website_news:2021190208

សាច់ញាតិ និងសមត្ថកិច្ចព្រំដែន អំពាវនាវពលករធ្វើការនៅថៃ កុំជឿការញុះញង់ពួកមេខ្យល់

http://btv.com.kh/ 18/02/2021

បាត់ដំបង ៖ ពលរដ្ឋរស់នៅក្នុងប្រទេស ដែលត្រូវជាសាច់ញាតិ រួមទាំងកងកម្លាំងកំពុងការពារព្រំដែន បានអំពាវនាវដល់ពលករធ្វើការនៅប្រទេសថៃ បើត្រឡប់មកស្រុកកំណើតវិញ សូមកុំជឿតាមការញុះញង់ របស់ពួកមេខ្យល់នាំឆ្លងដែនខុសច្បាប់ និងគេចវេសពីការធ្វើចត្តាឡីស័ក គឺត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ទាំងអស់គ្នា ។ ពលរដ្ឋរស់នៅក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង មានបងប្អូនជាច្រើននាក់ កំពុងធ្វើការនៅប្រទេសថៃ បានលើកឡើងថា បងប្អូនទាំងអស់គ្នាបើមិនមានកិច្ចការអ្វីចាំបាច់នោះទេ កុំទាន់ធ្វើដំណើរបំលាស់ទី គឺបើធ្វើការ ឬស្នាក់នៅកន្លែងណា ត្រូវបន្តនៅទីនោះទៀត ចៀសវាងមានការឆ្លងជំងឺកូវីដ១៩ ។ ពលរដ្ឋ បានបន្តថា ប៉ុន្តែបើត្រឡប់មកស្រុកកំណើតវិញ ត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ គឺត្រឡប់តាមច្រកព្រំដែនស្របច្បាប់ កុំជឿតាមការញុះញង់អូសទាញរបស់ពួកមេខ្យល់ នាំឆ្លងដែនច្រករបៀងខុសច្បាប់ ឬឆ្លងអូរព្រំដែនជាដើម ព្រោះបើមកតាមច្រកស្របច្បាប់ គឺអាជ្ញាធរស្រួលគ្រប់គ្រង និងធ្វើចត្តាឡីស័កបានត្រឹមត្រូវ ការហូបចុកដោយឥតគិតថ្លៃ មិនមានយកប្រាក់នោះទេ ។

ក្នុងកិច្ចប្រជុំពិភាក្សាការទប់ស្កាត់ការឆ្លងដែនខុសច្បាប់របស់ពលករ ក្នុងអំឡុងនៃវិបត្តិជំងឺកូវីដ១៩នេះ កាលពីដើមសប្ដាហ៍នេះ ដោយមានការចូលរួមពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង លោក កែវ សេងឡូត មេបញ្ជាការកងពលតូចថ្មើរជើង លេខ៥៣ បានលើកឡើងថា ក្នុងបេសកម្ម ចាំឃ្លាំមើលសកម្មភាពរបស់ពលករឆ្លងដែនដោយខុសច្បាប់នៅភូមិសាស្ត្រខេត្តបាត់ដំបង គឺកងកម្លាំងនៅពេលយប់ដើរល្បាតទល់ភ្លឺ ហើយនៅពេលថ្ងៃ ដាក់វេនគ្នាសម្រាក់ ។ លោក បានបន្តថា សម្រាប់កងកម្លាំងការពារនៅជាប់មាត់អូរវិញ ពិសេសនៅភូមិសាស្ត្រស្រុកកំរៀង ជិតច្រកទ្វារអន្តរជាតិដូង (ឡែម) គឺមានសភាពស្អុយដែលពិបាកទ្រាំ ប៉ុន្តែក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ មើលសកម្មភាពលួចឆ្លងដែនរបស់ពលករ គេចវេសការធ្វើចត្តាឡីស័ក កងកម្លាំងត្រូវសម្រាក ហូបចុកអាហារនៅជាប់នឹងមាត់អូរ ដែលមានក្លិនស្អុយនោះជារៀងរាល់ថ្ងៃ ។ លោកមេបញ្ជាការ បានបញ្ជាក់ថា ទោះជាយ៉ាងនេះក្ដៅ ក៏កងកម្លាំងនៅតែបន្តការពារផលប្រយោជន៍ពលរដ្ឋ និងស្នើពលករចូលរួមអនុវត្តវិធានការសុខាភិបាល តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

គួរបញ្ជាក់ថា ចាប់ពីមានការផ្ទុះរីករាលដាលក្នុងសហគមន៍ខេត្តសាមុទសាខន ប្រទេសថៃ នៃជំងឺកូវីដ១៩ មានពលករចូលតាមច្រកព្រំដែនជាប់ខេត្តបាត់ដំបង ចំនួនជាង ៧៤០០នាក់ បាន បញ្ចប់ចត្តាឡីស័ក និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញជិត ៤ ០០០នាក់ និងកំពុងចត្តាឡីស័ក តាមមណ្ឌលនានាក្នុងខេត្តបាត់ដំបង ចំនួន ៣១០០នាក់ និងបានយកសំណាកជាង ៧ ១០០នាក់ ៕ អត្ថបទ ៖ បាន សុខរិទ្ធ

website_news/2021190208.txt · Last modified: 2021/02/19 12:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki