website_news:2021190808

សមត្ថកិច្ចខណ្ឌសែនសុខ រំដោះជនជាតិខ្មែរ និងបរទេស ១២នាក់ សង្ស័យត្រូវមេខ្យល់នាំយកមកបង្ខាំងទុកក្នុងផ្ទះល្វែង

https://www.gntimes.com/news/ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១

ភ្នំពេញ៖ ជនជាតិខ្មែរ និងបរទេសសរុប ១២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ចុះទៅរំដោះចេញពីផ្ទះល្វែងមួយកន្លែង ដោយសង្ស័យថា ត្រូវបានមេខ្យល់នាំយកមកបង្ខាំងទុក ។ ប្រតិបត្តិការនេះ សមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោងប្រមាណជាង ៩ ព្រឹក ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០២១ នៅចំណុច ផ្ទះល្វែងសង់ថ្មី តាមផ្លូវបេតុង ក្នុងភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីមានពាក្យបណ្តឹងពីនារីជាជនជាតិថៃម្នាក់ ក្នុងចំណោមអ្នកត្រូវគេបង្ខាំងទុកទាំងអស់ ។ ជនរងគ្រោះ ដែលត្រូវសមត្ថកិច្ចនាំយកទៅសាកសួររួមមានជនជាតិថៃ ៦នាក់, ជនជាតិចិន ៣នាក់ ,និងជនជាតិខ្មែរ ៣នាក់ សរុបទាំងអស់ ១២នាក់ ក្នុងនោះប្រុស ៨នាក់ ស្រី ៤នាក់ ។

តាមសមត្ថកិច្ចបង្ហើមឲ្យដឹងថា ការចុះមកនាំខ្លួនជនបរទេសនេះ បន្ទាប់ពីមានពាក្យបណ្តឹងឲ្យជួយអន្តរាគមន៍ ដោយអះអាងថា ពួកគេត្រូវបានមេខ្យល់នាំខ្លួនមកពីច្រកជ្រៃធំព្រំដែនវៀតណាម ចូលមកប្រទេស កម្ពុជា ដើម្បីរកការងារធ្វើ និងបានបង្ខាំងទុកក្នុងផ្ទះខាងលើនេះ ។ តាមព័ត៌មានឲ្យដឹងថា នៅវេលារសៀល ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២១ មានស្រ្តីម្នាក់ជាជនជាតិថៃ ចេះនិយាយភាសាខ្មែរខ្លះៗ បានទាក់ទងមកអ្នកសារព័ត៌មានឲ្យជួយប្តឹងសមត្ថកិច្ចមកអន្តរាគមន៍ ។ បន្ទាប់ពី ទទួលបានពាក្យបណ្តឹង នៅព្រឹកថ្ងៃទី ១៨ ខែ សីហា នេះ សមត្ថកិច្ច ក៏បានចុះទៅធ្វើរដ្ឋបាល ត្រួតពិនិត្យផ្ទះខាងលើ ហើយរកឃើញជនជាតិខ្មែរ និងបរទេស ដែលស្នាក់នៅប្រមូលម្តុំក្នុងផ្ទះសរុប ១២នាក់ ហើយបាននាំខ្លួនមកសាកសួរតែម្តង ។ គេពុំដឹងថា ជនបរទេសទាំងនោះ ត្រូវបានគេនាំយកមកបង្ខាំងទុក ឬយ៉ាងណានោះទេ? ។

ស្រ្តីជាជនជាតិថៃម្នាក់ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ខ្លួនត្រូវបានមេខ្យល់នាំមករកការងារធ្វើ នៅក្នុងប្រទសកម្ពុជាតាមច្រកជ្រៃធំ និងបានបង្ខាំងទុកនៅក្នុងផ្ទះខាងលើ ប្រមាណជាង ១០ថ្ងៃ មកហើយ ។ បច្ចុប្បន្ន ជនជាតិខ្មែរ និងបរទេសទាំង ១២នាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីសាកសួរ និងកំណត់ឲ្យបានច្បាស់ថា អ្នកណាជាមេខ្យល់ដែលនាំយកមកបង្ខាំងទុក ហើយអ្នកណា ជាជនរងគ្រោះពិតប្រាកដ ៕ ដោយ ជល់ ធា

website_news/2021190808.txt · Last modified: 2021/08/19 19:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki