website_news:2021190806

មេខ្យល់នាំមនុស្សឆ្លងដែនប៉ុនប៉ងចូលទៅប្រទេសថៃ ដោយខុសច្បាប់ចំនួន០៣នាក់ ត្រូវបានឃាត់ខ្លួនអនុវត្តតាមច្បាប់

http://cambodiapolice.com/policekh/ 9:42 am 18 សីហា 2021

បាត់ដំបង ៖ កាលពីព្រឹកព្រលឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង០៧និង៥៨នាទី នៅចំណុចភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង ដឹកនាំកម្លាំងសហការណ៍ជាមួយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៩ ដែលមានលោកវរសេនីយ៍ឯក ម៉ង់ ស៊ី ជាមេបញ្ជាការ បង្ក្រាបករណីនាំយកចេញដោយមិនស្របច្បាប់សម្រាប់ នាំឆ្លងដែន ១ករណីក្នុងបទល្មើសជាក់ស្ដែង។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ រថយន្តប្រភេទដឹកជញ្ជូនម៉ាកសាំយ៉ុង ចំនួន០២គ្រឿង ដោយមានប្រជាពលរដ្ឋ ដែលសន្និដ្ឋានថា ជាពលករនិងកូនចៅរបស់គាត់ជាជនរងគ្រោះក្នុងអំពើនាំចេញនេះចំនួន៤៤នាក់ ស្រីចំនួន១០នាក់ អនីតិជនចំនួន១២នាក់ ស្រី០១នាក់ ហើយពួកគាត់ទាំងអស់ជាអ្នករស់នៅឯខេត្តកំពង់ចាម។ មេខ្យល់ទាំង០៣នាក់នោះមាន ១.ឈ្មោះ ហេង ច័ន្ទដារា ភេទប្រុស អាយុ៣៦ ឆ្នាំរស់នៅភូមិត្របែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ជាអ្នកដឹកជញ្ជូន។ ២.ឈ្មោះ ឆេន រ័ត្នវ័ន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិពពិត ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ជាអ្នកដឹកជញ្ជូន និង ៣.ឈ្មោះ សេង ឈុន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយខេត្តកំពង់ចាម ជាអ្នកដើរប្រមូលមនុស្ស។ ករណីនេះ មេខ្យល់ទាំង០៣នាក់ និងរថយន្តផងសមត្ថកិច្ចនគរបាលស្រុកស្រុកកំរៀង កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តតាមច្បាប់ រីឯប្រជាពលរដ្ឋរងគ្រោះបានអប់រំណែនាំឱ្យវិលទៅលំនៅដ្ឋានវិញ៕

website_news/2021190806.txt · Last modified: 2021/08/19 19:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki