website_news:2021190401

ឯកឧត្តម អ៊ី ឈាន ណែនាំកងកម្លាំងការពារព្រំដែន មិនត្រូវគំរាមកំហែងពលករឆ្លងដែនមកពីថៃ

https://news.btv.com.kh/ 04/18/2021 11:04 AM

ប៉ៃលិន ៖ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានណែនាំកងកម្លាំងការពារព្រំដែន ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ជាប់ខេត្តចាន់បុរី ប្រទេសថៃ មិនត្រូវគំរាមកំហែងពលករឆ្លងដែនពីប្រទេសថៃជាដាច់ខាត ដោយត្រូវជួយសម្របសម្រួលពួកគេឲ្យបានពិនិត្យសុខភាព និងការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិរួមដំណើរដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀត កាលពីម្សិលមិញបានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងការពារព្រំដែន ដែលក្នុងឱកាសនេះឯកឧត្តម អ៊ី ឈាន បានថ្លែងការកោតសរសើរចំពោះការលះបង់របស់កងកម្លាំងជួរមុខនេះ ដែលជាការលះបង់ដ៏ធំធេង សម្រាប់ជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជាទាំងមូល និងបានជំរុញលើកទឹកចិត្តបន្ថែមទៀតដល់កម្លាំងទាំងអស់ឱ្យបន្តមានស្មារតីមោះមុត មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ឲ្យក្លាយទៅជាសាច់ឈាមតែមួយ។ ឯកឧត្តមបន្តថា ទោះបីនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនកំពុងមានការឆ្លងរាលដាលជំងឺកូវីដ១៩ ប៉ុន្តែបើនៅមានពលករទើបត្រឡប់មកពីប្រទេសថៃ ក្នុងអំពឡុងពេលនេះ កងកម្លាំងការពារព្រំដែនទាំងអស់ ត្រូវការពារសុខសុវត្ថិភាពពួកគេ មិនត្រូវគំរាមកំហែង បំភិតបំភ័យ ដោយឲ្យពួកគេឆ្លងដែនមកតាមសម្រួល រួចរាយការណ៍ទៅគ្រូពេទ្យជំនាញ ដើម្បីនាំពួកគេទៅ មណ្ឌលធ្វើចត្តាឡីស័ក ដែលបានរៀបចំរួច។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ក្រៅពីបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កងកម្លាំងទាំងបីប្រភេទ ជាកម្លាំងជួរមុខក្នុងការការពារបូរណភាពទឹកដី ថែរក្សាសន្តិសុខតាមជួរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឱ្យបានល្អប្រសើរ ព្រមទាំងទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែន និងការជួញដូរខុសច្បាប់។ ឯកឧត្តម អ៊ី ឈាន បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រី ជូនចំពោះកងកម្លាំងជួរមុខទាំងអស់ និងបានណែនាំដល់កងកម្លាំង ត្រូវរក្សាសុខភាពឲ្យបានល្អ ធ្វើអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំ ដើម្បីកុំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ចូលក្នុងគ្រួសារ សហគមន៍ ដោយមិនដឹងខ្លួន ព្រោះមិនដឹងថា បេសកកម្មមួយនេះចប់នៅពេលណាឡើយ ពិសេសត្រូវអនុវត្ត ៣កុំ ៣ការពារ ៕ អត្ថបទ៖ សុខរិទ្ធ

website_news/2021190401.txt · Last modified: 2021/04/19 12:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki