website_news:2021190803

៣ថ្ងៃមានពលករខ្មែរវិលមកពីថៃ តាមច្រកខេត្តបាត់ដំបងជិត៩០០នាក់ វិជ្ជមានកូវីដជាង៧០នាក់

https://news.btv.com.kh/ 08/16/2021 11:08 AM

បាត់ដំបង ៖ ក្នុងរយៈពេល៣ថ្ងៃបន្ទាប់ពីបើកដំណើរការច្រកព្រំដែនឡើងវិញ មានពលករខ្មែរត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកព្រំដែនខេត្តបាត់ដំបង ចំនួន៨៨១នាក់ ក្នុងនោះ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ចំនួន៧១នាក់។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែ សីហា ពលករខ្មែរចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារតំបន់ព្រំដែនសួនស៊ុ (អូរអន្លក់) ស្រុកកំរៀង និង អូរព្រំដែនកោះតូច ស្រុកសំពៅលូន មានចំនួន៣៩៨នាក់ បានធ្វើតេសរហ័ស រកឃើញឆ្លងជំងឺ កូវីដ១៩ចំនួន២៩នាក់។ ចំណែកនៅថ្ងៃទី១៤ ខែ សីហា មានពលករចូលមកតាមច្រកទ្វារតំបន់ព្រំដែនសួនស៊ុ (អូរអន្លក់) សរុបចំនួន៣៨៥នាក់ ធ្វើតេស្តរហ័ស រកឃើញមានវិជ្ជមានកូវីដ១៩ ចំនួន៣២នាក់។ សម្រាប់ថ្ងៃទី១៥ ខែ សីហា មានពលករចូលមកតាមច្រកទ្វារតំបន់ព្រំដែនសួនស៊ុ(អូរអន្លក់) ចំនួន៩៨នាក់ បានធ្វើតេស្តរហ័សរកឃើញវិជ្ជមានកូវីដ១៩ ចំនួន១០នាក់។ នៅព្រឹកថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមយុទ្ធនាការអប់រំផ្សព្វផ្សាយក្រោមប្រធានបទ“រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩”។

យុទ្ធនាការអប់រំផ្សព្វផ្សាយនេះ ធ្វើឡើងនៅក្នុងក្រុងបាត់ដំបងដោយមានការចុះបិទផ្លាកណែនាំនៅតាមដើមឈើ និងចងបដាអប់រំតាមទីកន្លែងសាធារណៈផ្សេងៗ ដើម្បីជំរុញឲ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ឲ្យបានគ្រប់ៗគ្នា។ សម្រាប់ខេត្តបាត់ដំបង រហូតមកពេលនេះមិនទាន់មានករណីឆ្លងជំងឺកូវីដ១៩ប្រភេទDelta ចូលក្នុងសហគមន៍ឡើយដោយសារតែអាជ្ញាធរខេត្តគ្រប់គ្រងបានយ៉ាងល្អនូវលំហូរពលករខ្មែរមកពីប្រទេសថៃ តាមរយៈការពង្រឹងកងកម្លាំងមានសមត្ថកិច្ចឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនមិនឲ្យមានពលករ ឬ ប្រជាពលរដ្ឋលួចចេញចូលឆ្លងដែនបានឡើយ។ រដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី១៥ ខែ សីហា ឆ្នាំ ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៩៥នាក់ថ្មី ករណីជាសះស្បើយ១៦៦នាក់ និងស្លាប់ម្នាក់ ។ រហូតមកដល់ពេលនេះ ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤ ៦៨៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៣ ២៨៧នាក់ កំពុងសម្រាកព្យាបាល ១ ៣៤០នាក់ និងស្លាប់៦០នាក់៕អត្ថបទ៖ នឿត សុភ័ក្ត្រ

website_news/2021190803.txt · Last modified: 2021/08/19 19:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki