website_news:2021190701

ប្រើប្រាស់ថវិកាជាង ៣,៨ លានដុល្លារអាមេរិក ដើម្បីឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញន

https://kohsantepheapdaily.com.kh/ Phnom Penh ១៤ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ១៤:២៤

រាជធានីភ្នំពេញ ៖ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សម្រាប់វិស័យកិច្ចការពារកុមារ អ្នកធ្វើការពាក់ព័ន្ធ ជាពិសេសសម្រាប់កុមារ និងយុវជនគ្រប់រូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងទទួលបានការការពារសុវត្ថិភាពកាន់តែប្រសើរ នៅពេលកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើប នាយុគ្គសម័យឌីជីថលនេះ ។

នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ នេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ) និងក្រសួងមហាផ្ទៃ នឹងរៀបចំ ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥” តាមរយៈកម្មវិធីអនឡាញ ZOOM ដែលចំនួនថវិកាប៉ាន់ស្មាន សម្រាប់អនុវត្តផែនការសកម្មភាពនេះ គឺប្រមាណជាង ៣,៨ លានដុល្លារអាមេរិក សម្រាប់រយៈពេលជាង ៥ ឆ្នាំ ដែលគ្របដណ្តប់ទៅលើវិស័យយុទ្ធសាស្ត្រទាំង ៦ ។ ថវិកាចំនួន ៣៦ ភាគរយ គឺជាថវិកាផ្តល់ដោយរាជរដ្ឋាភិបាល និងថវិកា ៦៤ ភាគរយទៀត គឺជាការចូលរួមចំណែកពីដៃគូអភិវឌ្ឍន៍នានា ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ៖ «ស្របពេលនឹងវិបត្តិកូវីដ-១៩ កំពុងរាតត្បាតទូទាំងពិភពលោក ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន រឹតតែមានសារសំខាន់ ក្នុងការប្រាស្រ័យទាក់ទង និងដោះស្រាយគ្រប់បញ្ហា រួមទាំងការសិក្សាអប់រំរបស់កុមារ និងយុវជន យុវនារី ទាំងនៅទីក្រុង ទាំងជនបទ ដែលធ្វើឱ្យវិស័យបច្ចេកវិទ្យាព័ត៌មាននេះ រឹតតែទទួលបាននូវការពេញនិយមសម្រាប់ទំនាក់ទំនង និងអភិវឌ្ឍន៍គ្រប់វិស័យ ។ ទោះបីជាយ៉ាងនេះក្តី ការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន ក៏មានជ្រុងអវិជ្ជមានមួយចំនួន ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ខុសគោលដៅ និងដោយមានការជ្រៀតចូលពីក្រុមឧក្រឹដ្ឋជន ឆ្លៀតឱកាសទាញយកផលប្រយោជន៍ដោយខុសច្បាប់ និងប្រាសចាកពីគន្លងសីលធម៌ និងការអភិវឌ្ឍន៍ ដោយបង្កើតឱ្យមានការកេងប្រវ័ញ្ច និងឧក្រឹដ្ឋកម្មគ្រប់រូបភាព រួមទាំងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដែលជាទម្រង់ថ្មីមួយកំពុងរាលដាល និងបង្កហានិភ័យខ្ពស់ដល់កុមារនៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ» ។

គួរបញ្ជាក់ផងដែរថា ផែនការសកម្មភាពនេះ គឺជាការចូលរួមចំណែកដ៏ធំ បង្ហាញអំពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែង ជាពិសេសការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការការពារកុមារពីគ្រោះថ្នាក់ និងការកេងប្រវ័ញ្ចគ្រប់រូបភាពមកលើកុមារ ។ ផែនការនេះបានកំណត់នូវគោលដៅយុទ្ធសាស្ត្រសំខាន់ៗ រួមមាន ៖

១). ពង្រឹងប្រសិទ្ធភាពការអនុវត្តគោលនយោបាយ និងអភិបាលកិច្ច។

២). លើកកម្ពស់យុត្តិធម៌ព្រហ្មទណ្ឌ។

៣). លើកកម្ពស់វិធានការបង្ការ ទប់ស្កាត់ និងស្តារនីតិសម្បទាជនរងគ្រោះដោយអំពើកេងប្រវ័ញ្ចផ្លូវតាមប្រព័ន្ធអនឡាញ។

៤). ពង្រឹងសុវត្ថិភាពសហគមន៍ពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ។

៥). ពង្រឹងលក្ខន្តិកៈសម្រាប់ការផ្តល់សេវាអ៊ីនធឺណិត។

៦). បង្កើនការផ្សព្វផ្សាយ និងការយល់ដឹងត្រឹមត្រូវអំពីបញ្ហាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ។

ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ មានសារៈសំខាន់ក្នុងការបន្តអនុវត្តគោលនយោបាយរបស់រាជដ្ឋាភិបាលសំដៅ ៖

-ការពារសិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ រួមទាំងការពារផលប្រយោជន៍របស់ជនរងគ្រោះ សហគមន៍ និងសង្គម។

-បង្កើននូវការអប់រំ ទប់ស្កាត់ និងកាត់បន្ថយនូវភាពអសកម្ម ឆ្លើយតបទៅនឹងវិធានការនានា ដែល រាជរដ្ឋាភិបាល រួមជាមួយគ្រួសារ សហគមន៍ ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាលនានា ក្នុងការអភិវឌ្ឍអនីតិជនឲ្យក្លាយជាពលរដ្ឋល្អ និងជាអ្នកបន្តវេនរបស់ប្រទេសជាតិ។

-បង្កើនកិច្ចសហការរវាងក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការនីតិប្រតិបត្តិ និងតុលាការ ក្នុងការដោះស្រាយបញ្ហាអនីតិជនឲ្យស្របទៅនឹងបទដ្ឋានអន្តរជាតិស្តីពីសិទ្ធិកុមារ។

-បំពេញកាតព្វកិច្ចជាប្រទេសសមាជិកនៃអនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ និងបង្កើនកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជាជាមួយស្ថាប័នអន្តរជាតិផ្សេងៗ ក្នុងការការពារសិទ្ធិកុមារ ។

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានបន្ថែមទៀតថា ៖ «ពិធីប្រកាសជាផ្លូវការនាពេលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញ លើកកម្ពស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសតួអង្គ យុត្តិធម៌ព្រហ្មទណ្ឌ អ្នកអនុវត្តន៍ច្បាប់ និងអង្គការដៃគូពាក់ព័ន្ធ ទទួលយកផែនការសកម្មភាពមកអនុវត្ត ដោយផ្សារភ្ជាប់និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងស្ថាប័នសាម៉ី» ៕

website_news/2021190701.txt · Last modified: 2021/07/19 09:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki