website_news:2021190805

ពលករខ្មែរច្រើនពាន់នាក់សម្រុកមកស្រុកវិញ ក្រោយបើកព្រំដែនកម្ពុជា-ថៃ

https://www.postkhmer.com/ ឡាយ សាមាន | Publication date 17 August 2021 | 09:30 ICT

ភ្នំពេញៈ ពលករខ្មែរប្រមាណជាង ៣ ពាន់នាក់ បានវិលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជា តាមច្រកនានាតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ នៅពេលដែលរាជរដ្ឋាភិបាលបានប្រកាសបើកព្រំដែនឡើងវិញ កាលពីចុងសប្ដាហ៍មុន ក្រោយពីបិទបណ្ដោះអាសន្នក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩។ ពលករមកពីថៃទាំងនោះចូលមកតាមខេត្តកោះកុង បាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ ដែលមានពលករចូលមកច្រើនជាងខេត្តដទៃ។

ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ លោក សេក សុខុម ប្រាប់ភ្នំពេញប៉ុស្តិ៍ថា គិតត្រឹមរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៣ និង ១៤ ខែសីហា មានពលករចូលតាមខេត្តបន្ទាយមានជ័យ ជិត ២ ពាន់នាក់ ក្នុងនោះរកឃើញអ្នកមានវិជ្ជមានកូវីដ ១៩ ចំនួន ៧០ នាក់។ លោកថ្លែងថា អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី បានត្រៀមទទួលពលករដែលត្រឡប់មកពីថៃ ដោយបានរៀបចំនួនមណ្ឌលចត្តាឡីស័កប្រមាណ ២០ កន្លែងដែលមានអគារធំទូលាយអាចទទួលបាន។ លោកថ្លែងថា៖ «ចំនួនពលករដែលចូលមក ប្រសិនណាមកក្នុង ១ ថ្ងៃត្រឹម ២០០ ទៅ ៤០០ នាក់ សម្រាប់ខេត្តយើងអាចទ្រសភាពការណ៍បាន ប៉ុន្តែបើក្នុង ១ ថ្ងៃលើសពី ១ ពាន់នាក់យើងអាចជួបការលំបាកខ្លះ»។ «យើងបារម្ភបំផុត គាត់មកមិនមែនមកធម្មតាទេ គឺមកទាំងមេរោគបំប្លែងថ្មីដែលតា អ៊ីចឹងជាបន្ទុកធ្ងន់ធ្ងរសម្រាប់មន្ត្រីសុខាភិបាល និងកងកម្លាំងជួរមុខ គឺថាយើងអត់មានពេលសម្រាកទេ គឺនៅចាំសម្របសម្រួលពួកគាត់ធ្វើតេស្តរហ័ស យកមកធ្វើចត្តាឡីស័ក និងរៀបចំបាយទឹកជូនពួកគាត់»។

ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ លោក លាត ទិត្យដ្ឋាន បានថ្លែងថា សម្រាប់ខេត្តនេះមានពលករចូលមកតាមច្រកថ្មដា ចំនួន ២៤ នាក់ ខណៈពលករទាំងនោះអវិជ្ជមានកូវីដ-១៩ទាំងអស់ តាមរយៈការធ្វើតេស្តរហ័ស ប៉ុន្តែពួកគេក៏ត្រូវ តម្រូវឱ្យធ្វើចត្តាឡីស័កចំនួន ២១ ថ្ងៃ។ លោកថា៖ «ពេលខ្លះជំងឺនេះសម្ងំក្នុងខ្លួនបានយូរ អ៊ីចឹងហើយបានជាយើងធ្វើចត្តាឡីស័ក ២១ ថ្ងៃ ដើម្បីទប់ស្កាត់ ដែលតា ព្រោះអីនៅថៃមានច្រើន»។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងនេះ ថ្លែងកាលពីថ្ងៃទី ១៣ ខែសីហានេះថា ពលករ ៤០០ នាក់នៅច្រកទ្វារតំបន់ព្រំដែនកម្ពុជា-ថៃ សួនស៊ុំ ឬអូរអន្លក់ នៃស្រុកកំរៀង និងច្រករបៀង តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៃស្រុកសំពៅលូន ដែលជាប់គាំងនៅក្នុងប្រទេសថៃក្នុងអំឡុងពេលដែលប្រទេសកម្ពុជាមានវិធានការបិទខ្ទប់ខេត្តជាប់ព្រំដែនរយៈពេល ១៤ ថ្ងៃ ដើម្បីធ្វើការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលក្នុងសហគមន៍នៃវីរុសកូវីដ ១៩ បំប្លែងថ្មីប្រភេទដែលតា ដែលបានបញ្ចប់នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១។ ពលករដែលជាប់គាំងនោះ ដែលបានវិលត្រឡប់មកវិញមានចំនួន ៣៩៩ នាក់ ដោយមកពី ២ ច្រកផ្សេងគ្នា ក្នុងនោះមកពីច្រកទ្វារតំបន់ព្រំដែន សួនស៊ុំ ឬអូរអន្លក់ ចំនួន ២៨៧ នាក់ និង ១ ច្រកទៀតមកពីតំបន់ច្រករបៀង ដែលនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងស្រុកសំពៅលូន ចំនួន ១១២ នាក់ ហើយសម្រាប់ពលករទាំងអស់ដែលអនុញ្ញាតចូលមកស្រុកកំណើតវិញ ត្រូវបានរៀបចំចុះឈ្មោះ និងយកសំណាកតេស្ដរហ័ស»។ លោក ងួន រតនៈ បន្តថា ក្នុងករណីពលកររកឃើញវិជ្ជមានកូវីដ ១៩ ក្រុមការងារនឹងរៀបចំដាក់គាត់ព្យាបាលនៅតាមមណ្ឌលព្យាបាលព្រំដែន ដែលអាជ្ញាធរបានរៀបចំ។ ចំណែកអ្នកលទ្ធផលអវិជ្ជមាន នឹងដឹកជញ្ជូនពួកគាត់ធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក នៅតាមបណ្ដោយព្រំដែន ចំនួន ១៤ ថ្ងៃទៀត មុននឹងធ្វើការដឹកជញ្ជូនពួកគាត់ទៅបណ្ដាស្រុក ឬខេត្តកំណើតរៀងៗខ្លួន។

កញ្ញា ជី ថារី អាយុ ២៨ ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅខេត្តបន្ទាយមានជ័យ បន្ទាប់ពីតេស្តរកឃើញវិជ្ជមានកូវីដ ១៩ បានថ្លែងថា មូលហេតុដែលសម្រេចត្រឡប់មកកម្ពុជាវិញដោយសារបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈនៅប្រទេសថៃ កំពុងមានបាតុកម្ម រួមនឹងការឆ្លងរាលដាលនៃជំងឺកូវីដកាន់តែកើនឡើងពី ១ ថ្ងៃទៅ ១ ថ្ងៃ។ កញ្ញាថា៖ «ខ្ញុំអត់មានគម្រោងត្រឡប់ទៅថៃវិញទេ ព្រោះផលកម្រៃមិនសូវច្រើន ពេលខ្លះថៅកែអត់បើកលុយឱ្យទៀត ណាមួយខ្ញុំព្រួយបារម្ភដែរ នៅថៃឆ្លងកូវីដច្រើន ជាពិសេសនៅក្រុងថេប (បាងកក) និយាយទៅជួបការលំបាកច្រើន»។ «ខ្ញុំធ្វើការនៅថៃបានជាង ១ ឆ្នាំហើយ ផ្នែកដាំដំណាំ ដកដំឡូង ដាំម្នាស់ នៅខេត្តឈុនបូរី ក្នុង ១ ថ្ងៃរកបានប្រហែល ៥០០ ទៅ ៦០០ បាត តែថ្លៃបន្ទប់ ការហូបចុក គេអត់យកលុយទេ»។ កញ្ញា ថារី ដែលមានស្រុកកំណើតនៅខេត្តសៀមរាបបានត្រឡប់ចូលមកទឹកដីកម្ពុជាវិញកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងនៅឯខេត្តបន្ទាយមានជ័យ។

លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (Central) បានថ្លែងថា បញ្ហាចម្បងដែលជំរុញឱ្យពលករខ្មែរ សម្រុកមកស្រុកកំណើតវិញយ៉ាងគំហុកនេះ គឺដោយសារនៅប្រទេសថៃ មានការឆ្លងរាលដាលជំងឺឆ្លងកូវីដនៅក្នុងប្រទេសកាន់តែខ្លាំង មូលហេតុនេះហើយនាំឱ្យរដ្ឋាភិបាលថៃបានសម្រេចបិទការដ្ឋានសំណង់ផ្សេងៗក្នុងក្រុង និងជាយក្រុង និងបិទទីតាំងមួយចំនួនធ្វើឱ្យប៉ះពាល់ដល់ពលករខ្មែរដែលកំពុងបម្រើការងារក្នុងវិស័យនេះ។ ធ្វើឱ្យពលករបរទេសជាពិសេសពលករខ្មែរ ដែលភាគច្រើនធ្វើក្នុងវិស័យកសិកម្ម និងសំណង់ រងផលប៉ះពាល់ច្រើន គាត់បាត់បង់ចំណូល ខ្វះអាហារ។ លោកថា៖ «ខ្ញុំគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបើកច្រកព្រំដែនឡើងវិញ ដើម្បីទទួលពលករខ្មែរដែលកំពុងមានបញ្ហាប្រឈមនៅថៃ។ រដ្ឋាភិបាលយើងបានរៀបចំកន្លែងមណ្ឌលព្យាបាល មណ្ឌលចត្តាឡីស័ក គឺជាមធ្យោបាយល្អ និងបានពង្រីកទីតាំងច្រើនសម្រាប់ដោះស្រាយបញ្ហានេះ»៕

website_news/2021190805.txt · Last modified: 2021/08/19 19:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki