website_news:2021190703

កម្ពុជាពុំធ្លាប់ជាប់ឈ្មោះក្នុងបញ្ជីប្រទេសអនុវត្តការកាត់ប្រដាប់ភេទស្ត្រី

https://www.rasmeinews.com/ 16 July, 2021

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ បានបញ្ជាក់ថា ជារដ្ឋភាគីនៃអនុសញ្ញាស្ដីពី “ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងស្ត្រីភេទ” (CEDAW) កម្ពុជាប្ដេជ្ញាលុបបំបាត់ការរើសអើងប្រឆាំងស្ត្រី និងក្មេងស្រី តាមរយៈការដាក់ចេញនូវក្របខ័ណ្ឌគាំពារសង្គមជាច្រើន ក៏ដូចជាការផ្ដល់ជូនសេវាសុខភាពផ្លូវភេទ និងបន្តពូជនៅតាមកន្លែងជាច្រើន ដល់ស្ត្រី។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងកិច្ចសន្ទនាអន្តរកម្មរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សសម័យប្រជុំលើកទី៤៧ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ទៀតថា កម្ពុជាពុំធ្លាប់ជាប់ឈ្មោះក្នុងបញ្ជីប្រទេសអនុវត្តការកាត់ប្រដាប់ភេទស្ត្រី(Female Genital Mutilation)នោះទេ។ ការលើកកម្ពស់សមភាពយេនឌ័រក្នុងប្រទេសក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) កម្ពុជាផ្ដល់សារៈសំខាន់យ៉ាងខ្លាំងដល់ការលុបបំបាត់រាល់អំពើហិង្សាលើស្ត្រីនិងកុមារី រួមទាំងការរំលោភសេពសន្ថវៈ។ ក្របខ័ណ្ឌច្បាប់និងគោលនយោបាយជាច្រើនដែលផ្ដោតលើអភិក្រមគាំទ្រជនរងគ្រោះ រួមមានការបណ្ដុះបណ្ដាលមន្ត្រីអនុវត្តច្បាប់និងមន្ត្រីមូលដ្ឋាន ក៏ដូចជាជំនួយផ្នែកច្បាប់នានា ត្រូវបានដាក់ចេញ និងផ្តល់ជូន ក្នុងគោលដៅការពារនិងឆ្លើយតបឱ្យមានប្រសិទ្ធភាពចំពោះ បទឧក្រិដ្ឋនេះ។

ប្រភពដដែលបានបន្តថា ក្នុងនាមជារដ្ឋភាគីនៃពិធីសារ Palermo ឆ្នាំ ២០០៧ កម្ពុជាបន្តប្រកាន់យកនូវវិធីសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីលុបបំបាត់ការជួញដូរមនុស្ស ដោយបញ្ចូលស្មារតីនិងគោលការណ៍នៃពិធីសារនេះ ទៅក្នុងវិសោធនកម្មច្បាប់ជាតិ ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ៕ សរន

website_news/2021190703.txt · Last modified: 2021/07/19 09:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki