូច ប៉ុន្ដែរឿងនេះជាបញ្ហាធំប៉ះពាល់ដល់សន្ដិសុខជាតិ ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គមទាំងមូល។ បើសិនជាមេខ្យល់នាំពលករចូលទៅក្នុងផ្ទៃប្រទេសហើយបើមានផ្ទុកមេរោគកូវីដ ១៩ វានឹងបង្កផលប៉ះពាល់ដល់ខេត្ដ ស្រុក ឬឈានដល់ការបិទខេត្ដ ឬស្រុកនោះថែមទៀត»។ លោកបានអំពាវនាវឱ្យមានការអនុវត្ដច្បាប់តឹងរ៉ឹងចំពោះទង្វើល្មើសច្បាប់របស់សមត្ថកិច្ចអនុវត្ដច្បាប់បែបនេះ ដើម្បីទុកជាគំរូដល់ជនខិលខូចជាមេខ្យល់ពាក់ព័ន្ធក្នុងការនាំពលករចេញ-ចូលដោយខុសច្បាប់ ដែលគេចវេះពីវិធានការសុខាភិបាល។

លោក ហ៊ុន សែន កាលពីថ្ងៃទី ១៥ ខែកុម្ភៈ បានដាក់បទបញ្ជាឱ្យបណ្ដាខេត្ដនៅជាប់ព្រំដែន អនុវត្ដឱ្យបានម៉ឺងម៉ាត់ចំពោះមេខ្លោងដែលនាំពលករឆ្លងកាត់ព្រំដែនគេចវេះពីការធ្វើចត្ដាឡីស័ក និងត្រូវធ្វើការស្រាវជ្រាវរកមេខ្លោងដែលនាំពលករឆ្លងកាត់ព្រំដែនដោយខុសច្បាប់ គេចវេះពីវិធានការសុខាភិបាលនេះទៅតាមច្បាប់។

យោងតាមច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ មាត្រា ៨ ចែងថា ការនាំចេញដោយមិនស្របច្បាប់មានន័យថា ការធ្វើឱ្យមនុស្សម្នាក់ ផ្លាស់ទីពីកន្លែងដែលកំពុងរស់នៅទៅកាន់កន្លែងដទៃស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ខ្លួនតាមមធ្យោបាយបង្ខិតបង្ខំ គំរាមកំហែង បោកបញ្ឆោត បំពានដោយអំណាច ឬលួងលោម។ ការនាំអនីតិជន ឬជនដែលនៅក្រោមអាណាព្យាបាលទូទៅ ឬនៅក្រោមអ្នកគ្រប់គ្រងស្របច្បាប់ ដោយគ្មានអំណាចតាមផ្លូវច្បាប់ចេញពីការគ្រប់គ្រងស្របច្បាប់នោះ។ មាត្រា ១១ ការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែនគឺជនណាដែលនាំយកជនដទៃចេញដោយមិនស្របច្បាប់ក្នុងគោលដៅប្រគល់ ឬនាំយកទៅក្រៅប្រទេសកម្ពុជាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ ឆ្នាំ ដល់ ២០ ឆ្នាំ ក្នុងករណីដែលអំពើល្មើសប្រព្រឹត្តឡើងដោយមន្ដ្រីសាធារណៈដែលបំពានអំណាចរបស់ខ្លួនមកលើជនរងគ្រោះ៕

website_news/2021190204.txt · Last modified: 2021/02/19 11:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki