website_news:2021190205

ប៉ូលិសឃាត់ខ្លួនមនុស្សពីរនាក់ និងម្នាក់ទៀតបញ្ជូនទៅតុលាការ ករណីនាំមនុស្សឆ្លងដែនខុសច្បាប់

https://www.rfa.org/khmer/ ដោយ សន ចាន់រដ្ឋា 2021-02-18

កងកម្លាំងការពារព្រំដែនគោក លេខ៦០១ បានឃាត់បុរសខ្មែរចំនួន ២នាក់ នៅខេត្តកំពត ដែលបាននាំជនជាតិវៀតណាមចំនួន ៣នាក់ ឆ្លងដែនខុសច្បាប់ពីប្រទេសវៀតណាម ចូលមកខេត្តកំពត។ កងកម្លាំងការពារព្រំដែនគោក លេខ ៦០១ កាលពីថ្ងៃទី១៧ កុម្ភៈ បានឃាត់ខ្លួនមេខ្យល់ជនជាតិខ្មែរទាំង ២នាក់ នៅវេលាម៉ោង ៣ និង ៣០នាទីទៀបភ្លឺ។ សមត្ថកិច្ចបានកសាងសំណុំរឿង មេខ្យល់ជនជាតិខ្មែរទាំងពីរនាក់ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកជនជាតិវៀតណាម ដែលលួចឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់នោះ សមត្ថកិច្ចបានបញ្ជូនពួកគេ ប្រគល់អោយ យោធាការពារព្រំដែនវៀតណាម ដើម្បីធ្វើចត្តាឡីស័ក និងស្នើខាងភាគីវៀតណាម ផ្តល់លទ្ធផលធ្វើតេស្ដជំងឺកូវីដ១៩ មកខាងកម្ពុជា នៅពេលទទួលបានលទ្ធផល។

ស្រដៀងគ្នានេះដែរ សមត្ថកិច្ចខេត្តបន្ទាយមានជ័យ ឯណោះវិញ ក៏បានបញ្ជូនបុរសជនជាតិខ្មែរម្នាក់ ឈ្មោះ ប៉ា សាមិត្រ អាយុ ៣២ឆ្នាំទៅតុលាការ បន្ទាប់ពីបុរសរូបនេះនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ។ កម្លាំងយោធាកងល្បាតទី៤ បានឃាត់ខ្លួន ប្ដីប្រពន្ធមួយគូនៅឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ប្តីប្រពន្ធមួយគូនេះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ពួកគេបានបង់លុយឱ្យបុរសម្នាក់ឈ្មោះ ប៊ុន ណយ ក្នុងម្នាក់ ៤.០០០បាត ដើម្បីជួយឱ្យពួកគេឆ្លងដែនមកធ្វើការនៅប្រទេសថៃ។ ពួកគេរៀបរាប់បន្ថែមថា បុរសឈ្មោះ ប៊ុន ណយ បានជូនពួកគេមកដល់ ភូមិល្បើកស្វាយ រួចពួកគេរង់ចាំដល់ទៀបភ្លឺម៉ោង ១ និងដើរចម្ងាយ ៤គីឡូម៉ែត្រ នឹងមានរថយន្តថៃមកចាំទទួល។

កងកម្លាំងយោធាល្បាត បានឱ្យពីរនាក់ប្ដីប្រពន្ធ ទូរស័ព្ទហៅបុរសឈ្មោះ ប៊ុន ណយ ដែលបានដឹកពួកគេមក ឱ្យមកទទួលពួកគេវិញ។ ប៉ុន្តែបុរសឈ្មោះ ប៊ុន ណយ មិនបានមក បែរជាឃើញបុរសម្នាក់ទៀតឈ្មោះ ប៉ា សាមិត្រ មកទទួលជំនួសវិញ ទើបត្រូវកម្លាំងយោធា កងល្បាតលេខ ៤ ឃាត់ខ្លួនតែម្ដង។ សមត្ថកិច្ច បានបញ្ជូនលោក ប៉ា សាមិត្រ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកពីរនាក់ប្ដីប្រពន្ធ សមត្ថកិច្ចបានបញ្ជូនពួកគេទៅធ្វើចត្តាឡីស័ក នៅក្រុងសិរីសោភ័ណ រួមជាមួយនឹងពលករចំនួន ៥នាក់ផ្សេងទៀត ដែលសមត្ថកិច្ចឃាត់ខ្លួន ពេលលួចឆ្លងដែនទៅប្រទេសថៃ កាលពីថ្ងៃទី១៦ ខែកុម្ភៈ៕

website_news/2021190205.txt · Last modified: 2021/02/19 11:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki