website_news:2021190206

អង្គភាពការពារព្រំដែន ប្រាប់ពលករខ្មែរ ដែលចូលស្រុក កុំឲ្យគេចពីអាជ្ញាធរ ដើម្បីចៀសវាងជួបគ្រោះថ្នាក់

https://thmeythmey.com/ 18, Feb 2021 , 3:53 pm ដោយ: សារព័ត៌មានថ្មីៗ

នាយកដ្ឋាននគរបាលការពារព្រំដែនគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់ពលករ កម្ពុជា ដែលវិលត្រឡប់ចូលកម្ពុជាវិញ តាមច្រកព្រំដែនគោក ឲ្យសហការជាមួយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ តាមរយៈសេចក្តីអំពាវនាវចេញនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នាយកដ្ឋាននគរបាលការពារព្រំដែនគោក ប្រាប់ពលករ កុំឲ្យជឿមេខ្យល់ ដែលនាំឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់ និងនាំគេចវេះពីការត្រួតពិនិត្យរបស់កងកម្លាំងការពារព្រំដែន។ នាយកដ្ឋាននគរបាលការពារព្រំដែនគោក ប្រាប់ដូច្នេះ ព្រោះដើម្បីឲ្យពលករ ចៀសផុតពីគ្រោះថ្នាក់ជាយថាហេតុណាមួយ ដែលអាចកើតឡើងក្នុងពេលធ្វើដំណើរឆ្លងដែន ដូចជា ជាន់មីន និងគ្រប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាដើម។

ថ្មីៗនេះ មានបុរសវ័យជាង៣០ឆ្នាំម្នាក់ ជាពលករខ្មែរនៅថៃ បានជាន់មីនផ្ទុះដាច់ជើងខាងស្តាំ ក្នុងខេត្តបន្ទាយមានជ័យ ពេលវិលមកកម្ពុជាវិញ។ បុរសនោះ មិនបានចូលតាមច្រក ដែលមានសមត្ថកិច្ចឈរជើងចាំត្រួតពិនិត្យនោះទេ ដោយគេចពីសមត្ថកិច្ច ហើយលួចចូលតាមផ្លូវផ្សេង ដែលគ្មានសមត្ថកិច្ច។ ជាមួយគ្នានេះ នាយកដ្ឋាននគរបាលការពារព្រំដែនគោក បញ្ជាក់ជាថ្មីថា អ្នកធ្វើចត្តាឡីស័ក មិនត្រូវចំណាយថវិកាលើការស្នាក់នៅនិងការហូបចុកឡើយ ដោយការចំណាយទាំងនេះ គឺជាបន្ទុករបស់រដ្ឋាភិបាល។ អ្នកដែលគេចវេះពីការធ្វើចត្តាឡីស័ក និងអ្នក ដែលគេចវេះពីកន្លែងធ្វើចត្តាឡីស័ក ក្នុងអំឡុងធ្វើចត្តាឡីស័ក ត្រូវពិន័យប្រាក់ពី១លានរៀលដល់៥លានរៀល។ នេះបើតាមអនុក្រឹត្យថ្មីរបស់រដ្ឋាភិបាល ដែលចេញនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

សម្តេចនាយករដ្ឋាមន្ត្រី ហ៊ុន សែន បានចេញបញ្ជាទៅកងកម្លាំង និងមន្ត្រីពាក់ព័ន្ធ ឲ្យពិនិត្យការឆ្លងដែនឲ្យបានម៉ត់ចត់ ហើយប្រជាពលរដ្ឋ ដែលឆ្លងដែនពីប្រទេសជិតខាង គឺ ថៃ វៀតណាម និង ឡាវ ចូលមកកម្ពុជាវិញ ចាំបាច់ត្រូវយកទៅធ្វើចត្តាឡីស័ក។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាទៅមន្ត្រីផ្នែកច្បាប់ដែរ ឲ្យអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង លើមេខ្យល់ឬមេខ្លោង ដែលនាំប្រជាពលរដ្ឋ ចូលមកកម្ពុជា ហើយនាំប្រជាពលរដ្ឋគេចពីការធ្វើចត្តាឡីស័ក។

រដ្ឋាភិបាលកម្ពុជា ចាត់វិធានការកាន់តែតឹងរឹងក្នុងការត្រួតពិនិត្យលើអ្នកឆ្លងដែន ពិសេសការនាំអ្នកឆ្លងដែន ទៅធ្វើចត្តាឡីស័ក គឺស្របពេលប្រទេសជិតខាង គឺថៃ និង វៀតណាម ផ្ទុះជំងឺកូវីដ-១៩ខ្លាំង ជាថ្មីឡើងវិញ៕

website_news/2021190206.txt · Last modified: 2021/02/19 11:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki