website_news:2021190801

លោកនាយករដ្ឋមន្ត្រីនឹងថ្លែងសុន្ទរកថា បើកកម្មវិធីអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស

https://www.postkhmer.com/ មុំ គន្ធា | Publication date 18 August 2021 | 10:51 ICT

ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងថ្លែងសុន្ទរកថា បើកកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្សឆ្នាំ ២០២១ នៅថ្ងៃទី ២០ ខែសីហាខាងមុខនេះ ខណៈដែលគ្រប់វត្តអារាម និងព្រះវិហារ នៃគ្រប់សាសនាទាំងអស់ក្នុងប្រទេសកម្ពុជា ត្រូវបន្លឺសំឡេងស្គរជួងកងរំពងនៅរសៀលថ្ងៃដដែលនោះដែរ ដើម្បីបួងសួងឱ្យប្រជាជនកម្ពុជាក៏ដូចជាប្រជាជនលើពិភពលោកទទួលបានសេចក្តីសុខ ចៀសផុតពីការរំលោភបំពាន និងអំពើជួញដូរមនុស្សដែលជាទាសភាពសម័យទំនើប។

លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាបានឱ្យដឹងនៅថ្ងៃទី ១៧ ខែសីហាថា ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ ២០១៧ មក គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ.) តែងបានសហការជាមួយក្រសួងធម្មការ និងសាសនា មេដឹកនាំសាសនាធំៗក្នុងប្រទេសកម្ពុជា រៀបចំកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្សក្នុងគោលបំណងបួងសួងឱ្យប្រជាជនកម្ពុជាក៏ដូចជាប្រជាជនលើពិភពលោកទទួលបានសេចក្តីសុខចៀសផុតពីការរំលោភបំពាន និងអំពើជួញដូរមនុស្ស។ លោកបានថ្លែងថា៖ «កម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្សឆ្នាំ ២០២១ នេះសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនឹងអានសុន្ទរកថាបើកកម្មវិធីក្រោមប្រធានបទសូមពិភពលោករួចផុតពីជំងឺរាតត្បាតជំងឺកូវីដ ១៩ និងអំពើជួញដូរមនុស្ស និងមានការបន្លឺសំឡេងស្គរជួងកងរំពងនៅវេលាម៉ោង ៦:០០ នាទីល្ងាច ថ្ងៃទី ២០ ខែសីហានោះផងដែរ»។ ទន្ទឹមនឹងនេះដែរ ដើម្បីឱ្យកម្មវិធីនេះបានជ្រួតជ្រាបដល់គ្រប់ស្រទាប់មហាជនទាំងក្នុងប្រទេស និងក្រៅប្រទេស ក្រសួងធម្មការ និងសាសនាក៏បានធ្វើការណែនាំទៅដល់គ្រប់វត្តអារាម និងព្រះវិហារនៃគ្រប់សាសនាត្រូវបន្លឺសំឡេងស្គរជួងកងរំពងនាថ្ងៃនោះផងដែរដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាពិសេសប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ៣កុំ ៣ការពារ។

យោងតាមរបាយការណ៍ ដែលបានបង្ហាញនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីចុងខែកក្កដា កន្លងមកបានឱ្យដឹងថា ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២១ គឺចាប់ពីខែមករា ដល់ខែមិថុនា អាជ្ញាធរបានបង្ក្រាបបទល្មើសជួញដូរមនុស្សកើនឡើងជាង ១០០ ករណី បើប្រៀបធៀបនឹង ៦ ខែ ក្នុងឆ្នាំ ២០២០ ដែលបង្ក្រាបបានមានតែ ៦៣ ករណី។ លោក ស ខេង បានលើកឡើងថា ក្នុងប្រតិបត្តិការបង្ក្រាបការជួញដូរមនុស្សរយៈពេល ៦ ខែមកនេះ អាជ្ញាធរបានបង្ក្រាប និងទប់ស្កាត់ករណីជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ចំនួន១៩៨ ករណី ដោយឃាត់ខ្លួនជនល្មើសចំនួន២៩១ នាក់ និងបានរំដោះជនរងគ្រោះចំនួន៧២១ នាក់។ លោកថា៖ «តួលេខ ៦ ខែ ឆ្នាំនេះ គឺកើនឡើងជាងពាក់កណ្តាល បើប្រៀបធៀបតួលេខ ៦ ខែឆ្នាំមុន គឺមានត្រឹមតែ ៦៣ ករណី ឃាត់ខ្លួន ២៩១ នាក់ និងសង្គ្រោះជនរងគ្រោះចំនួន ៧២១ នាក់»។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការឈានដល់មានសកម្មភាពជួញដូរមនុស្សនេះ គឺកើតឡើងតាមរយៈអាពាហ៍ពិពាហ៍មិនស្របច្បាប់ទៅក្រៅប្រទេស ការធ្វើចំណាកស្រុកខុសច្បាប់ និងការប្រើឧបាយកលទុច្ចរិតអូសទាញ ឃោសនា ក្រោមរូបភាពផ្សេងទៀតរបស់ជនល្មើស។

នៅព្រឹកថ្ងៃទី ១៧ ខែសីហាដដែលនោះដែរ ក្រសួងសុខាភិបាលបានរៀបចំនូវសិក្ខាសាលាតម្រង់ទិសមួយស្តីពីការពង្រឹងការចូលរួមសហគមន៍ក្នុងការទប់ស្កាត់ការចម្លងកូវីដ ១៩ នៅខេត្តចំនួន ៩ ដែលមានរយៈពេល ២ ថ្ងៃគឺថ្ងៃទី ១៧ និង ១៨ ខែសីហានេះ។ ខេត្តចំនួន ៩ នោះរួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ ស្វាយរៀង តាកែវ កំពត និងកែប។

លោកស្រី ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់ សុខភាពនៃក្រសួងសុខាភិបាល បានថ្លែងនៅក្នុងពិធីនេះថា ការចូលរួមរបស់សហគមន៍គឺជាការបង្កើត និងពង្រឹងទំនាក់ទំនងដែលជំរុញឱ្យសហគមន៍ និងស្ថាប័នពាក់ព័ន្ធធ្វើការជាមួយគ្នាក្នុងការដោះស្រាយបញ្ហាសុខភាព។ លោកស្រីបានថ្លែងថា៖ «នៅក្នុងបរិបទមានការរីករាលដាលនៃជំងឺឆ្លង និងបញ្ហាសុខភាពបន្ទាន់ផ្សេងៗ សហគមន៍គឺជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយហានិភ័យ និងការបាត់បង់នានា»។ លោកស្រី ឈា ឆដាភា បានបន្ថែមថា យន្តការសហគមន៍បានដើរតួនាទីសំខាន់ ប៉ុន្តែបណ្តាញសហគមន៍នៅមានការជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដូចជា បុគ្គល និងគ្រួសារមិនទាន់មានការយល់ដឹងត្រឹមត្រូវ និងចូលរួមពេញលេញក្នុងការផ្លាស់ប្តូរឥរិយាបថ ដើម្បីរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី និងការប្រឈមផ្សេងៗទៀត។

លោកស្រី លី អៃឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាក៏បានលើកឡើងនូវការងារអាទិភាព ៣ ចំណុចសម្រាប់ជំរុញការចូលរួមរបស់សហគមន៍ក្នុងនោះមាន ទី ១ ការពង្រឹងភាពជាដៃគូដែលមានស្រាប់ និងបង្កើតភាពជាដៃគូថ្មី ដើម្បីឈានទៅដល់ក៏ដូចជាចូលរួមជាមួយនឹងបណ្តាញសហគមន៍កាន់តែទូលំទូលាយ ដើម្បីបង្កើនទំនុកចិត្តរបស់តំណាងសហគមន៍ សហគមន៍ និងប្រជាពលរដ្ឋងាយរងគ្រោះ។ លោកស្រីបានបន្តថា ចំណុចទី ២ គឺការពង្រឹងរចនាសម្ព័ន្ធអភិបាលកិច្ចសហគមន៍ ដែលមានស្រាប់ ដើម្បីប្រើប្រាស់យន្តការប្រកបដោយភាពច្នៃប្រឌិត ដែលមានស្រាប់ និងកសាងសមត្ថភាពភាគីពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជំរុញការចូលរួមផ្តល់អំណាច និងគាំទ្រសហគមន៍នៅក្នុងការងារឆ្លើយតបនឹងជំងឺកូវីដ ១៩ នៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ លោកស្រីដែលជាតំណាង អង្គការសុខភាពពិភពលោករូបនេះបានថ្លែងថា៖ «ចំណុចទី ៣ គឺការបង្កើនតួនាទីដ៏សំខាន់របស់បុគ្គលិកថែទាំសហគមន៍នៅក្នុងការងារ ជំរុញការចូលរួមរបស់សហគមន៍ ដូចជានៅក្នុងការងារតាមដានជំងឺ និងការប្រមូលទិន្នន័យ ការត្រៀមខ្លួន និងការងារឆ្លើយតបនឹងជំងឺកូវីដ ១៩ ដូចជាការធ្វើចត្តាឡីស័កជាដើម ដោយប្រើប្រាស់វិធីសាស្ត្រផ្អែកលើការចូលរួមរបស់សហគមន៍»៕

website_news/2021190801.txt · Last modified: 2021/08/19 19:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki